បណ្តាញសង្គម

សាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ និងក្រុមហ៊ុនអង្គរហ្រ្គីន ចុះMOUរួមគ្នា ផ្តល់ឱកាសនិស្សិតពង្រឹងចំណេះដឹងផ្នែកកសិកម្ម សេដ្ឋកិច្ច និងការស្រាវជ្រាវ

សាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ (សហសត) និងក្រុមហ៊ុនអង្គរហ្រ្គីន Angkor Green Investment and Development (AGID) បានចុះអនុសារណៈយោគយល់រួមគ្នាមួយ

លើកិច្ចសហការអភិវឌ្ឍន៍ផ្នែកអប់រំ ស្រាវជ្រាវ ផ្សព្វផ្សាយ កសិកម្ម និងសេដ្ឋកិច្ច ដើម្បីជួយនិស្សិតពង្រឹងសមត្ថភាពលើផ្នែកទាំងនេះឲ្យកាន់តែមុតស្រួចថែមមួយកម្រិតទៀត។

ពិធីនេះប្រព្រឹត្តទៅនៅសាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ពិន វណ្ណារ៉ូ សកលវិទ្យាធិការនៃសាកល វិទ្យាល័យ ហេងសំរិនត្បូងឃ្មុំ និងលោក ចាន់ សុភក្ត្រ ប្រធាននាយកប្រតិវត្តិនៃក្រុមហ៊ុនអង្គរហ្គ្រីន។

តាមរយៈការចុះអនុស្សរណៈយោគយល់នេះ សិស្ស និស្សិត សាស្ត្រាចារ្យនៃសាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ មន្ត្រីរាជការ និងបុគ្គលិក នឹងទទួលបានការផ្លាស់ប្ដូរបទពិសោធន៍ បង្កើនចំណេះដឹង ពិសេសការសិក្សាលើការអភិវឌ្ឍន៍កិច្ចការ ស្រាវជ្រាវ កសិកម្ម សេដ្ឋកិច្ច និងការផ្សព្វផ្សាយ។

បង្កើនកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នទាំងពីរ ដោយសាកលវិទ្យាល័យ នឹងទទួលបានវគ្គបណ្ដុះបណ្ដាល សិក្ខាសាលា និងសន្និសិទ្ធសិក្សាស្រាវជ្រាវពី AGID ដែលធ្វើឲ្យបុគ្គលិក និងសិស្សានុសិស្សកាន់តែមានសមត្ថភាពរឹងមាំ។

ក្នុងឳកាសនោះឯកឧត្តម ពិន វណ្ណារ៉ូ ក៍បានថ្លែងអំណរគុណដល់ AGID ដែលបានចាប់យក សហតស ជាដៃគូ ក៍ដូចជាបង្ហាញពីគោលបំណងសំខាន់ នៃការបង្កើត សហសត ឡើងកាលពីឆ្នាំ២០១៦ ដើម្បីផ្តល់ឳកាសដល់សិស្សានុសិស្សដែលរស់នៅតាមជនបទ ជាពិសេសភាគខាងជើងនៃប្រទេសកម្ពុជា ដើម្បីទទួលបាននូវសេវាអប់រំកំរិតឧត្តមសិក្សា ក្នុងគោលដៅរួមចំណែកក្នុងការអភិវឌ្ឍអាជីផ្ទាល់ខ្លួនរបស់ពួកគេ ក៍ដូចជាសហគមន៍ក្នុងតំបន់ និងចូលរួមចំណែកកាត់បន្ថយគម្លាតចំណេះដឹងរវាងប្រជាជននៅជនបទ និងទីក្រុងផងដែរ។

សូមជម្រាបថា ការចុះMOUនៃស្ថាប័នទាំងពីរនេះ ក្រៅពីទទួលបានអត្ថប្រយោជន៍ជាច្រើនសម្រាប់សិស្សនិស្សិត និងអ្នកពាក់ព័ន្ធទាំងអស់ហើយ ក៍បានប្តេជ្ញារួមគ្នាចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រតាមរយៈការអភិវឌ្ឍន៍សង្គម ឳកាសអប់រំសេដ្ឋកិច្ច និងការលើកកម្ពស់សុខភាព ក៍ដូចជាកសាងសមត្ថភាពធនធានមនុស្សនៅកម្ពុជា៕