បណ្តាញសង្គម

ក្មេងស្រីអាយុទើបតែ ២ឆ្នាំសោះ ចេះជក់បារី ឯឪពុកម្តាយសើចសប្បាយ ចុងក្រោយ...

ខ្សែវីដេអូដ៏គួរឲ្យហួសចិត្តមួយ បានបង្ហាញពីសកម្មភាពក្មេងស្រីអាយុ ២ឆ្នាំ ម្នាក់កំពុងជក់បារីយ៉ាងរំភើយ ហើយបានល្បីល្បាញពេញបណ្ដាញសង្គមរុស្ស៊ី។ នៅក្នុងខ្សែវីដេអូដែលគេជឿថាបានថតនៅទីក្រុង Vladikavkaz ប្រទេសរុស្ស៊ី នោះ បង្ហាញឲ្យឃើញក្មេងស្រីអាយុ ២ឆ្នាំ កំពុងបឺតបារី និងមានមនុស្សពេញវ័យនៅពីក្រោយ ដែលគេជឿថាអាចជា ឪពុកម្ដាយ ឬសាច់ញាតិរបស់ក្មេងស្រីនោះ។

លើសពីនេះទៅទៀត គេឮសំឡេងសើចនៅក្នុងវីដេអូ ដែលធ្វើឲ្យវាកាន់តែមានភាពចម្រូងចម្រាស។ ខ្សែវីដេអូនេះ បានធ្វើឲ្យប្រជាជនរុស្ស៊ីខឹងសម្បារយ៉ាងខ្លាំង ហើយព្រះរាជអាជ្ញាម្នាក់ឈ្មោះ Vladimir Vekshin កំពុងស៊ើបអង្កេតលើខ្សែវីដេអូនេះ និងបានស្នើឲ្យប៉ូលិសព្យាយាមស្វែងរកក្រុមគ្រួសារនោះទៀតផង។

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានរាយការណ៍ថា ឪពុកម្តាយក្មេងនេះ អាចនឹងត្រូវគេដកហូតសិទ្ធិជាឪពុកម្ដាយ បើសិនជាគេរកឃើញថា ពួកគេមិនយកចិត្តទុកដាក់ចំពោះកូនរបស់ខ្លួន៕

ដកស្រង់ពី៖Sabay