បណ្តាញសង្គម

Mark Zuckerberg អះអាងថា Vision Pro របស់ Apple គ្មានអ្វីអស្ចារ្យជាងវ៉ែនតា របស់លោកឡើយ

នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg បាននិយាយនាពេលថ្មីៗនេះថា វ៉ែនតា VR ដែលផលិតដោយក្រុមហ៊ុនលោក គឺល្អជាងវ៉ែនតា Vision Pro របស់ Apple។ នៅក្នុងគណនី Instagram ផ្លូវការរបស់ខ្លួន CEO ក្រុមហ៊ុន Meta លោក Mark Zuckerberg បាននិយាយចំៗថា វ៉ែនតា VR របស់ខ្លួន Meta Quest 3 មានភាពល្អប្រសើរជាង បើធៀបទៅនឹងវ៉ែនតា Vision Pro របស់ក្រុមហ៊ុន Apple។

លោកថ្លែងបែបនេះ នៅពេលដែលមានមតិខ្លះបានយល់ឃើញថា Apple កំពុងផលិតឧបករណ៍បច្ចេកវិទ្យាដើម្បីផ្លាស់ប្តូរពិភពលោក ដូចដែលក្រុមហ៊ុននេះធ្លាប់ធ្វើក្នុងការបង្កើត iPhone។ ប៉ុន្តែចំពោះមេ Facebook រូបនេះ គឺមិនយល់ដូច្នោះឡើយ។

ចំពោះហេតុផលមួយ Mark Zuckerberg បានថ្លែងបញ្ជាក់ថា វ៉ែនតា Quest 3 គឺមានទម្ងន់ស្រាលជាង Vision Pro រហូតដល់ទៅ ១២០ក្រាម ដែលធ្វើឱ្យអ្នកប្រើប្រាស់ អាចពាក់វាបានយូរ។ គួរឱ្យដឹងថា Vision Pro របស់ Apple ត្រូវបានដាក់លក់នៅក្នុងតម្លៃរហូតដល់ទៅ ៣៤៩៩ដុល្លារអាមេរិក បូករួមទាំងគ្រឿង accessories ដែលដាក់លក់នៅខាងក្រៅទៀត ធ្វើឱ្យ វ៉ែនតា របស់ Apple មួយនេះ អាចមានតម្លៃរហូតដល់ទៅជាង ៤០០០ដុល្លារឯណោះ៕

ដកស្រង់ពី៖Sabay