បណ្តាញសង្គម

មហោស្រពភាពយន្តអឺរ៉ុបលើកទី១៥នៅកម្ពុជា (EUFF 2024) នាំយកខ្សែភាពយន្តអឺរ៉ុបមកកាន់កម្ពុជាម្តងទៀត

ប្រតិភូសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា កំពុងនាំយកនូវមហោស្រពភាពយន្តអឺរ៉ុប (EUFF 2024) ត្រឡប់មកកាន់ទីក្រុងភ្នំពេញម្តងទៀតហើយ ដោយបង្ហាញនូវខ្សែភាពយន្ត និងវប្បធម៌ដ៏អស្ចារ្យ ដែលនឹងផ្តល់នូវការកំសាន្ត និងភាពរីករាយដល់ទស្សនិកជនគ្រប់វ័យ។

មហោស្រពភាពយន្តលើកទី ១៥ ដោយបានចាប់ផ្តើមតាំងពីឆ្នាំ ២០០៣មក ការប្រារព្ធនៅឆ្នាំនេះនឹងមានការផ្លាស់ប្តូរវប្បធម៌ ដែលមានការចូលរួមពី ២៣ ប្រទេសទូទាំងទ្វីបអឺរ៉ុប នឹងបង្ហាញអំពីប្រពៃណីនៃការនិទានរឿងតាមគំនិតបែបមើលឃើញរបស់ពួកគេ។ រយៈពេលដប់ថ្ងៃ ចាប់ពីថ្ងៃទី ២៣ ខែកុម្ភៈ ដល់ថ្ងៃទី ៣ ខែមីនា ទស្សនិកជននឹងបានទស្សនានូវភាពយន្តដោយឥតគិតថ្លៃ ចំនួន ២២ មកពីអឺរ៉ុប ដែលមានអក្សររត់ពីក្រោមជាភាសាអង់គ្លេស (ហើយរឿងមួយចំនួនក៏មានអក្សរខ្មែររត់ពីក្រោមផងដែរ)។ មហោស្រពភាពយន្តអឺរ៉ុបនឹងមានវត្តមានទូទាំងរាជធានីភ្នំពេញ ដែលជាបណ្តំនៃខ្សែភាពយន្ត និងវប្បធម៌។

ស្របពេលនៅការចាក់បញ្ចាំងនៅវិទ្យាស្ថានភាសាបារាំង ផ្ទះមេត្តា និងមជ្ឈមណ្ឌលបុប្ផាណា មហោស្រពភាពយន្តអឺរ៉ុបឆ្នាំ ២០២៤ នេះ កំពុងបន្ថែមទីតាំងចំនួន ២ បន្ថែមទៀត ដើម្បីសម្រួលដល់អ្នកទស្សនាក្នុងការជ្រើសរើសភាពយន្តដ៏គួរឱ្យចាប់អារម្មណ៌ និងចម្រុះបែបក្នុងឆ្នាំនេះ។ Coconut Park ដែលមានទីតាំងនៅតំបន់កោះពេជ្រ នឹងចាក់បញ្ជាំងខ្សែភាពយន្តជាច្រើននៅឆ្នាំនេះ ជាលក្ខណៈបើកចំហរនៅទីសាធារណៈ ដែលរួមមានភាពយន្តគំនូរជីវចល Even Mice Belong in Heaven។ នៅចុងសប្តាហ៍ទាំងពីរនៃកម្មវិធី Coconut Park ក៏នឹងរៀបចំនូវ “ផ្សាររាត្រី” ដែលអ្នកទស្សនាអាចរីករាយសណ្តាប់នូវតន្ត្រី និងពិសារអាហារផងដែរ។នៅឆ្នាំនេះ រោងភាពយន្តលីជេន នរោម៉ល ក៏ជាដៃគូចាក់បញ្ចាំងនៃមហោស្រពភាពយន្តអឺរ៉ុបឆ្នាំ២០២៤ (EUFF 2024) ផងដែរ ដែលនឹងផ្តល់នូវបទពិសោធន៍ភាពយន្ត ដូចជារឿងកំប្លែងដែលទទួលបានពានរង្វាន់ ដែលឆ្លុះបញ្ជាំងអំពីសហគមន៍ LGTBQ គឺរឿង Dating Amber [2020] និយាយជាភាសាអង់គ្លេស និងមានអក្សររត់ពីក្រោមជាភាសាខ្មែរ ហើយនិងរឿង Mitra [2021] ជាខ្សែភាពយន្តប្រភេទសងសឹកគ្នា។

ដើម្បីស្វែងយល់បន្ថែម និងតាមដានអំពីព័ត៌មាននៃការចាក់បញ្ចាំង សូមពិនិត្យមើល គេហទំព័រ EUFF ប្រចាំឆ្នាំ២០២៤ និង គេហទំព័រហ្វេសប៊ុកផ្លូវការ។ អ្នកទស្សនានឹងមានឱកាសចូលរួមជាមួយនឹងកម្មវិធីផ្សេងៗទៀត ដើម្បីទទួលបាននូវបទពិសោធន៍ថ្មីៗទាក់ទងនឹងការផលិតកុន។ ក្នុងអំឡុងសប្តាហ៍នោះ នឹងមានកម្មវិធីសំនួរចំលើយ ទៅកាន់អ្នកផលិតកុនបន្ទាប់ពីការទស្សនាខ្សែភាពយន្តរបស់ពួកគាត់ រួមមានលោក Arash T. Riahi ជាអ្នកផលិតកុនដែលឈ្នះពាន់រង្វាន់នៅទីក្រុង Chicago និងពីមហោស្រពភាពយន្តអន្តរជាតិ Trømso។ ជាមួយគ្នាផងដែរ យើងក៏នឹងមានរៀបចំវគ្គសិក្សាខ្លីស្តីពីវិធីសាស្ត្រក្នុងការនិពន្ធរឿង និងការប្រើប្រាស់កញ្ចប់ថវិកាតិច។ ក្នុងវគ្គសិក្សានេះ លោកអ្នកនឹងជួបជាមួយនឹងវាគ្មិនកិត្តយសរបស់យើង គឺលោក Alejandro de la Fuente ជាអ្នកនិពន្ធរឿងមកពីប្រទេសឈីលី និងជាអ្នកជំនាញសោតទស្សន៍ រួមទាំងវត្តមានរបស់លោក Valerio Caruso មកពី Cineuropa ជាអ្នកសម្របសម្រួល។ការចូលរួមក្នុងកម្មវិធីនេះពុំមានការយកប្រាក់ទេ ដូច្នេះសូមអ្នកចូលរួមទាំងអស់ មេត្តាកក់កន្លែងជាមុន ដោយសារចំនួនមានកំណត់។

ដើម្បីចុះឈ្មោះចូលរួមកម្មវិធីពិសេសទាំងនេះ សូមចូលទៅកាន់ គេហទំព័រហ្វេសប៊ុកផ្លូវការ របស់មហោស្រពភាពយន្តអឺរ៉ុបឆ្នាំ ២០២៤។ មហោស្រពភាពយន្តអឺរ៉ុបនឹងចាប់ផ្តើមនៅថ្ងៃទី២៣ ខែកុម្ភៈ នៅវិទ្យាស្ថានភាសាបារាំង អមជាមួយនឹងការជប់លៀងបើកសម្ពោធ ហើយនឹងការចាក់បញ្ចាំងខ្សែភាពយន្តបារាំង Tempête [2022]។ មហោស្រពភាពយន្តដែលចាប់ផ្តើមនៅសប្តាហ៍នេះ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣ ខែ មីនា នៅភោជនីយដ្ឋាន Chew & Bash Island Club និងការចាក់បញ្ចាំងភាពយន្ត Kratt នៅកណ្តាលសួន Coconut Park។

ដូច្នេះប្រសិនបើអ្នកកំពុងស្វែងរកភាពយន្តអឺរ៉ុបបែបកំប្លែង គំនូរជីវចល មនោសញ្ចេតនា និងរំភើប ដើម្បីកំសាន្តជាមួយមិត្តភក្តិ និងក្រុមគ្រួសារ សូមកុំខកខានស្នាដៃសិល្បៈ និងកម្មវិធីកំសាន្តផ្សេងៗ ដែលផ្តល់ជូនដោយមហោស្រពភាពយន្តអឺរ៉ុបប្រចាំឆ្នាំ ២០២៤៕

ដកស្រង់ពី៖Sabay