បណ្តាញសង្គម

សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ សហការជាមួយរដ្ឋបាលស្រុកអូរាំងឪ បើកយុទ្ធនាការផ្សព្វផ្សាយទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវី១៩ ដល់ប្រជាពលរដ្ឋនៅផ្សារអូរាំងឪ

នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ សហការជាមួយរដ្ឋបាលស្រុកអូរាំងឪ បើកយុទ្ធនាការផ្សព្វផ្សាយទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវី១៩

ដល់ប្រជាពលរដ្ឋនៅផ្សារអូរាំងឪ ដឹកនាំដោយលោក ម៉ៅ ឌុង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ និងលោក ងួន ប៊ុណ្ណាន អភិបាលស្រុកអូរាំងឪ និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកអូររាំងឪ ក្នុងនោះមានការចូលរួម លោក លោកស្រី អនុប្រធាន និងសមាជិក សមាជិកា ស.ស.យ.កខេត្ត ស្រុក និងឃុំ ជាច្រើនរូបទៀត ។

ក្នុងយុទ្ធនាការនេះដែរ បានចុះផ្សព្វផ្សាយចាប់ពីទីតាំងសាលាស្រុកឆ្ពោះទៅទីប្រជុំជនផ្សារអូររាំងឪ ព្រមទាំងបានចែកម៉ាស់ជូនប្រជាពលរដ្ឋនៅទីប្រជុំជនផ្សារអូររាំងឱចំនួន ១០៥០ម៉ាស់ផងដែរ។

ថ្លែងនាឱកាសនោះ លោក ម៉ៅ ឌុង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ បានក្រើនរំលឹកប្រជាពលរដ្ឋមិនត្រូវភ្លេចខ្លួនជាមួយជំងឺកូវីដ-១៩នេះឡើយ ពោលត្រូវបន្ដប្រុងប្រយ័ត្ន ធ្វើអនាម័យជាប់ជាប្រចាំ ពាក់ម៉ាស និងលាងដៃជាមួយ សាប៊ូ អាកុល ជែល និងរក្សាគម្លាតសុវត្ថិភាព ព្រោះជំងឺដ៏កាចសាហាវនេះពិភពលោកកំពុងតែមានការព្រួយបារម្ភនៅឡើយ ខណៈអត្រាការឆ្លងបន្ដមានជារៀងរាល់ថ្ងៃ។

លោក បន្តថា ៖ ដើម្បីការពារ ទប់ស្កាត់ និងបង្ការការចម្លងជំងឺនេះ សូមពុកម៉ែបងប្អូន ត្រូវរក្សាសុខភាព និងរក្សាអនាម័យ និងចូលរួមអនុវត្តតាមការផ្សព្វផ្សាយអប់រំរបស់ក្រសួងសុខាភិបាល៖

១. ត្រូវលាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល, ២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រេីកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ, ៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ, ៤. ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់, ៥. បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ, ៦. ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ។

លោក ម៉ៅ ឌុង បានណែនាំឲ្យប្រជាពលរដ្ឋដែលជាពលករមកពីក្រៅប្រទេស ទើបវិលត្រឡប់មកវិញ និងអ្នកដែលមានការពាក់ព័ន្ធនឹងអ្នកផ្ទុកជំងឺCOVID-19 ត្រូវរស់នៅដាច់ដោយឡែកពីក្រុមគ្រួសារ រយៈពេល១៤ថ្ងៃសិន ដើម្បីឲ្យប្រាកដថា ខ្លួនមិនមានផ្ទុកជំងឺនេះ និងដើម្បីកុំឲ្យឆ្លងជំងឺនេះទៅក្រុមគ្រួសារ ក្នុងករណីដែលខ្លួនមានផ្ទុកជំងឺនេះ។

ដោយឡែក អ្នកដែលមានអាការៈគួរឲ្យសង្ស័យ ដូចទៅនឹងរោគសញ្ញានៃជំងឺ COVID-19 ត្រូវប្រញ៉ាប់រាយការណ៍ទៅមន្រ្តីសុខាភិបាល តាមរយៈទូរសព្ទលេខ១១៥ ឬទៅកាន់មណ្ឌលសុខភាពផ្ទាល់ ដែលនៅជិតផ្ទះរបស់ខ្លួន ដើម្បីឲ្យក្រុមគ្រូពេទ្យពិនិត្យ និងព្យាបាល ទាន់ពេលវេលា។

ក្រៅពីនេះ ក៏បានណែនាំប្រជាពលរដ្ឋទាំងអស់ គោរពតាមសារចរណែនាំរបស់រាជរដ្ឋាភិបាល ស្តីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺ COVID-1៩។