បណ្តាញសង្គម

ដើរៗឃើញតារា​តៃវ៉ាន់​ម្នាក់​ឈរលក់មាន់នៅផ្សារត្រី នាំគ្នាមើលលើមើលក្រោម ចុងក្រោយគាំងក្រោយដឹងពីចំណូលពិត

Kris Shen គឺជាតារាសម្តែងតៃវ៉ាន់ដែលមានវ័យ ៣២ ឆ្នាំ ហើយត្រូវបានគេស្គាល់ច្បាស់នៅក្នុងរឿង «Spider Lilies» កាលពីឆ្នាំ ២០០៧ និងរឿង «Memory Love» ចេញកាលពីឆ្នាំ ២០១៧។ ទោះបីជាមិនមែនជាតារាសម្តែងដ៏ល្បីល្បាញបំផុតនៅក្នុងពិភពសិល្បៈក្នុងស្រុកក៏ដោយ ក៏លោកនៅតែមានក្រុមអ្នកគាំទ្រដ៏ស្មោះស្ម័គ្រ ក្នុងនោះសូម្បីអ្នកតាមដាន Instagram របស់លោក ក៏មានចំនួនច្រើនដល់ទៅ ៣៨ ០០០នាក់ ដែរ។

ប៉ុន្តែអ្វីដែលបង្កជាការភ្ញាក់ផ្អើលដល់មនុស្សជាច្រើននោះ គឺនៅពេលរូបថតលោកលក់នៅផ្សារក្នុងតំបន់មួយកន្លែង ត្រូវបានចែកចាយ។ គេប្រទះឃើញតារាប្រុសរូបនេះ កំពុងរៀបចំតូបលក់មាន់ឆៅ ហើយកាត់វាជាដុំៗដាក់ប្រឡាក់។ រូបភាពទាំងនេះ ធ្វើឲ្យគ្រប់គ្នាស្រឡាំងកាំង ខណៈវាផ្ទុយស្រឡះពីភាពឥតខ្ចោះ និងស្អាតបាតរៀបរយដែលលោកមាន ក្នុងរឿងការងារសម្តែង។ ជាក់ស្ដែង កាលពីថ្ងៃទី ០៨ ខែមករា តារាសម្ដែងរូបនេះបានចូល Instagram ដើម្បីចែករំលែករឿងរ៉ាវពីក្រោយដែលគ្រប់គ្នាគួរតែដឹង។

Kris Shen បានបង្ហើបថា គាលោកបើកតូបជាមួយមិត្តស្រីឈ្មោះ Bella ដើម្បីរកប្រាក់បន្ថែម។ លោកក៏មានប្រភពចំណូលផ្សេងទៀតដូចជា ភោជនីយដ្ឋាន និងគ្លីនិកកែសម្ផស្សដែរ ប៉ុន្តែចំណូលចិត្តចំពោះអាជីវកម្មទីផ្សារសើមជោគនេះ ធ្វើឲ្យគ្រប់គ្នាគាំងក្រោយមិត្តភក្តិរបស់លោក បានប្រាប់ថាពួកគេរកបាន ៨០ ០០០ - ១២០ ០០០ដុល្លារតៃវ៉ាន់ (ខ្ទង់ ២ ៥៥០ – ៣ ៨០០០ ដុល្លារ) ពីតូបរបស់ពួកគេ។ Kris Shen លក់មាន់អស់រយៈពេលជាង ៣ ខែហើយ ដោយអាចរកបានប្រហែល ២០ ០០០ ដុល្លារតៃវ៉ាន់ (៦៤០ ដុល្លារ) ក្នុងមួយខែ។ លោកមិនខ្វល់ពីមាត់ភ្នែកមនុស្សម្នា ដែលគិតថាទំនងជាលោកកំពុងពិបាករឿងលុយកាក់នោះទេ ដោយសារពីមុនៗ លោកធ្លាប់ធ្វើការលំបាកជាងនេះទៅទៀត ដើម្បីចិញ្ចឹមជីវិត។ «ខ្ញុំមិនបានកើតមកមានទេ។ បើខ្ញុំកើតមក អ្នកមានមែន ក៏ខ្ញុំមិនចាំបាច់ត្រូវចូលសិល្បៈតាំងពីអាយុ ១០ ឆ្នាំដែរ»។

នេះជាអ្វីដែល Kris Shen បាននិយាយ។ ជាក់ស្ដែង គិតពីការងារសិល្បៈ ផ្នែកសម្ដែងវិញ Kris ទើបបានទទួលជោគជ័យ នាមជាតួសំខាន់ឈ្មោះ Li Yuan Zhi នៅក្នុងរឿង Rally for Love កាលពីឆ្នាំ ២០២២ កន្លងទៅប៉ុណ្ណោះ។បន្ថែមពីលើការងារសិល្បៈ បុរសម្នាក់នេះចង់យកពេលនៅសេសសល់រកចំណូលបន្ថែម ស្របពេលសេដ្ឋកិច្ចពិភពលោកមិនទាន់មានសភាពប្រសើរនៅឡើយ ដូច្នេះវាជារឿងត្រឹមត្រូវ គ្មានអ្វីទាស់ខុសបន្តិចឡើយ។ ផ្ទុយទៅវិញនេះ មិនថាការងារជាអ្នកលក់ដូរតាមផ្សារ ឬការងារប្រភេទណាក៏ដោយ ឲ្យតែមិនបានប៉ះពាល់អ្នកណា ឬកើតចេញពីញើសឈាម ទាំងនោះសុទ្ធតែជាការងារសុចរិត ថ្លៃថ្នូរនិងគួរឲ្យគោរពបំផុត៕







ដកស្រង់ពី៖Sabay