បណ្តាញសង្គម

រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម ណែនាំឲ្យមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បន្តគាំទ្រជំរុញប្រជាកសិករលើការងារដាំដុះ និងចិញ្ចឹមសត្វ ដើម្បីសម្រួលជីវភាពពលរដ្ឋ នាសម័យកូវីដ១៩នេះ

ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឲ្យមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បន្តគាំទ្រជំរុញប្រជាកសិករលើការងារដាំដុះ ការងារផលិតកម្មនិង

បសុព្យាបាល ការងារព្រៃឈើ ការងារជលផល ការងារសហគមន៍ និងការចិញ្ចឹមសត្វ ដើម្បីសម្រួលជីវភាពពលរដ្ឋ នាសម័យកូវីដ១៩នេះ សំដៅតម្រង់ទិសជំរុញការអនុវត្ត ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងបានជម្រាបពីអត្ថប្រយោជន៍ពីការប្រើប្រាស់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការ ថ្លែងលើកឡើងបែបនេះ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ ក្នុងឳកាសឯកឧត្តម និងឯកឧត្តម ណី លន់ រដ្ឋលេខាធិការ ឯកឧត្តម គង់ វ៉ាញ អគ្គាធិការនៃអគ្គាធិការដ្ឋាន លោក ទី ចាន់ណា ប្រធាននាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចុះសំណេះសំណាលលើការងារដឹកនាំគ្រប់គ្រងមន្ត្រីរាជការមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ។ ណដោយមានការចូលរួមពី លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ នាយ នាយរង ខណ្ឌរដ្ឋបាលព្រៃឈើ ជលផល និងប្រធានការិយាល័យជំនាញ។

ឯកឧត្តម នុត ច័ន្ទសុខា បានមានប្រសាសន៏ថា ពិធីសំណេះសំណាលនាថ្ងៃនេះ គឺបានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំក្រសួង ក្នុងការពង្រឹងការងារដឹកនាំគ្រប់គ្រង សំដៅជំរុញការអភិវឌ្ឍន៏វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យកាន់តែប្រសើរឡើង ដើម្បីរួមចំណែករក្សាកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាបង្កើនប្រាក់ចំណូលរបស់គ្រួសារប្រជាកសិករ ស្របតាមយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងប្រែក្លាយកម្ពុជា គឺជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

ឯកឧត្តម បានកោតសសរសើចំពោះសមិទ្ធផលនានារបស់មន្ទីរដែលសម្រេចបាននាពេលកន្លងមក និងបច្ចុប្បន្ន ទោះបីមានបញ្ហាប្រឈមខ្លះកើតមានឡើងក៏ដោយ។ ឯកឧត្តមបានណែនាំឲ្យមន្ទីរបន្តខិតខំយកចិត្តទុកដាក់ក្នុងការអនុវត្តសេចក្តីណែនាំ សារាចរណែនាំដែលក្រសួងបានដាក់ចេញកន្លងមកុំ។

ឯកឧត្តម បានបន្តថា ការដឹកនាំគ្រង់គ្រងមន្ត្រីរាជការ គឺត្រូវអនុវត្តទៅតាមរចនាសម្ព័នគ្រប់គ្រងមន្រ្តីរាជការ នៃមន្ទីរ ទាំងមន្រ្តីរាជការស៊ីវិល និងមន្រ្តីជាប់កិច្ចសន្យា បើទោះបីជាការិយាល័យកសិកម្មក្រុង ស្រុក ត្រូវបានផ្ទេរទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមានការសហការគ្នានៅតាមមូលដ្ឋាន តាមរយៈការផ្តល់របាយការណ៍ និងការប្រជុំនានា តាមស្ថានភាពជាក់ស្តែង និងអនុវត្តលិខិតបទដ្ឋានគតិយុត្ត។

ឯកឧត្តម ក៏បានកោតសរសើ និង វាយតម្លៃខ្ពស់ ក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមនានារបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ នឹងបន្តអនុវត្ត តាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងកៀងគរការចូលរួមពីគ្រប់ភាគី ក្នុងការពន្លឿនសន្ទុះនៃការអភិវឌ្ឍ រក្សាបានកំណើនសេដ្ឋកិច្ចជាតិនិងចំណូលគ្រួសារកសិករ។

ក្នុងឳកាសនោះ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានធ្វើរាយការណ៍រសង្ខេប ពីស្ថានភាពមន្ត្រីរាជការ ការគ្រប់គ្រងមន្រ្តីរាជការ និងការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងខេត្ត ក៍ដូចជាថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងកសិកម្មដែលតែងតែយកចិត្តទុកដាក់ចំពោះមន្ត្រីតាមមូលដ្ឋាន ជាពិសេសមានវត្តមាននាពេលនេះផងដែរ៕