បណ្តាញសង្គម

ប្រកាសផ្លាស់ប្តូរ និងប្រគល់ភារកិច្ចប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនខេត្តត្បូងឃ្មុំ

នៅសាលប្រជុំ(ក)សាលាខេត្តត្បូងឃ្មុំ រសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តមពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត

បានអញ្ជើញជាអធិបតីប្រកាសផ្លាស់ប្តូរ និងប្រគល់ភារកិច្ចប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលស្រុកមេមត់ ពញាក្រែក សាខាគយប្រចាំច្រកទ្វារ សាខាកាំកុងត្រូលខេត្ត ប្រធានច្រកទ្វារតាមបណ្ដាច្រកព្រំដែន និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

សូមបញ្ជាក់ថា ច្រកទ្វារព្រំដែនក្នុងខេត្តត្បូងឃ្មុំមានចំនួន០៧ច្រក នៅក្នុងស្រុកមេមត់ និងស្រុកពញាក្រែក រួមមាន: *លោក ហាស់ ពណ្ណរិទ្ធ ត្រូវបានតែងតាំងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនទ្វេភាគីទន្លេចាម *លោក កែវ សុខា ពីប្រធានច្រកទ្វារព្រំដែនទ្វេភាគីទន្លេចាម ទៅកាន់ប្រធានច្រកទ្វារព្រំដែនតំបន់ចាន់មូល ជំនួសលោក អ៊ុំ ផលឡូត ដែលត្រូវទៅបម្រើការងារនៅអង្គភាពដើមវិញ *លោក មួន សុភាព បន្តជាប្រធានច្រកទ្វារព្រំដែនទ្វេភាគីដារ *លោក ស្រ៊ុន ណាត បន្តជាប្រធានច្រកទ្វារតំបន់ព្រំដែនទ្វេភាគីដូនរ័ត្ន *លោក តូច សុភា បន្តជាប្រធានច្រកទ្វារព្រំដែនតំបន់ទន្លូង *និងលោក ផាន់ គឹមស៊ន ប្រធានច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង។

លោក ហ៊ាង សុភី នាយកស្តីទីទីចាត់ការធនធានមនុស្សសាលាខេត្តត្បូងឃ្មុំ បានអានសេចក្តីប្រកាសផ្លាស់ប្តូរនិងប្រគល់ភារកិច្ចប្រធានច្រកទ្វារទាំង០៧ ក្នុងឳកាសនោះ លោក ហាស់ ពណ្ណរិទ្ធ ត្រូវបានតែងតាំងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនទ្វេភាគីទន្លេចាម តំណាងប្រធានច្រកទាំងអស់ បានឡើងប្តេជ្ញាចិត្តបន្តរក្សាសាមគ្គីភាពផ្ទៃក្នុងអោយបានល្អ រក្សាទំនាក់ទំនងជាមួយប្រទេសជិតខាង បង្ក្រាបរាល់បទល្មើសសេដ្ឋកិច្ច បទល្មើសផ្សេងៗ និងរក្សាសុខសណ្តាប់ធ្នាប់តាមបន្ទាត់ព្រំដែន ធានាសន្តិសុខជូនប្រជាពលរដ្ឋ។

ឯកឧត្តម ពាង ណារិទ្ធ បានថ្លែងថា ប្រធានច្រកទ្វារមួយអាណត្តិមានរយៈពេល០២ឆ្នាំ ចំពោះការតែងតាំងផ្លាស់ប្តូរមុខតំណែង វាជារឿងធម្មតារបស់មន្ត្រីរាជការមុខងារសាធារណៈ ដែលធ្វើឡើងដើម្បីផ្លាស់ប្តូរ បទពិសោធន៍នៃមុខតំណែងផ្សេងទៀត របស់ស្ថាប័នរដ្ឋតាមតម្រូវការចាំបាច់ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមានរបស់ថ្នាក់លើ ដើម្បីលើកកម្ពស់សមត្ថភាពការងារ និងការដឹកនាំគ្រប់គ្រង សំដៅធ្វើឱ្យមានកំណែក្នុងប្រព័ន្ធ ការងារឱ្យកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម អភិបាលរងខេត្ត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារដែល ប្រធានច្រកទ្វារព្រំដែនទាំងច្រកអន្តរជាតិ ច្រកទ្វេភាគី និងច្រកតំបន់អនុវត្តបានយ៉ាងល្អប្រសើរនាពេលកន្លងមក។

ជាមួយគ្នានោះ ឯកឧត្តម ពាង ណារិទ្ធ បានណែនាំឲ្យប្រធានច្រក ដែលបានប្រកាសទទួលភារកិច្ចនាពេលនេះ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ បន្តកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង រួមសហការបង្ក្រាបរាល់បទល្មើសសេដ្ឋកិច្ច និងបទល្មើសនានាតាមបន្ទាត់ព្រំដែន ។

មួយវិញទៀត បន្តធ្វើការសម្រួលការធ្វើចរាចរទំនិញចេញចូល ធានាគុណភាព សម្រាប់សុខភាពប្រជាពលរដ្ឋ ជាពិសេស ត្រូវរួមសហការជាមួយមន្ត្រីគយប្រចាំច្រក លើការយកពន្ធជូនរដ្ឋ ដែលជាប្រភពនៃសេដ្ឋកិច្ចជាតិ៕