បណ្តាញសង្គម

សាខាកាកបាទក្រហមខេត្ត យកអំណោយទៅចែកជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន២៨គ្រួសារ ក្នុងស្រុកមេមត់

បន្ទាប់ពីភ្លៀងធ្លាក់ លាយលំខ្យល់កន្ត្រាក់ បោកបក់ បានធ្វើអោយ ប្រជាពលរដ្ឋចំនួន ២៨គ្រួសារ ស្ថិតភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ទទួលរងផលប៉ះពាល់ ដោយរលំផ្ទះ និងប៉ើង តំបូលផ្ទះ និងប្រជាពលរដ្ឋ ៣៩៩គ្រួសារ ទទួលរងផលប៉ះពាល់ ខូចខាតខ្ទេចខ្ទីផងដែរ ។

ឆ្លើយតបនូវ តំរូវការរបស់ពលរដ្ឋ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះ លោកជំទាវ ឡេង សុខា ប្រធានស្តីទី សាខាកាកបាទ ក្រហមខេត្តត្បូងឃ្មុំ រួមទាំងសមាជិក កាកបាទក្រហមខេត្ត បាន នាំយកថវិការ និងស្បៀងអាហារ សង្គ្រោះបន្ទាន់ផ្តល់ ទៅចែកជូន ប្រជាពលរដ្ឋ ទាំង ២៨គ្រួសារ ដែលរងគ្រោះមហន្តរាយ ដោយធម្មជាតិ ក្នុងស្រុកមេមត់ ដែលជាការឆ្លើយ តបទៅនឹង ការងារមនុស្សធម៍ ក៍ដូចជាស្រប តាមពាក្យស្លោក របស់កាកបាទក្រហមកម្ពុជា “ ទីណាមានទុក្ខ ទីនោះមាន កាកបាទក្រហមកម្ពុជា សម្រាប់គ្រប់ៗ គ្នាស្មើៗគ្នា គ្រប់ពេលវេលា  គ្រប់ទីកន្លែង ដោយមិនរើសអើង នោះឡើយ” ។

ក្នុងឳកាសនោះ លោកជំទាវ ឡេង សុខា បានសំណេះសំណាល និងសម្តែងនូវ ការសោកស្តាយ ក៍ដូចជាពាំនាំ នូវប្រសាសន៍ផ្តាំផ្ញើរ សាកសួរសុខ ទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា ជូនចំពោះបងប្អូន ដែលរងគ្រោះទាំងអស់ ដោយក្តីនឹករលឹក និងអាណិត អាសូរបំផុត ។

លោកជំទាវ ឡេង សុខា ថ្លែងថា អំណោយចែក ជូនបងប្អូនពេលនេះ គឺដើម្បីជួយសម្រួល នូវតំរូវការចាំបាច់ របស់បងប្អូន ជាមួយគ្នានោះ ក៍បានផ្តាំផ្ញើរ ដល់បងប្អូន ពលរដ្ឋទាំងអស់បង្កើនការ ប្រុងប្រយ័ត្ន ខ្ពស់បំផុតចំពោះ ការបំរែបំរួល អាកាសធាតុ ,ថែរក្សាសុខភាពខ្លួន មើលថែកូនៗ តូចៗអោយបានល្អ ពិសេសខិតខំ ប្រកបរបរចិញ្ចឹម ជីវិតបន្ថែមទៀត ដើម្បីបង្កើនលទ្ធភាព សាងសង់ផ្ទះសម្បែង ឡើងវិញផងដែរ ។

លោក រស់ សុខន នាយកសាខា កាកបាទក្រហម ខេត្តត្បូងឃ្មុំ ឲ្យដឹងថា ចំពោះអំណោយ ដែលចែកជូន នាពេលនោះទាំង ២៨គ្រួសារ ក្នុង១គ្រួសារៗ ទទួលបាន អង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ទឹកសុទ្ធ១កេស, តង់១ និងថវិការ ១០ម៉ឺនរៀល សម្រាប់ផ្ទះរងការខូចខាត តិចតួចដោយខ្យល់កន្ត្រាក់ និងថវិការ ២០ម៉ឺនរៀល សម្រាប់គ្រួសារ ដែលដួលរលំ ៕