បណ្តាញសង្គម

ថាមិនត្រូវ! Samsung អាចនឹងបញ្ចេញ​ស្មាតហ្វូន 6G ក្រោយ​ចូលរួម​ក្នុងគម្រោង NextG

នៅចាំបានទេ Samsung បានបញ្ចេញស្មាតហ្វូន 5G លើកដំបូងក្នុងឆ្នាំ២០១៩ ហើយចុះពេលណាទើបក្រុមហ៊ុនយក្សកូរ៉េនេះ បញ្ចេញស្មាតហ្វូន 6G? ប្រហែលរង់ចាំមិនយូរទៀតទេ ព្រោះពេលនេះ Samsung Research America បានចូលរួមក្នុងគម្រោង NextG Initiative Corporate Affiliates Program ដែលផ្តួចផ្តើមឡើងដោយសាកលវិទ្យាល័យ Princeton។

ក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Samsung Research America នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសាកលវិទ្យាល័យ Princeton ដើម្បីធ្វើជាស្ពានតភ្ជាប់រវាងការស្រាវជ្រាវនៅក្នុងសាលា ទៅកាន់ការអនុវត្តក្នុងពិភពជាក់ស្តែង។ ក្រុមហ៊ុនផ្សេងៗទៀតដែលបានចូលរួមក្នុងគម្រោងនេះ រួមមាន Ericsson, Intel, MediaTek, Nokia Bell Labs, Qualcomm Technologies និង Vodafone។

គួរដឹងថា គម្រោង NextG នេះ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០២៣ ដើម្បីជំរុញបច្ចេកវិទ្យាថ្មីៗ ក្នុងនោះរួមមានទាំង Cloud, Edge Network, Intelligent Sensing និង Network Resilience។ ការស្រាវជ្រាវលើគម្រោងនេះ នឹងជួយឱ្យសម្រេចបាននូវបណ្តាញឥតខ្សែនាពេលអនាគត តាមរយៈកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ និងក្រុមហ៊ុនឧស្សាហកម្មបច្ចេកវិទ្យាធំៗ។

លោក Charlie Zhang អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន Samsung Research America បាននិយាយថា ឧស្សាហកម្មឥតខ្សែនេះ បានផ្តល់ផលប្រយោជន៍យ៉ាងសំខាន់ពីការស្រាវជ្រាវមូលដ្ឋាន ក្នុងប៉ុន្មានទសវត្សរ៍មុន។ «យើងលើកទឹកចិត្តឱ្យអ្នកស្រាវជ្រាវរបស់ Princeton បន្តនូវស្វែងរកគំនិតច្នៃប្រឌិត និងអភិវឌ្ឍបច្ចេកវិទ្យាដែលអាចនាំយកព្រឹត្តិការណ៍ដ៏ធំក្នុងបច្ចេកវិទ្យា 6G»៕

ដកស្រង់ពី៖Sabay