បណ្តាញសង្គម

ឯកឧត្តម ប្រាជ្ញ ចន្ទ ចូលរូមកាន់បិណ្ឌ នៅវត្តចំនួន២ ស្ថិតនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ បុណ្យកាន់បិណ្ឌ គឺជាបុណ្យ ប្រពៃណី ជាតិខែ្មរ ដែលបាន បន្សល់ទុក ទាំងពីបុរាណ កាលមកហើយ ពិធីបុណ្យនេះ ដូនតាយើង បានរៀបចំ ឡើងចាប់ពី ថ្ងៃ ១រោច ខែភទ្របទ រហូតដល់ថ្ងៃ ១៥រោច ជាថ្ងៃបុណ្យ ភ្ជុំបិណ្ឌ ជារៀងរាល់ៗឆ្នាំ។

ដោយឡែក នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៤ ត្រូវនឹង ថ្ងៃច័ន្ទ ០៧រោច ខែភទ្របទ ឆ្នាំមមី ឆស័ក ព.ស. ២៥៥៨ ដែលជាថ្ងៃកាន់បិណ្ឌ វេនទី៧ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ និងលោកជំទាវ ព្រមទាំង ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត បាននាំយក ទេយ្យទាន ប្រគេនដល់ ព្រះសង្ឃក្នុងវត្ត ចំនួន២ គឺ វត្តកណ្ដោលជ្រុំ ឃុំកណ្ដោលជ្រុំ និងវត្តអង្គរក្នុង ឃុំដូនតី ស្ថិតនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយវត្តនីមួយៗ ទទួលបាន អង្ករ មី ទឹកក្រូច ទឹកសុទ្ធ ត្រីខ តែ ស្ករស ទឹកដោះគោ និងបច្ច័យមួយចំនួន។

បន្ទាប់ពី បានប្រារព្ធ ពិធីវេរនូវ ទេយ្យទាន ប្រគេនដល់ ព្រះសង្ឃ ទៅតាមគន្លង ប្រពៃណី ព្រះពុទ្ធសាសនា រួចមក ឯកឧត្តម ប្រាជ្ញ ចន្ទ បានមានប្រសាសន៍ សំណេះសំណាល ជាមួយប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ចំណុះជើងវត្ត បញ្ជាក់ថា តាមប្រពៃណី របស់ខែ្នរយើង តាំងពីដូនតាមក បានកំណត់ថា ចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃទី ១៤រោច ខែភទ្របទ គឺជាថ្ងៃកាន់បិណ្ឌ ឬដាក់បិណ្ឌ ចំណែកឯ ថ្ងៃ១៥រោច ខែភទ្របទ ជាថ្ងៃភ្ជុំបិណ្ឌ។

ឯកឧត្តម បានរំលឹកថា តាមទំនៀមទំលាប់ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ជិតឆ្ងាយ បានជួបជុំគ្នា នៅតាមទីវត្ត អារាម បានធ្វើចង្ហាន់ ប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសមគ្គផល កុសលផលបុណ្យ ជូនដល់មាតា បិតា ព្រមទាំងញ្ញាតិការ ទាំង ៧សន្ដាន ដែលបាន ចែកដ្ឋាន ទៅលោកខាងមុខ និងបុព្វការីជន ដែលបាន ពលីជីវិត ដើម្បីជាតិមាតុភូមិ។ផ្ទុយស្រឡះ កាលពីរបប ប្រល័យពូជ សាសន៍ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ គ្រប់វិស័យ ត្រូវបាន ពួក ទមិឡអត់សាសនា បំផ្លាញចោល ទាំងស្រុង រាប់ទាំងវិស័យ ព្រះពុទ្ធសាសនា ផងដែរ ។

ឯកឧត្តម បានបន្តទៀតថា បច្ចុប្បន្ន រាជរដ្ឋាភិបាល ក្រោមការដឹកនាំ ប្រកបដោយ គតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាកច្រកម្ពុជា បានខិតខំ កសាង និងអភិវឌ្ឍន៍ ប្រទេសជាតិ ឲ្យមានការរីកចម្រើន លើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ ប្រទេសជាតិ មានសន្តិភាព សុវត្តិភាព ផ្ដល់ឱកាស ងាយស្រួល ជូនប្រជាពលរដ្ឋ ប្រកបរបរ ទទួលទាន។ ដូច្នេះយើង ទាំងអស់គ្នា ត្រូវតែបន្ត គោរពប្រពៃណី និងទ្រទ្រង់វិស័យ ព្រះពុទ្ធសាសនា ដែលជាសាសនា របស់រដ្ឋឲ្យ បានរឹងមាំ ទុកសម្រាប់ កូនចៅជំនាន់ ក្រោយបាន គោរពបូជា ទៅថ្ងៃអនាគត។

សូមបញ្ជាក់ ផងដែរថា ក្នុងការរួមចំណែក ជាមួយ នឹងព្រះពុទ្ធសាសនា នេះដែរ ឯកឧត្តម ប្រាជ្ញ ចន្ទ ក៏បាន ចូលបច្ច័យ កសាងវត្ត ចំនួន ៤.០០០.០០០រៀល សំរាប់កសាង វត្តផងដែរ ។