បណ្តាញសង្គម

ឌី ឧស្សហ៍ អល់អែករឿងចូលប្រកួតបវរកញ្ញា ដោយបង្ហាញ​បញ្ហាប្រឈមមួយចំនួន

មកទល់ពេលនេះ តារាម៉ូដែលរាងខ្ពស់ស្រឡះ កញ្ញា ឌី ឧស្សហ៏ នៅតែរារែកលើរឿងប្រកួតបវរកញ្ញានៅឡើយ ដោយនាងនៅលិបលរៗចាំមើលពេលវេលាស័ក្កសមសម្រាប់ការប្រកួតប្រជែង។

ប្រាប់ឱ្យដឹងថ្មីៗនេះ ឧស្សហ៏ ថា នាងនៅតែមានចិត្តស្រលាញ់ ហើយប៉ងចង់ចូលរួមប្រកួតប្រជែងកម្មវិធីបវរកញ្ញា គ្រាន់តែពេលនេះនៅមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតនោះឡើយ។ឧស្សហ៏ ថា នាងចង់ទុកគម្លាត ២-៣ឆ្នាំទៀតទើបដាក់ពាក្យចូលរួមប្រកួត ពោលគឺនៅចន្លោះឆ្នាំ ២០២៥-២០២៦។ ការទុកគម្លាតយូរបែបនេះ គឺដើម្បីយកពេលវេលាមកពង្រឹងសមត្ថភាពឱ្យល្អសិន ព្រោះនាងដឹងពីចំនុចខ្វះខាតរបស់ខ្លួនឯង ដូចជា ចំណេះដឹងទូទៅ និងការប្រើប្រាស់ភាសាអង់គ្លេស ជាដើម។

តែបើការដើរម៉ូដវិញ នាងជឿជាក់ថា ខ្លួនឯងអាចធ្វើបានល្អ ព្រោះសព្វថ្ងៃនាងជាគ្រូបង្រៀនដើរម៉ូដម្នាក់ នៅសាលា Queen Victoria Design & Catwalk របស់លោក អូលីវ៉ា គង់។ ក្រៅពីការបង្ហាត់បង្រៀនសិស្ស តារាម៉ូដែលរាងស្រឡូននេះ ក៏ទទួលធ្វើការងារសិល្បៈផ្សេងៗផងដែរ ពិសេសកម្មវិធីដើរបង្ហាញម៉ូដ ដោយសារតែវាត្រូវជំនាញរបស់នាងស្រាប់។

ដោយឡែក ការចូលប្រកួតបវរកញ្ញាគឺរឿងថ្មីមួយទៀតសម្រាប់នាង ហើយក៏ជាការ challange ដ៏ធំមួយ ដែលទាមទារឱ្យនាងយកចិត្តទុកដាក់ខ្ពស់ លើចំណេះដឹងទូទៅ រូបរាងកាយ និងអាកប្បកិរិយា ផងដែរ។ ម៉ូដែលរូបស្រស់នេះសង្ឃឹមថា ពុកម៉ែបងប្អូន និងហ្វេនៗទាំងអស់នឹងនៅតែស្រលាញ់ហើយគាំទ្រនាងពេលនាងចូលរួមប្រកួតបវរកញ្ញានៅឆ្នាំណាមួយ។ គួររំឮកផងដែរថា កញ្ញា ឌី ឧស្សហ៏ ធ្លាប់បានដាក់ពាក្យចូលរួមប្រកួតប្រជែងកម្មវិធីបវរកញ្ញាម្តងរួចហើយ គឺកម្មវិធី Miss Grand Cambodia 2023 ដោយនាងជាបេក្ខភាពដំបូងគេបង្អស់ដែលស្ថិតក្នុងវគ្គជម្រុះជុំទីមួយនៃកម្មវិធី Miss Grand Cambodia 2023។

ប៉ុន្តែគួរឱ្យសោកស្តាយ មិនយូរប៉ុន្មានម៉ូដែលជើងខ្លាំងរូបនេះបានប្រកាសដកពាក្យប្រកួតវិញ ក្រោមហេតុផលថា នាងមានធុរៈចាំបាច់មិនអាចចូលរួមប្រកួតបាន ធ្វើឱ្យហ្វេនៗស្រងាកចិត្តជាខ្លាំង ព្រោះពួកគេរំពឹងថា នឹងបេក្ខភាពខ្លាំងៗច្រើនមកចូលរួមប្រកួតប្រជែង។ ការដកពាក្យពីការប្រកួតនេះមិនត្រឹមតែធ្វើឱ្យហ្វេនសោកស្តាយ តែវាក៏ធ្វើឱ្យ ឌី ឧស្សហ៏ បាត់បង់ឱកាសប្រកួតបវរកញ្ញាលើកដំបូង និងបទពិសោធន៍ថ្មីៗផងដែរ៕

ដកស្រង់ពី៖Sabay