បណ្តាញសង្គម

ខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំផ្សព្វផ្សាយ សិក្ខាសាលា សមាហរណកម្ម ផែនការឃុំ-សង្កាត់ ឆ្នាំ២០១៥

ត្បូងឃ្មុំ៖ ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅសាលាខេត្តត្បូងឃ្មុំ មានកិច្ចប្រជុំ ផ្សព្វផ្សាយ សិក្ខាសាលា សមាហរណកម្ម ផែនការ ឃុំសង្កាត់ ឆ្នាំ២០១៥ ដែលរៀបចំ ឡើងដោយ មន្ទីរផែនការ ខេត្តត្បូងឃ្មុំ ក្រោអធិបតីភាព ឯកឧត្តម លី ឡេង អភិបាលរង នៃអភិបាល ខេត្តត្បូងឃ្មុំ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលរងស្រុក ព្រមទាំងបណ្តាអង្គការ ស្ថាប័ននានា ជាច្រើនរូបទៀត ។

ឯកឧត្តម លី ឡេង បានមានប្រសាសន៍ថា៖ កិច្ចប្រជុំផ្សព្វផ្សាយ នាពេលនេះ រៀបចំឡើងក្នុងគោលបំណង ណែនាំ អំពីការត្រៀមរៀបចំ សិក្ខាសាលា សមាហរណកម្មផែនការ ឃុំ សង្កាត់ នៅក្នុងថ្នាក់ក្រុង -ស្រុក និងបង្ហាញគម្រោង អាទិភាពដែលស្នើរ ឡើងដោយ ឃុំ សង្កាត់ ទាំង ៦៤ឃុំ សម្រាប់ឆ្នាំ២០១៥ ដើម្បីឲ្យភ្នាក់ងារ អនុវត្តនានា មានស្ថាប័នរដ្ឋ មន្ទីរ អង្គភាពថ្នាក់ខេត្ត អង្គការអន្តរជាតិ និងអង្គការ ក្រៅរដ្ឋាភិបាល ទាំងអស់ជួយគាំទ្រ និងទទួលយកគម្រោង ឃុំ សង្កាត់ ដែលស្នើរឡើង បញ្ចូលសេវា របស់ខ្លួនជូន ប្រជាពលរដ្ឋ នៅតាមភូមិ សង្កាត់ ។

បន្ទាប់ពី ឯកឧត្តម លី ឡេង ថ្លែសុន្ទរកថាបើក កម្មវិធីរួចមក លោក អេង ណារ៉េត ប្រធានមន្ទីរផែនការខេត្ត អានសេចក្តី ណែនាំស្តីពី ការរៀបចំ កិច្ចដំណើរការ សិក្ខាសាលា សមាហរណកម្មផែនការថ្នាក់ ក្រុង ស្រុក ឃុំ និងសង្កាត់ ឆ្នាំ២០១៥ ដែលនិងដំណើរការ ចាប់ពីថ្ងែទី២៤ ខែវិច្ឆិកា ដល់ថ្ងែទី៥ ខែធ្នូ ឆ្នាំ២០១៤ នៅសាលាក្រុង ស្រុកដូចខាងក្រោម ៖ ១. មន្ទីរផែនការខេត្ត និងនាយក ទីចាត់ការផែនការ និងវិនិយោគ ដែលជាសេនាធិការ ឲ្យក្រុមការងារ កសាងផែនការអភិវឌ្ឍន៍ ២. មន្ទីរ អង្គភាពជុំវិញខេត្ត ត្រូវបែងចែកមន្ត្រី ឲ្យចូលរួមក្នុងសិក្ខាសាលា សមាហរណកម្ម ផែនការ ក្រុង ស្រុក ឃុំ និងសង្កាត់ ឆ្នាំ២០១៥ ៣. អភិបាលក្រុង ស្រុក និងជាប្រធាន គណៈកម្មាធិការ សម្របសម្រួល បច្ចេកទេសក្រុង -ស្រុក ត្រូវចាត់ចែង ដឹកនាំមន្ត្រីថ្នាក់ក្រុង-ស្រុក ៤. អង្គការជាតិ -អន្តរជាតិ និងអង្គការរ ក្រៅរដ្ឋាភិបាល ព្រមទាំង វិស័យឯកជន ដែលកំពុង ប្រតិបត្តិការ នៅក្នុងខេត្ត ៥. គ្រប់ក្រុង-ស្រុក និងក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវដឹកនាំ និងត្រៀមការងារ មួយចំនួន ដើម្បីចូលរួម សិក្ខាសាលានេះ រួមមានៈ ការរៀបចំគម្រោង អាទិភាពក្រុង ស្រុក ឃុំ និងសង្កាត់ឆ្នាំ ២០១៥ ។

ឯកឧត្តម លី ឡេង បានមានប្រសាសន៍ បិទអង្គសិក្ខាសាលាថា៖ នេះគឺជាសក្ខីភាពមួយ ដ៏មានតម្លៃដែល ឆ្លុះបញ្ចាំង ពីការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ក្នុងការ អនុវត្តតួនាទី ភារកិច្ច ប្រកបដោស្មារតី ទទួលខុសត្រូវខ្ពស់ របស់រដ្ឋាភិបាល ថ្នាក់ក្រោមជាតិ ក្នុងការប្រត្តិបត្តិ ច្បាប់ស្តីពីការគ្រប់គ្រង រដ្ឋាភិបាល រាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ អនុក្រឹត្យស្តីពីផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំ រំកិលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ប្រកាសស្តីពីផែនការ អភិវឌ្ឍន៍ និងកម្មវិធីវិនិ យោគបីឆ្នាំរំកិល របស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងសេចក្តីណែនាំ បច្ចេកទេស ស្តីពីការកសាង ផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ បីឆ្នាំរំកិល របស់ក្រុង ស្រុក និងគោលការណ៏ ណែនាំស្តីពី ការកសាងកម្មវិធី វិនិយោគរបស់ឃុំ សង្កាត់ ដោយយកចិត្តទុកដាក់ខ្ពស់៕