បណ្តាញសង្គម

អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចុះពិនិត្យមើល តំបន់សាងសង់ អគាររដ្ឋបាលខេត្ត និងសាកលវិទ្យាល័យ សម្រាប់ខេត្តថ្មីនេះ

ត្បូងឃ្មុំ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ អមដោយ ដំណើរដោយ អភិបាលរងខេត្ត ស្នងការនគរបាលខេត្ត និងមន្រ្តីជំនាញ ពាក់ព័ន្ធមួយចំនួនទៀត កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ បានចុះទៅពិនិត្យមើល ទីតាំងសាងសង់ សំណង់អគាររដ្ឋបាលខេត្ត ដែលមានស្ថិតនៅ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ។

មន្រ្តីខេត្ត បានឲ្យដឹងថា តាមគម្រោង ទីតាំងមួយនេះ ក្រៅពីការសាងសង់ សំណង់អគាររដ្ឋបាលខេត្ត នឹងមានការសាងសង់ សកលវិទ្យាល័យទៀតផង គឺសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ។

មន្រ្តីដដែល បានបន្តទៀតថា ពិធីបើកការដ្ឋានសាងសង់ សំណង់អគាររដ្ឋបាលខេត្ត អាចនឹងត្រូវធ្វើឡើង ក្រោមអធិបតីភាព ដ៍ខ្ពង់ខ្ពស់ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាដើមខែមករា ឆ្នាំ២០១៥ខាងមុខនេះ ។ ដោយឡែក សំណង់អគារ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ អាចនឹងត្រូវធ្វើឡើង នាខែធ្នូ ចុងឆ្នាំនេះតែម្តង។

មន្រ្តីខេត្ត បានលើកឡើងថា ក្រោយអគាររដ្ឋបាល ខេត្តត្បូងឃ្មុំ ត្រូវបានសាងសង់ចប់នោះ នឹងធ្វើឲ្យមន្រ្តីខេត្តទាំងអស់ មានងាយស្រួល និងមានកន្លែង ធ្វើការត្រឹមត្រូវ ហើយជំរុញឲ្យខេត្តកូនពៅ ទី២៥ មួយនេះ មានការទាក់ទាញ កាន់តែខ្លាំង ពីមហាជនទូទៅ៕