បណ្តាញសង្គម

Micron សម្រេចបានជោគជ័យផលិតបន្ទះឈីបទំហំតូចជាងគេបំផុត ខណៈឥឡូវនេះកំពុងចែកចាយទៅដៃគូផ្គត់ផ្គង់

(បរទេស)៖ ក្រុមហ៊ុនផលិត Memory Chip ឈានមុខគេរបស់អាមេរិក Micron នាពេលថ្មីៗនេះបានប្រកាចេញបន្ទះឈីបជំនាន់ចុងក្រោយម៉ូដែល UFS 4.0 តូចបំផុតដែលមានទំហំត្រឹមតែ ៩ គុណនឹង ១៣មីលីម៉ែត្រ (9 x 13 millimeters) នៅក្នុងព្រឹត្តិការណ៍ MWC 2024 ដែលបានធ្វើឡើងក្នុងសប្តាហ៏នេះ (គិតចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤)។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។ យោងតាមរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា បន្ទះឈីប UFS 4.0 នេះមានទំហំតូចជាមុនរហូតដល់ទៅ ២០ភាគរយឯណោះ បើប្រៀបធៀបទៅនឹងបន្ទះឈីបទំហំ ១១ គុណនឹង ១៣មីលីម៉ែត្រដែលបានដាក់ឱ្យដំណើរការកាលពីខែមិថុនា ឆ្នាំ២០២៣កន្លងទៅ។

មូលហេតុចម្បងដែលជម្រុញឱ្យក្រុមហ៊ុនផលិតបន្ទះឈីបយក្សអាមេរិក សម្រេចផលិតក្នុងទំហំដ៏តូចជាងគេនៅលើលោកបែបនេះគឺ ដោយសារតែទទួលបានការស្នើសុំពីក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន ជាពិសេស OEMs ដែលបានលើកឡើងថា ពួកគេចង់បានកន្លែងទំនេរកាន់តែច្រើនដើម្បីអាចដាក់ថ្មបានធំជាមុន នឹងផ្ទុកថាមពលបានយូរជាងមុន។

Micron បានឱ្យដឹងថា បន្ទះឈីបថ្មីនេះត្រូវបានផលិតឡើងជាពិសេស ដែលបង្កើតឡើងដោយបច្ចេកវិទ្យា 232-layer 3D NAND បើទោះបីជាវាមានទំហំតូចក៏ពិតមែន ប៉ុន្តែវានឹងនៅតែផ្តល់ជូននូវសមត្ថភាព (Capacity) រហួតដល់ទៅ ១តេហ្គាបៃ (1TB) នឹងដំណើរការបានល្អដូចមុន (excellent performance) ក្នុងល្បឿន 4000 MB/s sequential speed និង អានបាន 4300 MB/s sequential read។

មិនត្រឹមតែប៉ុណ្ណោះវាថែមអាចកាត់បន្ថយការប្រើប្រាស់ថាមពលអស់តិចជាងមុនបានថែមទៀតផង។ ដោយឡែកនៅមានមុខងារពិសេសមួយទៀតដែល Micron បានបំពាក់គឺ HPM (High-Performance Mode) ដែលវាមានសមត្ថភាពពិសេសអាចធ្វើឱ្យស្មាតហ្វូនមានល្បឿនលឿនជាងមុនរហូតដល់ ២៥ភាគរយរាល់ពេលដែល HPM ត្រូវបានបើក។ គួរជម្រាបដែរថា Micron ឥឡូវនេះកំពុងចាប់ផ្តើមដឹកជញ្ជូនគំរូ Memory Chip UFS 4.0 ទាំងបីប្រភេទទៅកាន់ដៃគូរផ្គត់ផ្គង់បណ្តើរៗហើយ ក្នុងនោះរួមមាន ២៥៦ជីហ្គាបៃ, ៥១២ជីហ្គាបៃ និងទំហំធំរហូតដល់ទៅ ១តេហ្គាបៃឯណោះ៕

ដកស្រង់ពី៖Fresh New