បណ្តាញសង្គម

វត្តតេជសុវណ្ណភូមិ នៅទីរួមខេត្តត្បូងឃ្មុំ ដែលទើបបង្កើតថ្មី ព្រះចៅអធិការវត្ត អំពាវនាវដល់ពុទ្ធបរិស័ទ្ធជិតឆ្ងាយជួយចូលបច្ច័យ ដើម្បីជាវដី និងកសាងវត្តថ្មី ជាទីគោរពបូជាព្រះពុទ្ធសាសនា

ក្រោមម្លប់សុខសន្តិភាព នៃការដឹកនាំដ៍ឈ្លាសវ៉ៃពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពធូរធារសំបូរសប្បាយ

ដោយគោរពប្រតិបត្តិសាសនាតាមជំនឿសាសនារៀងៗខ្លួន ក្នុងនោះដោយមានការសំណូមពរពីសំណាក់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ្ធចំនុះជើងវត្តបានឯកច្ឆ័ន្ទ បង្កើតវត្តថ្មីមួយបន្ថែមទៀតឡើង ក្នុងចំណោមវត្តអារាមជាង២០០នៅទូទាំងខេត្តត្បូងឃ្មុំ ក៍ដូចជារាប់ពាន់វត្តនៅទូទាំងប្រទេស។

វត្តដែលបង្កើតឡើងនេះមានឈ្មោះថា វត្តសង្ឃរតនមុនី ហៅវត្តតេជសុវណ្ណភូមិ ដែលស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ (នៅតាមផ្លូវជាតិលេខ៧៣ ខាងជើងសាកលវិទ្យាល័យ ហេងសំរិន ត្បូងឃ្មុំ ចម្ងាយ៤០០ម៉ែត្រ) ដែលមានចៅអធិការវត្តព្រះនាម គីម ឌីណា។

តាមរយៈនេះ ទើបព្រះចៅអធិការវត្ត និងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត សម្រេចប្រារព្ធពិធី បុណ្យផ្កាប្រាក់ និងបញ្ចុះបឋមសិលា នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ ដើម្បីប្រមូលបច្ច័យចាប់កសាងវត្តនេះឡើង ដោយក្នុងនោះក្រោមការផ្តួចផ្តើមពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ, ព្រះមេគុណខេត្ត យឹត សុខា, ព្រះអនុគុណស្រុកត្បូងឃ្មុំ វាន់ ដាវី និងពុទ្ធបរិស័ទ្ធជិតឆ្ងាយ។

ក្នុងការបង្កើតវត្តថ្មីនេះឡើង ដើម្បីឲ្យពលរដ្ឋនៅទីរួមខេត្តត្បូងឃ្មុំ ងាយស្រួលធ្វើដំណើរទីអារាមនៅក្នុងទីរួមខេត្ត ដើម្បីគោរពប្រតិបត្តិព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ។

ដោយក្នុងនោះទីអារាមនេះ នៅពុំទាន់មានអ្វីសោះ ទើបចៅអធិការវត្តព្រះនាម គីម ឌីណា បានអំពាវនាវដល់ថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទ្ធជិតឆ្ងាយ ចូលជាបច្ច័យទទួលផលបុណ្យតាមកម្លាំងសទ្ធាជ្រះថ្លា ដែលបច្ច័យទទួលបានសម្រាប់ជាវដី, ការកសាងវត្តថ្មី, កសាងសមិទ្ធផលក្នុងវត្ត ក៍ដូចជាសម្ភារៈប្រើប្រាស់នានាក្នុងវត្តក៍ពុំទាន់មានផងដែរ៕