បណ្តាញសង្គម

តុលាការរុស្ស៊ីបង្គាប់ឱ្យចាប់ខ្លួនអ្នកនាំពាក្យ Meta ពីបទល្មើសភេរវកម្ម

(បរទេស)៖ នៅថ្ងៃចន្ទសប្តាហ៍នេះ តុលាការស្រុក Basmany នៃទីក្រុងមូស្គូបានបញ្ជាឱ្យចាប់ខ្លួនអ្នកនាំពាក្យក្រុមហ៊ុន Meta Platform លោក Andy Stone ពីបទចោទប្រកាន់ពាក់ព័ន្ធនឹងបទលើ្មសភេរវកម្ម និងញុះញង់ឱ្យមានសកម្មភាពជ្រុលនិយម។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។ តុលាការបានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា Stone ត្រូវបានចោទប្រកាន់ក្រោមផ្នែកផ្សេងៗនៃក្រមព្រហ្មទណ្ឌនៃសហព័ន្ធរុស្ស៊ី ហើយឧក្រិដ្ឋកម្មដែលត្រូវបានចោទប្រកាន់រួមមានការផ្សព្វផ្សាយសកម្មភាពភេរវករ ការអំពាវនាវជាសាធារណៈដើម្បីធ្វើសកម្មភាពភេរវករ យុត្តិកម្មសាធារណៈនៃអំពើភេរវកម្ម ឬការឃោសនារបស់ អំពើភេរវកម្ម និងការអំពាវនាវជាសាធារណៈ ដើម្បីធ្វើសកម្មភាពជ្រុលនិយម។

ដីកាបញ្ជាឱ្យចាប់ខ្លួននេះ ត្រូវបានចេញដោយកំបាំងមុខ ហើយការចាប់ខ្លួនលោក Stone នឹងត្រូវឃុំខ្លួនរយៈពេលពីរខែ រង់ចាំការកាត់ក្តីលើករណីជាច្រើនទាក់ទងនឹងអំពើភេវកម្ម។ ក្នុងនោះតុលាការក៏បានបញ្ជាក់ផងដែរថា Stone ត្រូវបានដាក់ចូលក្នុងបញ្ជីស្រាវជ្រាវពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មទាំងក្នុងស្រុក និងអន្តរជាតិផងដែរ។ យ៉ាងណាមិញជុំវិញរឿងរ៉ាវនេះ នៅក្នុងខែមីនា ឆ្នាំ២០២២កន្លងទៅ គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីបាននិយាយថា ខ្លួនបានបើកការស៊ើបអង្កេតឧក្រិដ្ឋកម្មទៅលើ «សកម្មភាពខុសច្បាប់របស់បុគ្គលិក Meta»។

នៅក្នុងសេចក្តីប្រកាសនោះ បានអះអាងថា Stone បាន «លុបចោលការហាមឃាត់ការអំពាវនាវឱ្យមានអំពើហិង្សាលើយោធារុស្ស៊ីនៅលើវេទិការបស់ខ្លួន» ដោយដាក់ស្លាកថា «វាជាទម្រង់នៃការបញ្ចេញមតិនយោបាយ» ខណៈការធ្វើបែបនេះផ្ទុយនឹងក្រមព្រហ្មទណ្ឌ និងជាការអំពាវនាវជាសាធារណៈសម្រាប់សកម្មភាពជ្រុលនិយម និងជំនួយក្នុងសកម្មភាពភេរវកម្ម។ គួរជម្រាបដែរថា ទាំង Stone និង Meta មិនបានធ្វើអត្ថាធិប្បាយលើសេចក្តីប្រកាសនេះទេ ប៉ុន្តែភាពតានតឹងរវាងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស និងសហព័ន្ធរុស្ស៊ីបានកើនឡើងចាប់តាំងពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងឆ្នាំ២០២២ ម្លេះ។

ដោយឡែកក្នុងខែមីនាឆ្នាំនោះ តុលាការរុស្ស៊ីបានកាត់ក្តីថា Meta មានទោសពីសកម្មភាពជ្រុលនិយម និង វាត្រូវបានហាមឃាត់នៅក្នុងប្រទេស ដែលមានន័យថា វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Facebook និង Instagram ត្រូវបានហាមឃាត់ និងមិនអាចចូលប្រើបានសម្រាប់ប្រជាជនរុស្សីនោះទេ។ នៅក្នុងខែតុលានៃឆ្នាំដដែលនោះ សេវាសម្រាប់ការត្រួតពិនិត្យហិរញ្ញវត្ថុបានបន្ថែមមេតាទៅក្នុងបញ្ជីអង្គការភេរវករ និងជ្រុលនិយមរបស់ខ្លួនតែម្តង៕

ដកស្រង់ពី៖Fresh New