អតីតបវរកញ្ញាភេទទី៣ ប៉ុបពី បានប្រកាសថាខ្លួន នៅតែចង់ធ្វើការ ក្នុងវិស័យសិល្បៈដដែល តែដោយសារហេតុផល មួយចំនួន ទើបបានជានាងមិនមានវត្តមាន ក្នុងខ្សែភាពយន្តមួយរយៈចុងក្រោយនេះ។
កញ្ញា ប៉ុបពី បានប្រាប់ Sabay ថា មួយរយៈចុងក្រោយនេះ ដោយសាររវល់កិច្ចការ ផ្ទាល់ខ្លួនច្រើន ទើបបានជាខ្លួនមិនសូវមានវត្តមានក្នុងកម្មវិធីមួយចំនួន។ ម្យ៉ាងវិញទៀត នាងក៏សារភាពដែរថា ការដែលមិនមានវត្តមាន នាងក្នុងការសម្ដែងរឿង ឬក្នុងកម្មវិធីប្រគំតន្ត្រីមួយចំនួននោះ ព្រោះតែមិនមានអ្នកហៅ។
អ្នកជំនាញផាត់មុខរូបនេះ បញ្ជាក់ថា ទស្សនិកជនស្មានថានាង ឈប់ពីសិល្បៈហើយ តែមិនមែនទេ គឺនាងនៅតែចង់សម្ដែងរឿងដដែល បើសិនមានគេហៅ។
“តាមពិតបងនៅតែចង់ បម្រើអារម្មណ៍ទស្សនិកជន តែដោយសារអត់មានអ្នកហៅ វាអាចថាអ្នកសិល្បៈឥឡូវច្រើន គេអាចនឹងខ្វះចន្លោះយើងខ្លះដែរ។ បើសិនជាមានផលិតកម្ម ឬ concert ណាមួយហៅ បងនឹងទៅបង អត់ប្រកាន់តួទេ ព្រោះសិល្បៈគឺជាការចែករំលែក”។
មួយរយៈពេល ប៉ុបពី ស្ងាត់ពីវិស័យសិល្បៈ នាងធ្វើការក្នុងក្លឹបកម្សាន្តមួយ និងធ្វើការក្នុងហាងកែសម្ផស្ស មួយកន្លែងផងដែរ៕
ដកស្រង់ពី៖ Sabay