បណ្តាញសង្គម

Apple សម្រេចលុបចោលការងារនៅលើគម្រោងផលិត Apple Car ហើយប្តូរទៅចាប់ផ្តើម AI ជំនួសវិញ

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple ត្រូវបានគេរាយការណ៍មកថា បានសម្រេចលុបចោលការងារនៅលើគម្រោងផលិតរថយន្តអគ្គសនី Apple Car របស់ខ្លួន បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាងមួយទស្សវត្សរ៍។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។ រំលឹកទៅកាលពីខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ លោក Ming-Chi Kuo អ្នកវិភាគដ៏ល្បី បាននិយាយថា ក្រុមហ៊ុន Apple កំពុងធ្វើការងារលើគម្រោង Apple Car ហើយវានឹងបង្ហាញវត្តមានជាផ្លូវការនៅចន្លោះឆ្នាំ២០២៣-២០២៥ ដែលវាជាគម្រោងផលិតរថយន្តបើកបរដោយស្វ័យប្រវត្តិ។

ប៉ុន្តែនៅចុងខែកញ្ញា លោកបានបញ្ជាក់ជាថ្មីថា Apple បានពន្យារពេលក្នុងការផលិត Apple Car ទៅឆ្នាំក្រោយគឺ ២០២៤ ហើយបើនៅតែមានឧបសគ្គអាចឈានចូលឆ្នាំ២០២៥ ឯណោះ។ យ៉ាងណាមិញក្រោយមើលឃើញ សន្ទុះនៃការគាំទ្ររថយន្តអគ្គិសនីហាក់ធា្លក់ចុះខ្លាំងជាពិសេសរថយន្តអគ្គិសនីដែលមានតម្លៃថ្លៃនោះដូច Tesla នោះបានជម្រុញឱ្យ Apple ប្តូរគំនិតងាកទៅចាប់យកវិស័យបញ្ញាសិប្បនិម្មិត្ត (AI) ដែលជាវិស័យលេចធ្លោនៅទូទាំងប្រទេសជំនួសវិញ នេះបើតាមការឱ្យដឹងពីប្រភពផ្ទៃក្នុងរបស់ Apple ដែលបានប្រាប់ Reuters។

យោងតាមរបាយការណ៍ពីសារព័ត៌មាន Bloomberg បានអះអាងថា បុគ្គលិកជាច្រើននាក់ដែលធ្វើការនៅលើគម្រោង Apple Car នឹងត្រូវប្តូរទៅធ្វើការផ្នែកបញ្ញាសិប្បនិម្មិត្ត AI របស់ក្រុមហ៊ុន Apple ជំនួសវិញ។ មានន័យថា ក្នុងន័យលុបចោលការងារនៅ Apple Car នេះគឺគ្រាន់តែដកបុគ្គលិកមួយផ្នែកធំទៅធ្វើការនៅ AI ខណៈបុគ្គលិកមួយផ្នែកទៀតនៅតែធ្វើការលើគម្រោង Apple Car ដដែលគ្រាន់តែថា កាត់ចំនួនបុគ្គលិកប៉ុណ្ណោះ។ តែយ៉ាងណាជុំវិញដំណឹងលុបការងារនេះត្រូវបានប្រាប់ដោយផ្ទៃក្នុងរបស់ Apple ប៉ុណ្ណោះ ខណៈព័ត៌មានលម្អិត Apple នៅមិនទាន់មានការបង្ហាញឱ្យដឹងជាសាធារណៈនៅឡើយនោះទេ។

គួរជម្រាបដែរថា លោក Ben Bajarin នាយកប្រតិបត្តិនៃក្រុមហ៊ុនប្រឹក្សាយោបល់ Creative Strategies បាននិយាយថា «ប្រសិនបើវាជាការពិត Apple នឹងផ្តោតកាន់តែខ្លាំងលើ GenAI ហើយវាគួរតែផ្តល់ឱ្យអ្នកវិនិយោគនូវសុទិដ្ឋិនិយមបន្ថែមទៀតអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន និងសមត្ថភាពក្នុងការប្រកួតប្រជែងនៅកម្រិតវេទិកាលើ AI»៕

ដកស្រង់ពី៖Fresh New