បណ្តាញសង្គម

រង់ចាំ៣ឆ្នាំ សារី សុវត្តី នៅតែបរាជ័យ បានត្រឹមផ្តាំផ្ញើរសិស្សប្អូនទៅក្រុមការងារអន្តរជាតិ

ជារឿងដ៏គួរឱ្យសោកស្តាយខ្លាំងមែនទែនសម្រាប់អ្នកស្នេហាវិស័យបវរកញ្ញា ពិសេសអ្នកគាំទ្រ កញ្ញា សារី សុវត្តី Miss World Cambodia 2021 ព្រោះទីបំផុតបវរកញ្ញារូបស្រស់នេះ នៅតែបរាជ័យសម្រាប់ការតំណាងកម្ពុជាលើឆាកអន្តរជាតិ Miss World បន្ទាប់ពីនាងត្រាំត្រែងរង់ចាំឱកាសនេះអស់រយៈពេលប្រមាណ ៣ ឆ្នាំ។

វត្តី បានបង្ហោះសារដោយក្តីអាឡោះអាល័យលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការថា «My last mission I went through a lot, but I chose to celebrate the lessons, friendships and good moments. Good luck to the new MWC Teng Sreypich and all MW queens»។

បន្ថែមពីលើនោះ រូបភាព ១ សន្លឹកដែលនាងបង្ហោះឡើង បង្ហាញឱ្យឃើញភាពសោកសៅដែលនាងខកខានឱកាសតំណាងជាតិកម្ពុជាលើឆាកអន្តរជាតិ តែទន្ទឹមគ្នានោះនាងក៏បានធ្វើការណែនាំ កញ្ញា តេង ស្រីពេជ្រ ម្ចាស់មកុដ Miss World Cambodia 2022 ដែលត្រូវជាសិស្សប្អូនរបស់នាងទៅកាន់ក្រុមការងារអន្តរជាតិផងដែរ។ នេះជាការឆ្លុះបញ្ចាំងពីចំណងមិត្តភាព សាមគ្គីភាព រវាងបវរកញ្ញាទាំងពីរ ទោះបីជា វត្តី មិនមានឱកាសចេញទៅប្រកួតអន្តរជាតិក៏ដោយ។

សូមជម្រាបថា កញ្ញា តេង ស្រីពេជ្រ Miss World Cambodia 2022 ត្រូវបានស្ថាប័នរៀបចំការប្រកួតថ្នាក់ជាតិ ជ្រើសរើសជាបវរកញ្ញាតំណាងប្រទេសកម្ពុជាទៅចូលរួមប្រកួតអន្តរជាតិ Miss World 2024 នៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី១៨ កុម្ភៈ ដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤។ បណ្តាហ្វេនៗ និងអ្នកនិយមគាំទ្រវិស័យបវរកញ្ញាជាច្រើនបាននាំគ្នាជូនពរបវរកញ្ញាកម្ពុជារូបនេះឱ្យទទួលបានជោគជ័យក្នុងការប្រកួតអន្តរជាតិ សូម្បី កញ្ញា សារី សុវត្តី ក៏បានជូនពរសិស្សប្អូនឱ្យទទួលជោគជ័យផងដែរ៕

ដកស្រង់ពី៖ Sabay