បណ្តាញសង្គម

Sony ប្រកាសបញ្ឈប់បុគ្គលិកចំនួន ៩០០នាក់ពីឧស្សាហកម្មហ្គេម PlayStation

(បរទេស)៖ ក្រុមហ៊ុន Sony បានប្រកាសនៅថ្ងៃអង្គារសប្តាហ៍នេះថា ខ្លួននឹងបញ្ឈប់បុគ្គលិកចំនួន ៩០០នាក់ដែលធ្វើការនៅក្នុងឧស្សាហកម្មហ្គេម PlayStation ដែលស្មើនឹង ៨ភាគរយនៃចំនួនបុគ្គលិកសរុប។

ក្នុងពេលដំណាលគ្នានេះ Sony បញ្ជាក់ថា ខ្លួននឹងក៏នឹងបិទ London Studio នៅក្នុងចក្រភពអង់គ្លេសផងដែរ។ នេះបើតាមការចេញផ្សាយដោយ TechCrunch នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។

ប្រធានជាន់ខ្ពស់ឧស្សាហកម្មហ្គេម PlayStation លោក Jim Ryan បាននិយាយនៅក្នុងកំណត់ត្រាមួយទៅកាន់និយោជិតថា «បន្ទាប់ពីការពិចារណាយ៉ាងយកចិត្តទុកដាក់ និងការពិភាក្សាអំពីភាពជាអ្នកដឹកនាំជាច្រើនក្នុងរយៈពេលច្រើនខែមកនេះ យើងសម្រេចថា នឹងត្រូវតែកាត់បន្ថយបុគ្គលិកក្នុងអង្គភាពមួយចំនួន នឹងផ្នែកខ្លះទៀតដើម្បីទប់ទល់ចំណាយ ក៏ដូចជាអាចឱ្យអាជីវកម្មយើងអាចឈរជើងទៅមុខបន្ត»។ នៅក្នុងការប្រកាសដាច់ដោយឡែកមួយ ប្រធាន PlayStation មួយរូបទៀតគឺលោក Hermen Hulst បាននិយាយថាផ្នែកហ្គេម Insomniac, Naughty Dog, Guerrilla និង Firesprite របស់ក្រុមហ៊ុនក៏នឹងរងផលប៉ះពាល់ផងដែរ ខណៈផែនការបញ្ឈប់ការងារនេះនឹងប៉ះពាល់ដល់បុគ្គលិកនៅទូទាំងអាមេរិក ជប៉ុន និងតំបន់ EMEA និង APAC ជាដើម។

ការប្រកាសបញ្ឈប់បុគ្គលិកប្រមាណ ៨ភាគរយនេះ កើតឡើងបន្ទាប់ពីក្រុមហ៊ុន Sony កាត់បន្ថយការព្យាករណ៍ការលក់របស់ខ្លួនសម្រាប់ PlayStation 5 បន្ទាប់ពីការព្រមានអំពីការថយចុះតម្រូវការ។ Sony បាននិយាយថា ខ្លួនរំពឹងថានឹងលក់កុងសូលហ្គេមបានត្រឹមតែចំនួន ២១លានគ្រឿងប៉ុណ្ណោះពេញមួយឆ្នាំ២០២៤នេះ ពោលគឺធ្លាក់ចុះពីការព្យាករណ៍ពីមុនដែលមានរហូតដល់ទៅ ២៥លានគ្រឿងឯណោះ។ គិតមកដល់ពេលនេះភាគហ៊ុនរបស់ក្រុមហ៊ុន Sony បានបន្តធ្លាក់ចុះបន្ទាប់ពីចេញផ្សាយព័ត៌មាននេះ។

គួររំលឹកដែរថា Sony មិនមែនជាក្រុមហ៊ុនតែមួយគត់ក្នុងអាជីវកម្មហ្គេមដែលប្រកាសពីការកាត់បន្ថយការងារថ្មីៗនេះទេ។ កាលពីខែមុន ក្រុមហ៊ុន Microsoft បានបញ្ឈប់បុគ្គលិកនៅក្នុងផ្នែក Activision Blizzard និង Xbox ចំនួន ១,៩០០ នាក់ ហើយ Unity បានបញ្ឈប់ ២៥ភាគរយនៃកម្លាំងការងាររបស់ខ្លួន។ ក្រុមហ៊ុនជាច្រើនទៀតរួមមាន Google, Snapchat, eBay, PayPal, DocuSign, Okta, Block, Discord, Twitch និង Duolingo ទាំងអស់បានធ្វើការបញ្ឈប់ការងារយ៉ាងច្រើនក្នុងរយៈពេលត្រឹមតែមួយខែកន្លងទៅនេះ៕

 

ដកស្រង់ពី៖Fresh New