បណ្តាញសង្គម

BYD គ្រោងសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីថ្មីមួយនៅម៉ិកស៊ិក ដើម្បីងាយស្រួលពង្រីកទីផ្សារនៅអាមេរិក

(បរទេស)៖ របាយការណ៍ពី Nikkie Asia បានឱ្យដឹងថាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD Co Ltd គ្រោងសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី (EV) នៅក្នុងប្រទេសម៉ិកស៊ិក ខណៈដែលក្រុមហ៊ុនចិនដ៏ធំនេះមានគោលបំណងបង្កើតមជ្ឈមណ្ឌលនាំចេញទៅកាន់ទីផ្សាសហរដ្ឋអាមេរិក។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។ BYD ត្រូវបានគេស្គាល់ជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំរបស់ប្រទេសចិន និងជារថយន្តអគ្គិសនីមានតម្លៃសមរម្យ ហើយបច្ចុប្បន្នកំពុងឆក់យកបេះដូងអ្នកប្រើប្រាស់ស្ទើរតែជុំវិញពិភពលោក។ ដោយឡែកតាមរយៈការលក់នាពេលថ្មីៗនេះ BYD បានវ៉ាដាច់គូប្រជែងដ៏ធំបំផុតរបស់ខ្លួនគឺ Tesla Inc របស់អាមេរិក នឹងត្រូវបានគេរំពឹងថា កំពុងស្ថិតនៅទីតាំងត្រៀមខ្លួនក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) កំពូលរបស់ពិភពលោកផ្អែកលើចំនួនលក់។

ប្រភពពី Nikkie Asia ដដែលបានឱ្យដឹងបន្ថែមទៀតថា ឥឡូវនេះ BYD បានចាប់ផ្តើមការសិក្សាអំពីលទ្ធភាពសម្រាប់រោងចក្រ ហើយបច្ចុប្បន្នកំពុងចរចាជាមួយមន្ត្រីម៉ិកស៊ិកលើលក្ខណៈសាងសង់ រួមទាំងទីតាំងរបស់រោងចក្រផងដែរ។ ខណៈតម្លៃវិនិយោគនឹងជំនួយអ្វីខ្លះនៅមិនទាន់មានការបង្ហើបឱ្យដឹងនៅឡើយនោះទេ។ ក្រុមហ៊ុនផលិតរថយន្តធំៗរបស់សហរដ្ឋអាមេរិកបានព្រមានថា ក្រុមហ៊ុនផលិតរថយន្តចិនអាចនឹងបង្កវិនាសសម្រាប់អនាគតរបស់ពួកគេ ក្នុងចំណោមក្រុមហ៊ុនទាំងនោះសូម្បីតែ Tesla ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីលំដាប់ខ្នាតយក្សរបស់អាមេរិកដែលស្ថិតក្រោមការដឹកនាំរបស់កំពូលមហាសេដ្ឋីលោក Elon Musk ក៏ប្រឈមមុខផងដែរ។ យ៉ាងណាមិញទាក់ទិននឹងករណីនេះ កាលពីខែមុន នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk ក៏បានធ្វើការព្យាករណ៍ផងដែរដោយលើកឡើងថា ក្រុមហ៊ុនផលិតរថយន្តរបស់ចិននឹង «កម្ទេច» គូប្រជែងពិភពលោកដោយគ្មានរបាំងពាណិជ្ជកម្ម។

របាំងពាណិជ្ជកម្ម ដែល Elon Musk និយាយនៅពេលនោះ គឺទំនងជាសំដៅដល់ការរឹតបន្តឹងផ្លូវច្បាប់លើការនាំចេញរថយន្តអគ្គីសនីចិន ទៅតាមបណ្តាប្រទេសនានា ជាក់ស្តែង គណៈកម្មការអឺរ៉ុប ដែលជាស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុប បច្ចុប្បន្នកំពុងស៊ើបអង្កេត លើក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសចិន។

ការ ស៊ើបអង្កេត នេះ បាន ចាប់ ផ្តើម កាលពី ឆ្នាំ មុន ហើយ មិន ទាន់ ត្រូវ បាន គេ សន្និដ្ឋាន ថាយ៉ាងណាឲ្យពិតឡើយ ។ ប៉ុន្តែមានឱកាស ដែលសហភាពអឺរ៉ុបអាចពិចារណាការដំឡើងពន្ធខ្ពស់លើរថយន្តអគ្គីសនីរបស់ចិន ស្របពេលដែលផលិតផលរបស់ចិនកំពុងពង្រីកខ្លួនយ៉ាងខ្លាំងក្លាទៅកាន់ទីផ្សារអឺរ៉ុប។ គួរជម្រាបដែរថា BYD ក៏គ្រោងនឹងបង្កើនសមត្ថភាពផលិតរថយន្តអគ្គិសនីនៅអាមេរិកឡាទីនផងដែរ ដោយតាមរយៈការសាងសង់រោងចក្រដែលមានតម្លៃប្រមាណ ៦២០លានដុល្លារឯណោះ លើបរិវេណឧស្សាហកម្មថ្មីនៅភាគឦសានប្រទេសប្រេស៊ីល៕

ដកស្រង់ពី៖Fresh New