បណ្តាញសង្គម

សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី២ ឆ្នាំ២០២០

នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០នេះ លោកជំទាវ នី ចាន់ធីតា ប្រធានប្រតិបត្តិសាខាសមាគមនារីខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ របស់សាខាសមាគមនារីកម្ពុជា

ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ខេត្ត ក្នុងនោះ ក៏មានការចូលរួមពី លោកជំទាវ អនុសាខាសមាគមនារីខេត្ត អនុសាខាសមាគមនារីមន្ទីរ/អង្គភាពជុំវិញខេត្ត អនុសាខាសមាគមនារីក្រុង/ស្រុកទាំង៧ទូទាំងខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនកុះករ។

លោកស្រី ថន គឹមស្រ៊ន់ ប្រធានមន្ទីរកិច្ចការនារីខេត្ត បានធ្វើរបាយការណ៍ដោយលើកឡើងថា គណៈកម្មការសមាគមន៍នារីដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ក្នុងត្រីមាសទី២ ឆ្នាំ២០២០ បានអនុវត្តការងារមួយចំនួន រួមមាន៖ ធ្វើការផ្សព្វផ្សាយលើកកម្ពស់សីលធម៌សង្គមតម្លៃស្ត្រី និងគ្រួសារខ្មែរ ដោយធ្វើការពន្យល់ និងផ្សព្វផ្សាយអំពីច្បាប់ ស្តីពីអំពើហឹង្សាក្នុងគ្រួសារ ការការពារជនរងគ្រោះ ការទប់ស្កាត់ការជួញដូរមនុស្ស ការចុះអត្រានុកូលដ្ឋាន ការចាក់វ៉ាក់ស៊ាំងការពារជម្ងឺដល់កុមារ និងការជំរុញឲ្យស្រ្តីមានផ្ទៃពោះទៅពិនិត្យ និងសម្រាលកូននៅមណ្ឌលសុខភាព ។

ថ្លែងនាឱកាសនោះ លោកជំទាវ នី ចាន់ធីតា ប្រធានប្រតិបត្តិសាខាសមាគមនារីខេត្តត្បូងឃ្មុំ បានលើកឡើងថា ៖ ការងារស្រ្តីនៅក្នុងសង្គម ពិតជាមានសារសំខាន់ណាស់ ក្នុងការជួយអភិវឌ្ឍន៍សង្គមឲ្យមានភាពប្រសើរឡើង ព្រោះស្ត្រីគឺជាមាតាពិភពលោក ដែលជួយក្នុងការអប់រំកូន អ្នកស្វែងរកចំណូលបន្ថែមក្នុងគ្រួសារ ជាពិសេសជាមេផ្ទះថែមទៀត ដូច្នេះត្រូវធ្វើការផ្សព្វផ្សាយ ដល់ស្ត្រីនូវចំណេះដឹង ក្នុងការថែរក្សានូវសុខភាពឲ្យបានល្អប្រសើរ តាមរយៈការថែរក្សានូវអនាម័យ ការការពារជម្ងឺ និងមានការយល់ដឹងពីតួនាទី និងភារកិច្ចរបស់ស្ត្រីក្នុងការអភិវឌ្ឍន៍សង្គមជាតិ។

លោកជំទាវ បន្តទៀតថា ៖ ដើម្បីឲ្យការអភិវឌ្ឍន៍សង្គមជាតិ ឲ្យកាន់តែមានប្រសិទ្ធិភាពទៀតនោះ យើងត្រូវធ្វើការផ្សព្វផ្សាយ ជម្រុញឲ្យស្រ្តីទៅចូលរួមក្នុងការងារសង្គម ហើយជម្រុញដល់គ្រប់ស្ថាប័ន មន្ទីរ អង្គភាព ដែលជាអ្នកផ្តល់សេវាជូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ផ្តល់ជូនតាមបែបសមធម៌សង្គម និងបរិយាប័ន្ន ជាពិសេសនោះ ត្រូវជម្រុញអនុសាខាសមាគមនារី មន្ទីរ អង្គភាព ក្រុង ស្រុក ចុះតាមមូលដ្ឋានដើម្បីពង្រឹង និងបណ្តុះបណ្តាលដល់ស្ត្រីក្នុងសហគមន៍ ឲ្យមានការយល់ដឹងបន្ថែមទៀតពីការអប់រំកូន ការថែរក្សាសុខភាព និងការរៀបចំផែនការគ្រួសាផងដែរ។

លោកជំទាវ នី ចាន់ធីតា ប្រធានប្រតិបត្តិសាខាសមាគមនារីខេត្ត បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអ្នកពាក់ព័ន្ធទាំងអស់ ដែលខិតខំបំពេញការងារនាពេលកន្លងមក ពិសេសលោកជំទាវ លោក លោកស្រី ក្នុងជួរគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និង កុមារ ដែលបានជួយជំរុញអោយការងារស្ត្រីរបស់ខេត្តត្បូងឃ្មុំ សម្រេចបានលទ្ធផលយ៉ាងល្អនាពេលកន្លងមក និងខិតខំបន្តទៅមុខ ឲ្យកាន់តែល្អប្រសើរទ្វេឡើងបន្ថែមទៀត៕