បណ្តាញសង្គម

អនាគត វ៉ែនតាឆ្លាតវៃ អាចដើរតួជំនួសទូរស័ព្ទ! នេះជា Smart Glasses ប្រើបច្ចេកវិទ្យា AI ទំនើបខ្លាំង

នៅក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល និង វិវឌ្ឍន៍ទៅកាន់ AI ឆាប់ៗ ឧបករណ៍ទំនើបៗត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ ដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់មនុស្សឱ្យកាន់តែងាយស្រួលជាងមុន។

តួយ៉ាងនៅពេលថ្មីៗនេះ មានក្រុមហ៊ុនមួយ បានបង្កើ់តវ៉ែនតាវៃឆ្លាត ដោយមានភ្ជាប់មកជាមួយនូវបច្ចេកវិទ្យា AI ដើម្បីជួយឱ្យវ៉ែនតានេះកាន់តែមានមុខងារសម្បូរបែបនិងទំនើប។

វ៉ែនតា AI នេះ មានឈ្មោះថា Frame ហើយវាត្រូវបានបង្កើតឡើងដោយ Brilliant Labs ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា Start-Up មួយ។ វ៉ែនតា Smart Glasses នេះ មានមុខងារសំខាន់ៗដូចជា ការប្រើ AI ដើម្បីបកប្រែភាសា មុខងារ ស្វែករកនៅលើគេហទំព័រ និង មុខងារវិភាគបែប Visual នៅនឹងភ្នែកតែម្តង។ តាមការបង្ហាញនៅក្នុងវីដេអូបង្ហោះដោយ Brilliant Labs បានបង្ហាញឱ្យឃើញថា យើងអាចប្រើសំឡេងដើម្បីបញ្ជាវ៉ែនតាឱ្យធ្វើការ ពណ៌នាវត្ថុ ឫ ទីតាំងមួយដែលយើងកំពុងសម្លឹងមើល និង ស្វែករកព័ត៌មាននៅលើអ៊ិនធឺណែត និងកាន់តែពិសេសជាងនេះទៀតនោះ គឺមុខងារមួយដែលអាច ដឹងពីគ្រឿងផ្សំ នៅក្នុងអាហារដែលយើងកំពុងរៀបនឹងហូបថែមទៀតផង។ រាល់ព៍ត៌មានទាំងនោះ នឹងបង្ហាញចេញនៅនឹងមុខយើងតែម្តង។

ចំពោះតម្លៃរបស់វ៉ែនតាវៃឆ្លាត Smart Glasses AI នេះ វាត្រូវបានដាក់លក់នៅក្នុងតម្លៃ ៣៤៩ដុល្លារអាមេរិក ហើយប្រសិនបើត្រូវការទិញ Lens បន្ថែមទៀតនោះ តម្លៃរបស់វាកើនដល់ ៤៤៨ដុល្លារ។ វាមាន ៣ពណ៌ គឺពណ៌ខ្មៅ ពណ៌ ប្រផេះ និង ពណ៌ស៕

ដកស្រង់ពី៖Sabay