បណ្តាញសង្គម

ច្បាស់​ការ​រឿង​ មាស សុខសោភា ដោះដៃពីថោន ​​ចូល​ហង្ស​មាស​

មុននេះបន្តិចមានសារព័ត៌មានក្នុងស្រុកមួយចំនួនបានចុះផ្សាយព្រោងព្រាតថាកំពូលតារាចម្រៀងប្រចាំផលិតកម្មថោន មាស សុខសោភា បានចុះកុងត្រាចូលហង្សមាសជាផ្លូវការហើយ។

ជុំវិញការចុះផ្សាយនេះ មាស សុខរតនៈ ត្រូវជាបងប្រុស និងជាអ្នកនិពន្ធបទចម្រៀងឲ្យ មាស សុខ សោភា បានប្រាប់ Sabay ថា ខ្លួន និងប្អូនស្រីមិនបានទៅចុះកុងត្រាចូលផលិតកម្មហង្សមាស ដូចវិបសាយមួយចំនួនលើកឡើងនោះទេ។

លោក និងក្រុមហ៊ុនថោន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីទទួលបានដំណឹងមិនពិតមួយនេះ។ ប្រសិនបើប្អូនស្រីខ្លួនចុះកុងត្រាជាមួយផលិតហង្សមាសមែននោះ ខណៈនេះលោកមិនអង្គុយស្ងៀមធ្វើការនៅថោនឡើយ ប្រហែលជាទៅរៀបចំខ្លួនរង់ចាំពេលវេលាចូលទៅទ្រនំថ្មីបាត់ហើយ។

លោកថា៖" ខ្ញុំនិងប្អូនស្រីបានផុតកុងត្រានៅថោនមែន ហើយមិនចាំបាច់ចុះកុងត្រាទៀតក៏បានដែរ ព្រោះយើងធ្វើការនៅថោន ដោយក្ដីស្រលាញ់ពេញបេះដូង ដូច្នេះកុងត្រាមិនសំខាន់ទេ។ បើសិនជាយើងធ្វើការកន្លែងណាមួយផ្ដល់ស្នាមញញឹម និងភាពរីករាយដល់យើងហើយ មានរឿងអ្វីដែលត្រូវដើរចេញ"៕

ដកស្រង់ពី៖Sabay