បណ្តាញសង្គម

នាយឧត្តមសេនីយ៍ សៅ សុខា និងអភិបាលខេត្តត្បូងឃ្មុំ ចុះពីនិត្យទីតាំងស្តុកឈើ នៅក្នុងមូលដ្ឋានស្រុកមេមត់

(ត្បូងឃ្មុំ)៖ ក្នុងឪកាសចុះពិនិត្យ ទីតាំងស្តុកឈើ ០៣កន្លែង ក្នុងមូលដ្ឋាន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តមនាយ ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជ អាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ បានស្នើរដល់ អភិបាលខេត្តត្បូងឃ្មុំ រួមជាមួយមន្ទីរ អង្គភាព ជុំវិញខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវសហការគ្នា ធ្វើយ៉ាងណាទប់ស្កាត់ និងបង្ក្រាប នូវបទល្មើស ធនធានធម្មជាតិ រាល់ការចរាចរ បទល្មើសព្រៃឈើ ក្នុងភូមិសាស្ត្រ ខេត្តត្បូងឃ្មុំ។

ការចុះពិនិត្យនោះ ចូលរួមដោយ គណៈកម្មាការទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ ព្រមទាំងប្រតិភូ អន្តរក្រសួង ស្ថាប័ន រួមជាមួយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងកងរាជ អាវុធហត្ថខេត្ត ដឹកនាំដោយ លោកមេបញ្ជាការ វ៉ា សារិទ្ធ ក៍ដូចជាមន្ទីរពាក់ព័ន្ធ ជុំវិញខេត្ត ។

ថ្លែងលើកឡើង នាឪកាសនោះ ឯកឧត្តមនាយ ឧត្តមសេនីយ៍ សៅ សុខា ក៏បានគូសរំលេច ផងដែរថា ដើម្បីធ្វើឱ្យការប្រយុទ្ធ ប្រឆាំងការបំផ្លិច បំផ្លាញព្រៃឈើ និងធនធានធម្មជាតិ មានប្រសិទ្ធភាព គឺត្រូវមានការចូលរួម ពីក្រសួងពាក់ព័ន្ធ ជាច្រើនទៀត និងតាមបណ្តាខេត្តនានា ពិសេសខេត្ត ជាប់ព្រំដែន ដោយមិនអាចពឹងផ្អែក តែលើគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាប បទល្មើសធនធានធម្មជាតិ បាននោះឡើយ ។

ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែង អំណរគុណចំពោះ នាយឧត្តមសេនីយ៍ សៅ សុខា រួមជាមួយគណ: ប្រតិភូអន្តរក្រសួង ដែលបានយកចិត្តទុកដាក់ លើការងារបង្ការបង្ក្រាប រាល់បទល្មើស ធនធានធម្មជាតិ ពិសេសការចុះ មកផ្ទាល់នាថ្ងៃនេះ។ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានលើកឡើងដែរថា កន្លងមក ក៍ដូចជា នាពេលនេះ គណ:បញ្ជាការ ឯកភាពខេត្ត តែងប្រជុំដាក់ផែនការ ចាត់វិធានការ បង្ការបង្ក្រាបជាបន្តបន្ទាប់ រាល់បទល្មើសព្រៃឈើ ក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ ដែលជាប្រភពធនធាន ដ៍មានតម្លៃរបស់មនុស្សជាតិ និងបន្តធ្វើការងារនេះ ឲ្យកាន់តែមានប្រសិទ្ធភាព ។

សួមបញ្ជាក់ថា ក្នុងប្រតិបត្តិការ ចុះពិនិត្យតាមក្រុមហ៊ុន និងទីតាំងស្តុកឈើ នៅតាមបណ្តាខេត្ត ជាប់ព្រំដែនឡាវ-វៀតណាម គឺចាប់ផ្តើមឡើង នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩នេះ តែម្តង ។

គួររំលឹកថា ចាប់ផ្តើមពីបញ្ចេញ ប្រតិបត្តិការយ៉ាងក្តៅគគុក លើការបង្ក្រាប បទល្មើសព្រៃឈើមកនោះ មនុស្សមួយចំនួន ទាំងមន្រ្តីរាជការ និងឈ្មួញឈើ ត្រូវបានចាប់ខ្លួន ហើយឈើជាច្រើន ម៉ែត្រគូបត្រូវបានរឹបអូស ខណៈមធ្យោបាយ (ជាពិសេស រថយន្តបាកុង និងម៉ូតូកែច្នៃ ) ជាច្រើនគ្រឿង ត្រូវបានដុតបំផ្លាញចោល ៕