បណ្តាញសង្គម

មន្ទីរអប់រំខេត្តត្បូងឃ្មុំ បើកសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ប្រចាំឆ្នាំសិក្សា ២០១៨-២០១៩ និងលើកទិសដៅការងារឆ្នាំសិក្សា ២០១៩-២០២០

នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ មន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ បានបើកសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ប្រចាំឆ្នាំសិក្សា ២០១៨-២០១៩

និងលើកទិសដៅការងារឆ្នាំសិក្សា ២០១៩-២០២០ រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមករានេះ ។

ពិធីបើកសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡាខាងលើនេះ ប្រារព្ធឡើងក្រោមអធិបតីភាព លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពងខ្ពស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ដែលធ្វើនៅសាលប្រជុំ(គ)សាលាខេត្តត្បូងឃ្មុំ។

ថ្លែងនាឱកាសនោះ លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត មានប្រសាសន៍ថា ៖ ពិធីបូកសរុបវាយតម្លៃការងារអប់រំយុវជន និងកីឡានាពេលនេះ គឺជាការប្រមូលផ្តុំគ្រប់ជំនាញគ្រប់ផ្នែក ដើម្បីរួមចំណែកក្នុងការផ្តល់យោបល់ និងពិភាក្សា ដើម្បីរកឱ្យឃើញក្នុងការអភិវឌ្ឍន៍វិស័យអប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំ ឱ្យមានការរីកចម្រើន។

លោកជំទាវ បាន កោតសរសើរចំពោះមន្រ្តីអប់រំគ្រប់លំដាប់ថ្នាក់ ព្រមទាំងសាស្រ្តាចារ្យ លោកគ្រូ/អ្នកគ្រូ និងបុគ្គលិកសិក្សាទាំងអស់ ដែលបានខិតខំបំពេញភារកិច្ច របស់ខ្លួនអស់រយៈពេលមួយឆ្នាំសិក្សាកន្លងមក ទៅតាមតួនាទីនិងមុខងាររៀងៗខ្លួនទទួលបានជោគជ័យ។

លោកជំទាវ បានសំណូមពរដល់សាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូ បុគ្គលិកសិក្សា និងមន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ទាំងអស់ បន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវលើភារកិច្ចនិងតួនាទីរបស់ខ្លួន ដោយសហការសាមគ្គីគ្នា ក្នុងការអនុវត្តតាមផែនការយុទ្ឋសាស្រ្តវិស័យអប់រំយុវជននិងកីឡា២០១៨-២០២៣ និងការកែទម្រង់វិស័យអប់រំរបស់ក្រសួងអប់រំយុវជន និងកីឡា។

លោកជំទាវ នី ចាន់ធីតា ក៏បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ អង្គការដៃគូអភិវឌ្ឍន៍ ម្ចាស់ជំនួយ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមអនុវត្តកំណែទម្រង់ និងយកចិត្តទុកដាក់ខ្ពស់ទៅលើការលើកកម្ពស់ គុណភាពអប់រំនៅក្នុងខេត្ត តាមរយៈការខិតខំប្រឹងប្រែងបង្ហាត់បង្រៀន ស្រាវជ្រាវ ការផ្ដល់កិច្ចសហការជិតស្និទ្ធ និងការចូលរួមយ៉ាងសកម្មបំពេញការងារក្នុងឆ្នាំសិក្សាកន្លងទៅនេះ ប្រកបដោយជោគជ័យ ដើម្បីឆ្លើយតបទៅតាមតម្រូវការនៃការរីកចម្រើនរបស់ប្រទេសជាតិ។

បើតាមរបាយការណ៍របស់លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ៖ គ្រឹះស្ថានសិក្សាសាធារណៈនៅទូទាំងខេត្តត្បូងឃ្មុំសរុបចំនួន១.០០៥ខ្នង មាន៤,៧៣៩បន្ទប់ រួមមាន ៖ សាលាមត្តេយ្យសិក្សា៣៣២ខ្នង ៦៤១ថ្នាក់ បឋមសិក្សាចំនួន៣៩៩សាលា ចែកចេញជា៥២កម្រង វិទ្យាល័យចំនួន២៤កន្លែង មាន៦០៣ថ្នាក់ ៧៦៧បន្ទប់ អនុវិទ្យាល័យចំនួន៥៥កន្លែង មាន២៨៧ថ្នាក់ ៤៥៤បន្ទប់ផងដែរ៕