បណ្តាញសង្គម

ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ធ្វើដំណើរទៅសួរសុខទុក្ខចែកអំណោយពលករ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ កំពុងធ្វើចត្តាឡីស័ក នៅខេត្តបន្ទាយមានជ័យ

ឯកឧត្ដម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ និងជាអនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្ត និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ

អភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ បានដឹកនាំប្រតិភូថ្នាក់ខេត្ត រួមដំណើរដោយលោកអភិបាលស្រុកអូរជ្រៅ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ នាំយកអំណោយរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ និងអំណោយសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ទៅចែកជូនបងប្អូនពលករមានស្រុកកំណើតនៅឯខេត្តត្បូងឃ្មុំ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ ដោយកំពុងធ្វើចត្តាឡីស័ក ដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ នៅក្នុងវិទ្យាល័យកូប ស្ថិតក្នុងភូមិណាកាឆាយ ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

នាឱកាសជួបសំណេះសំណាលនោះ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ពិសេសឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ជូនចំពោះបងប្អូនពលករទាំង១៧នាក់ ដោយក្នុងនោះមានវិជ្ជមានកូវីដ-១៩ ចំនួន០១នាក់ ដែលកំពុងសំរាកព្យាបាលនៅឯមន្ទីរពេទ្យបង្អែកស្រុកមង្គលបូរី និង០៥នាក់ទៀត គ្រប់១៤ថ្ងៃរយ:ពេលនៃការដាក់ឲ្យនៅដោយឡែក ហើយត្រូវបានធ្វើដំណើរទៅកាន់ ទីលំនៅឯខេត្តត្បូងឃ្មំតែម្តងផងដែរ។

ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត ក៍បានផ្ដាំផ្ញើ ដល់មន្ត្រីជំនាញត្រូវតាមដានសុខភាពរបស់ពលករដោយផ្ទាល់ និងជាប្រចាំ ជាពិសេសសូមប្អូនៗក្មួយៗដែលជាពលករ ត្រូវធ្វើអនាម័យសម្អាតខ្លួនប្រាណ ដូចជាការលាងដៃជាមួយសាប៊ូជាប្រចាំឱ្យបានញឹកញាប់ រក្សាគម្លាតពីគ្នា ការហាត់ប្រាណដោយអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ពិសេសឱ្យមានការប្រុងប្រយ័ត្នខ្ពស់គ្រប់ៗ គ្នា ទាំងខ្លួនឯងនិងក្រុមគ្រួសារ ចំពោះជំងឺកូវីដ-១៩ ដើម្បីចូលរួមទប់ស្កាត់នូវការឆ្លងរីករាលដាលបន្តនៃជំងឺនេះ ដោយមិនត្រូវភ្លេចខ្លួននោះទេ។

ឯកឧត្តម ចេង ប៊ុណ្ណារ៉ា ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្តបន្ទាយមានជ័យ អាជ្ញាធរមូលដ្ឋានស្រុក ផ្ទាល់ ជាពិសេសក្រុមគ្រូពេទ្យដែលនៅផ្ទាល់ជាមួយប្អូនៗក្មួយ ដែលបានខិតខំបំពេញភារៈកិច្ច និងកាតព្វកិច្ច ពិនិត្យតាមដានសុខភាពពួកគាត់បានយ៉ាងល្អ ក្នុងការចូលរួមទប់ស្កាត់នូវរលកទី២នៃជម្ងឺកូវីដ-១៩នៅកម្ពុជា។

ចំពោះអំណោយសាខាកាបាទក្រហមខេត្តត្បូងឃ្មុំដែលចែកផ្តល់ជូនប្អូនៗក្មួយៗជាពលកររួមមាន៖ អង្ករ២៥គីឡូក្រាម, ត្រីខ១០កំប៉ុង, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, មី១កេស, ប្រេងឆា១ដប និងថវិកាមួយចំនួន របស់គណ:កម្មាធិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ខេត្ត នៃរដ្ឋបាលខេត្តត្បូងឃ្មុំផងដែរ៕