បណ្តាញសង្គម

អាជ្ញាធរខេត្តត្បូងឃ្មុំ អំពាវនាវដល់កសិករដាំបន្លែសុវត្ថិភាព ត្រូវបន្តចងក្រងបណ្ដុំសហគមន៍ ដើម្បីលើកកម្ពស់ការដាំដុះ និងការផ្គត់ផ្គង់តាមតម្រូវការទីផ្សារ

ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អំពាវនាវដល់កសិករដាំបន្លែសុវត្ថិភាពទាំងអស់ទូទាំងខេត្ត ត្រូវបន្តចងក្រងបណ្ដុំសហគមន៍បន្ថែមទៀត

ដើម្បីលើកកម្ពស់ការដាំដុះដែលធានា ដល់ការផ្គត់ផ្គង់តាមតម្រូវការទីផ្សារ និងតម្លៃ ។

ថ្លែងបែបនេះធ្វើឡើង ក្នុងឱកាសដែរឯកឧត្តម អភិបាលរងខេត្ត បានអញ្ជើញចុះជួបសំណេះសំណាលប្រជាកសិករដាំបន្លែក្នុងសហគមន៍ល្ងៀងមានជ័យ ស្ថិតនៅឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ។

ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្ត បន្តថា ៖ ជាយុទ្ធសាស្ត្រក្នុងការដោះស្រាយទីផ្សារជូនកសិករ រាជរដ្ឋាភិបាល បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន ដែលនឹងចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២១ខាងមុខ ដែលជាទីផ្សារដ៏ធំសម្រាប់កម្ពុជា ហើយក៏កំពុងប្រឹងប្រែងផងដែរ ក្នុងការណែនាំកសិករផលិតឲ្យត្រូវតាមស្តង់ដារខ្នាត បទដ្ឋានដែលគេចង់បាន។

វាពិតណាស់ត្រូវការចូលរួមទាំងអស់គ្នា ដើម្បីសម្រេចគោលបំណងប្រកបដោយមច្ឆិតានិងទស្សនទានរបស់ថ្នាក់ដឹកនាំយើង។

ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្ត បានណែនាំឱ្យកសិករចងក្រងជាបណ្តុំ ដើម្បីបង្កលក្ខណៈងាយស្រួលទាំងអ្នកលក់ និងអ្នកទិញ បន្ទាប់ពីប្រជាពលរដ្ឋជាច្រើនគ្រួសារ បានងាកមកដាំបន្លែសុវត្ថិភាពឆ្លើយតបតាមតម្រូវការទីផ្សារ និងអ្នកបរិភោគ។

ដូច្នេះ មានតែការអនុវត្តតាមបទដ្ឋានបច្ចេកទេសកសិកម្មថ្មី ដែលមន្ត្រីជំនាញកសិកម្មតែងបណ្តុះបណ្តាល បង្ហាត់បង្ហាញ ដែលមានភាពបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុផងនិងអាចកាត់បន្ថយថ្លៃដើមផលិតផង ដូចជាការដាំដុះ ដោយប្រើប្រាស់គម្របថង់ប្លាស្ទិច ទុយោតំណក់ ទុយោសាច ចំណេញកម្លាំងពលកម្មក្នុងការសម្អាតស្មៅ ប្រើទឹកតិច ចំណេញពេលវេលា ទើបជួយសម្រាលថ្លៃដើមផលិត ដោះស្រាយភាពប្រឈមនឹងការចំណាយ។

ឯកឧត្តម បានលើកទឹកចិត្តប្រជាកសិករឲ្យខិតខំដាំដំណាំបន្លែបន្ថែមទៀត ប៉ុន្តែត្រូវផ្លាស់ប្តូរមុខបន្លែ រើសយកប្រភេទបន្លែមានទីផ្សារ តម្លៃខ្ពស់ រក្សាទុកបានយូ ហើយចៀសវាងដាំបន្លែដដែរៗ ជាន់គ្នាដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃ និងការផ្គត់ផ្គង់នៅលើទីផ្សារ។

ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្ត បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ជួយគាំទ្រនូវផលិតផលកសិកម្មខ្មែរ ក៏ដូចជាលើកទឹកចិត្តដល់ប្រជាកសិករឱ្យបន្តខិតខំប្រឹងប្រែងដាំបន្លែសុវត្ថិភាពឱ្យបានច្រើនជាបន្តទៀត ដើម្បីលើកស្ទួយជីវភាពគ្រួសារ ក៏ដូចជាលើកស្ទួយវិស័យកសិកម្មក្នុងខេត្តត្បូងឃ្មុំ។

ទន្ទឹមនេះ សុំឲ្យបងប្អូនចងក្រងជាក្រុមផលិត ឬ ជាសហគមន៍ផលិត ស្របតាមបច្ចេកទេសនិងការតម្រូវរបស់ទីផ្សារ និងឈានទៅដល់ការដាំដុះលក់ ទិញ តាមកិច្ចសន្យាផលិតកម្មកសិកម្ម។ សូមបញ្ជាក់ថា ៖ បណ្តុំសហគមន៍ល្ងៀងមានជ័យ មានសមាជិកដាំដុះបន្លែសុវត្ថិភាពសរុបចំនួន៤៩គ្រួសារ ដោយមានផ្ទៃដីជាង៥០ហិចតាផងដែរ ៕