បណ្តាញសង្គម

អភិបាលរងខេត្តត្បូងឃ្មុំ ជំរុញអោយអ្នកពាក់ព័ន្ធទាំងអស់រួមសហការគ្នារៀបចំគម្លាត និងអនាម័យក្នុងនិងក្រៅមណ្ឌលប្រឡងឲ្យបានរួចរាល់ សម្រាប់ការប្រឡងសញ្ញាបត្រថ្នាក់ទី០៩ និងទី១២ នាសម័យកូវីដ១៩នេះ

ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០នេះ នៅសាលប្រជុំ ខ សាលាខេត្តត្បូងឃ្មុំ លោកជំទាវ នី ចាន់ធីតា អភិបាលរង នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំក្រុមការងារ

បច្ចេកទេសចម្រុះវិស័យអប់រំត្រីមាសទី៤ ដោយមានការអញ្ជើញចូលរួមពីប្រធាន អនុប្រធានមន្ទីរ អាជ្ញាធរក្រុងស្រុកទាំង០៧ អង្គការដៃគូ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

លោក នូ ផល្លាភិរ័ត្ន អនុប្រធានមន្ទីរអប់រំ យុវជន និង កីឡាខេត្តត្បូងឃ្មុំ បានធ្វើរបាយការណ៍វឌ្ឍនភាពការងារក្នុងវិស័យអប់រំ និងផែនការយុទ្ធសាស្រ្តវិស័យអប់រំសម្រាប់ឆ្នាំ ២០១៩-២០២៣របស់ក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំ ខេត្តត្បូងឃ្មុំ និងលទ្ធផលវិស័យអប់រំដែលសម្រេចបានចំពោះការអនុវត្តក្នុងឆ្នាំសិក្សា២០១៩-២០២០ ទៅលើផែនការ និងសកម្មភាពដែលបានដាក់និងអនុវត្តកន្លងមក រួមទាំងបញ្ហាជំងឺកូវីដ១៩ ដែលជះឥទ្ធិពលមិនល្អដល់ការរៀន និងបង្រៀនរបស់គ្រូ និងសិស្ស។

ស្ថិតក្នុងឲកាសនោះ លោកជំទាវ នី ច័ន្ទធីតា អភិបាលរងខេត្តត្បូងឃ្មុំ បានមានប្រសាសន៏ថា កិច្ចប្រជុំនេះមានសារៈសំខាន់ណាស់ ដែលត្រូវតែអនុវត្ត ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូ និងហិរញ្ញប្បទាន រួមទាំងការកាត់តម្រឹមនូវសកម្មភាព និងការគ្រោងថវិកា ដើម្បីអោយសម្រេចបាននូវគោលនយោបាយអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា និងរួមចំណែកក្នុងការអនុវត្តគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។

ក្នុងនោះលោកជំទាវបានលើកនូវបញ្ហាសុខភាពសិក្សា តាមសាលារៀន ការខ្វះខាតទឹកស្អាតតាមសាលារៀន និងបង្គន់អនាម័យ អគារទ្រុឌទ្រោម កង្វះបុគ្គលិក និងបានស្នើអោយមន្ទីរពាក់ព័ន្ធមេត្តាជួយដោះស្រាយ ដើម្បីលើកកម្ពស់សុវត្ថិភាព និង សុខុមាលភាពចំណីអាហារ នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជន។

ពាក់ព័ន្ធនឹងវិស័យអប់រំក្នុងគ្រានៃជំងឺកូវីដ១៩នេះ លោកជំទាវបានជំរុញឲ្យមន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន អង្គការដៃគូទាំងអស់ រួមគ្នាធ្វើយ៉ាងណាឲ្យកិច្ចដំណើរការចូលរៀនឡើងវិញរបស់គ្រឹះស្ថានសិក្សាលើកទី២ ប្រព្រឹត្តិទៅបានដោយរលូន និងមានសុវត្ថិភាពខ្ពស់ ដោយរៀបចំឲ្យបានត្រឹមត្រូវនូវការរក្សាគំលាតសិស្សទាំងក្នុងនិងក្រៅសាលា ពាក់ម៉ាស់ការពារ បន្ទប់ស្អាត មានសាប៊ូលាងដៃ បរិស្ថានស្អាត ជាពិសេសត្រូវរៀបចំអោយបានរួចរាល់នូវអនាម័យ ក្នុងនិងក្រៅមណ្ឌលប្រលង សម្រាប់ការប្រឡងសញ្ញាបត្របឋមភូមិ ថ្នាក់ទី០៩ និងទុតិយភូមិបាក់ឌុបថ្នាក់ទី១២ របស់សិស្សានុសិស្ស ដែលនឹងប្រព្រឹត្តិទៅនាខែធ្នូខាងមុខនេះ៕