បណ្តាញសង្គម

Apple Watch ជួប​​គីឡូ​ធ្ងន់ លក់​តម្លៃ​ខុស​គ្នា​មួយ​ជា​ពីរ ហើយ​​បច្ចេកវិទ្យា​សាហាវ​ទៀត

ក្រុមហ៊ុន Fitbit បានដាក់ឲ្យបញ្ជាទិញ នាឡិកាឆ្លាតវៃម៉ូដែល Versa ដែលនឹងមានវត្តមាន លើទីផ្សារនាខែមេសាខាងមុខ។

ជានាឡិកាម៉ូដែលទី 2 តាំងតែពី Fitbit បានបញ្ចេញនាឡិកាប្រភេទ Smart Watch វាមានតម្លៃត្រឹមតែ ២០០ ដុល្លារ រួមជាមួយមុខងារពិសេសដែល Fitbit Versa អាចប្រកួតជាមួយ នឹងនាឡិកាជាង ៤០០ ដុល្លារ របស់ Apple បាន៖ មុខនាឡិកាមានទំហំតូចច្រឡឹង ដោយមានមុខកាត់ត្រឹម ៣៤មម Fitbit Versa ស័ក្ដិសមនឹងអ្នក ដែលមានកដៃតូច ពិសេសគឺសុភាពនារីតែម្ដង។

ដោយសារតែមានទំហំតូចបែបនេះ នាឡិកានេះក៏មានទម្ងន់ស្រាល ជាហេតុឲ្យគ្មានអារម្មណ៍ថាចុករោយកដៃនោះទេ។ ការរចនាមានលក្ខណៈសាមញ្ញស្រដៀង Apple Watch ដែរ ជាមួយនឹងការរចនាឡើងរាងបួនជ្រុងនិងមានផ្ទៃមុខរាបស្មើទៀតនោះ នាឡិកា Fitbit Versa នេះអាចឲ្យអ្នករាល់គ្នាច្រឡំថាជា Apple Watch។

មិនត្រឹមតែប៉ុណ្ណោះ Fitbit Versa ក៏មានតួធ្វើឡើងពី អាលុយមីញ៉ូមកាន់តែស្រដៀងនឹង Apple Watch។ ថ្មកាន់ដល់ទៅ ៤ថ្ងៃ កម្លាំងថ្ម Fitbit Versa អាចកាន់រហូតដល់ទៅ ៤ ថ្ងៃ ឯណោះ ខុសពី Apple Watch ដែលអាចកាន់ត្រឹម ២ថ្ងៃ (Apple Watch Series 3)។

កម្មវិធីហាត់ប្រាណនិងតាមដានសុខភាព Fitbit ជានាឡិកាសុខភាពតាមដានសុខភាព តាំងតែពីមិនទាន់ផលិត Smart Watch មកម្ល៉េះ។ ម្ល៉ោះហើយ Fitbit Versa នៅតែផ្ដោតទៅលើកម្មវិធី តាមដានសុខភាពដដែល មានដូចជា ការហែលទឹក ការធាក់កង់ ការរត់។

វាមាន sensor សម្រាប់វាស់ចង្វាក់បេះដូង ការវាស់ជំហាន កាឡូរី និងកម្មវិធីតាមដានការដកដង្ហើមជាដើម។ ម្យ៉ាងទៀត នាឡិកា Fitbit Versa អាចការពារការចូលទឹកបានដល់ជម្រៅ ៥០ម ឯណោះ ដូចគ្នាទៅនឹង Apple Watch ដែរ។

មានកម្មវិធីតិច មិនរញ៉េរញ៉ៃដូច Apple Watch ដោយហេតុថា Fitbit Versa ជានាឡិកាដែលផ្ដោត សំខាន់លើសុខភាព អីចឹង App ដែលមកស្រាប់ភាគច្រើនគឺមានភាពសាមញ្ញ ជាពិសេសវាមិនសូវមាន Social Network app ឡើយ។ Fitbit Versa អាចឲ្យដំណឹងពីការផ្ញើសារ ឬការហៅចូល ប៉ុន្តែអ្នកមិនអាចឆ្លើយតប ឬលើកទូរសព្ទ ដូច Apple Watch នោះទេ ដោយហេតុថា Fitbit Versa ចង់ឲ្យអ្នកផ្ដោតលើសុខភាពជាង៕

ដកស្រង់ពី៖Sabay