បណ្តាញសង្គម

ថតភាពយន្តលើកដំបូង ម៉ូដែលកូនកាត់ខ្មែរ-បារាំង មាលា ស្ត្រេសផង សប្បាយចិត្តផង!

«ប្រវត្តិស្នេហ៍នាងនាថ» ជាស្នាដៃភាពយន្តដំបូងបង្អស់ដែលតារាម៉ូដែលកូនកាត់ខ្មែរ-បារាំង មាលា (Melia Constantin) ចូលរួមសម្តែង ដោយនាងក្តោបបានតំណែងតួឯកស្រីក្នុងរឿងស៊េរីបែកចែកជា ៣ វគ្គធំៗរួមមាន៖ វគ្គ១. យុវវ័យក្រោយសម័យអង្គរ , វគ្គ២. ជើងមេឃពណ៌ស្វាយ និងវគ្គ៣. ខ្មោចចញ្ចឹមកូនមនុស្ស។

ឱ្យដឹងក្នុងថ្ងៃក្រុងពាលីភាពយន្តខ្នាតធំនេះ មាលា ថា នេះជាភាពយន្តដំបូងបង្អស់ដែលនាងសម្រេចចិត្តចូលរួមសម្តែង។ វារៀងស្ត្រេសបន្តិច តែនាងសប្បាយចិត្តចំពោះបទពិសោធន៍ថ្មីដែលទទួលបាននៅពេលនេះ។ ម៉ូដែលកូនកាត់ខ្មែរ-បារាំង រូបនេះបន្តថា ដំបូងនាងមានអារម្មណ៍ខ្លាច មិនហ៊ានទទួលថតរឿងនេះឡើយ តែក្រោយពីសាកល្បងចេញថតបានមួយថ្ងៃ នាងដឹងថា នាងមិនសោកស្តាយដែលទទួលថតភាពយន្តនេះឡើយ។

«ពីរថ្ងៃដំបូងវារៀងពិបាក ប៉ុន្តែវាក៏សប្បាយខ្លាំងណាស់ដែរ។ ខ្ញុំរៀនសូត្របានច្រើន ពីតារាសម្តែងជាច្រើនរូប ហើយវាពិតជាពេលវេលាល្អណាស់សម្រាប់ខ្ញុំ»។ សោភារូបស្រស់នេះសង្ឃឹមថា ការថតភាពយន្តនេះនឹងដំណើរការទៅបានរលូនល្អ ហើយនាងមិនចាំបាច់រំពឹងអ្វីច្រើនទេ ព្រោះនាងមើលឃើញថា ក្រុមការងាររបស់ LD Entertainment មានវិជ្ជាជីវៈណាស់ ហើយគ្រប់យ៉ាងពិតជាស្រស់ស្អាត ដូច្នេះនាងមានតែអរគុណទៅកាន់តែក្រុមការងារ និងគ្រប់គ្នាដែលតែងតែស្រលាញ់គាំទ្រនាងរហូតមក។

មាលាបានដាក់ចិត្តដាក់កាយសម្តែងរឿងនេះខ្លាំង ដោយតារាស្រីវ័យក្មេងរូបនេះ សង្ឃឹមថាមហាជននឹងពេញចិត្ដនូវស្នាដៃដំបូងនេះ។ គួររំឮកផងដែរថា កញ្ញា Melia Constantin ជាកូនកាត់ខ្មែរ-បារាំង ដោយម្តាយជាជនជាតិខ្មែរ និងឪពុកជាជនជាតិបារាំង។ បច្ចុប្បន្ន មាលា មានអាជីពជាតារាម៉ូដែល និងជា Influencer ល្បីឈ្មោះម្នាក់ក្នុងរង្វង់សិល្បៈកម្ពុជា ដោយនាងក្តោបបានការងារថតប្រម៉ូតផ្សព្វផ្សាយ និងស្បតពាណិជ្ជកម្មឱ្យប្រេនធំៗជាច្រើន រួមទាំងប្រេនលំដាប់អន្តរជាតិផងដែរ។ ក្រៅពីការងារសិល្បៈ តារាស្រីកូនកាត់រូបនេះក៏មានប្រេន Cosmetic ផ្ទាល់ខ្លួន ដែលទទួលបានការគាំទ្រពីមហាជនទៀតផង៕

ដកស្រង់ពី៖Saabay