បណ្តាញសង្គម

អ៉ីងអ៉ីង ត្អូញ​ខ្លាំង​ ខណៈ​សម្ដែង​ភាពយន្ត​ដំបូង​ជា​មួយ​គូ​ស្នេហ៍

ភាពយន្តដំបូងដែលសម្ដែងតួដោយគូស្នេហ៍វ័យក្មេង ម៉ា ច័ន្ទបញ្ញា និង អ៉ីងអ៉ីង បានធ្វើពិធីសម្ពោធ និងប្រកាសថ្ងៃបញ្ចាំងជាផ្លូវការហើយ កាលពីយប់មិញ នៅរោងភាពយន្ត Major Cineplex by Smart សាខាផ្សាសូរិយា។ ជាមួយរឿងស្នេហាលាយឡំឈុតឆាកកំប្លែងរួមគ្នាដំបូង តួសម្ដែង អ៉ីងអ៉ីង ប្រាប់ថានាងមានការពិចារណាខ្លាំងទម្រាំហ៊ានសម្ដែងរឿងនេះ។

និយាយមុខស្មើគូស្នេហ៍តារាចម្រៀង ម៉ា ច័ន្ទបញ្ញា លើកឡើងថា នាងជាមនុស្សម្នាក់ដែលខ្លាចខ្មោចខ្លាំង និងមិនហ៊ានសម្ដែងរឿងខ្មោចឡើយ។ នាងថា ពេលដែលទទួលសាច់រឿងនេះដំបូង ខ្លួនពិតជាមិនដឹងថាមានឈុតឆាកខ្មោចសោះ ហើយរឿងនេះបែរតម្រូវឲ្យនាងសម្ដែងជាតួខ្មោចទៅវិញ។

ក្រោយពិនិត្យសាច់រឿង ឃើញថាមានខ្មោចត្រឹមតែប្រមាណ៣០ភាគរយ ដោយជំនួសវិញដោយភាពកំប្លុកកំប្លែង និងស្នេហា ទើបនាងគិតថាមិនថ្វីឡើយសម្រាប់ខ្លួន។ ផ្ទុយទៅវិញចំណុចលំបាកកម្រិតខ្លាំងនោះ គឺនាងជាពិបាកក្នុងការគ្រប់គ្រងអារម្មណ៍ ត្បិតត្រូវសម្ដែងជាតួមនុស្សផង ខ្មោចផង ហើយបងផង ប្អូនផងទៀត ដែលនេះតម្រូវឲ្យផ្លាស់ប្ដូរអារម្មណ៍ច្រើនសណ្ឋាន។

ចំណែកឯតួប្រុសវិញលើកឡើងថា លោកពិបាកស៊ាំជាមួយតួនេះ ព្រោះតថភាពខ្លួននិង អ៊ីងអ៊ីង ជាគូស្នេហ៍ស្រលាញ់គ្នាល្អូនល្អិន តែសាច់រឿងបែរជាតម្រូវឲ្យឈ្លោះគ្នាគ្រប់ពេល ហើយនោះវាផ្ទុយពីការពិតស្ទើរទាំងស្រុង។

ក្នុងពិធីសម្ពោធដដែល កញ្ញា ស៊ា រស្មី អ្នកនិពន្ធរឿងបានបញ្ជាក់ថា "កិច្ចសន្យាស្នេហ៍ Tom&Jerry” នេះ មិនត្រឹមតែជាភាពយន្តកំប្លែង ខ្មោច និងស្នេហានោះទេ គោលដៅក្នុងរឿងនេះក៏បង្ហាញពីទេសភាព តំបន់ទេសចរណ៍ និងជីវភាពរស់នៅរបស់ជនជាតិភាគតិច នៅខេត្តមណ្ឌលគិរី និងរតនៈគិរីផងដែរ។

វណ្ណកម្មថ្មីរបស់ផលិតកម្ម Rock នេះនឹងដាក់បញ្ចាំងជាផ្លូវការចាប់ពីថ្ងៃ ០៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះតទៅ នៅគ្រប់រោងភាពយន្តទំនើបទាំងអស់៕

ដកស្រង់ពិ៖Sabay