បណ្តាញសង្គម

មន្ទីរផែនការ និងមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ រួមគ្នាបើកវគ្គបណ្តុះបណ្តាលមន្រ្តីសម្ភាសន៍ស្រង់ទិន្នន័យអង្កេតកសិកម្មឆ្នាំ២០២០

នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី

បើកវគ្គបណ្តុះបណ្តាលមន្រ្តីសម្ភាសន៍ស្រង់ទិន្នន័យអង្កេតកសិកម្មឆ្នាំ២០២០ ដែលមានរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០។

មានប្រសាសន៍នាឱកាសនោះឯកឧត្តម ចេង ប៊ុណ្ណារ៉ា បានលើកឡើងថា៖ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងដើម្បីពង្រឹងលើកកម្ពស់គុណភាពសមត្ថភាពមន្រ្តីជំនាញ ស្ថិតិក្នុងការសម្ភាសកត់ត្រាទិន្នន័យគ្រួសារកសិកម្ម ដោយប្រើបច្ចេកវិទ្យា សម្រាប់ធ្វើប្រតិបត្តិការចុះសម្ភាសន៍កត់ត្រាទិន្នន័យសំណាកគ្រួសារកសិកម្ម ដែលមានជិតចំនួន១៦.០០០គ្រួសារ និងសហគ្រាសកសិកម្មខ្នាតធំជាង៣០០សហគ្រាស នៅទូទាំងប្រទេសក្នុងរាជធានីខេត្តទាំង២៥។

ឯកឧត្តម បន្ថែមថា ជាពិសេសដើម្បីប្រមូលទិន្នន័យព័ត៌មានអំពីស្ថានភាពកសិកម្មដំណាំដាំដុះ ការចិញ្ចឹមបសុសត្វនិង/ឬបសុបក្សី វារីវប្បកម្ម និងនេសាទ ចំនួនអ្នកចូលរួមការងារក្នុងវិស័យកសិកម្ម បញ្ហាផលប៉ះពាល់ពីការរាតត្បាតជំងឺកូវីដ១៩ (COVID-19) និងទិន្នន័យព័ត៌មានផ្សេងៗ ពាក់ព័ន្ធដូចមានតារាងសំណួរអង្កេតកសិកម្មឆ្នាំ២០២០ ដើម្បីធ្វើបច្ចុប្បន្នកម្មទិន្នន័យកសិកម្មឱ្យកាន់តែសំបូរបែប សម្រាប់អ្នកប្រើប្រាស់ធ្វើជាមូលដ្ឋានគ្រឹះធាតុចូល ក្នុងការរៀបចំផែនការគោលនយោបាយអភិវឌ្ឍវិស័យកសិកម្មផែនការ យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល និងគោលនយោបាយពាក់ព័ន្ធដទៃទៀត ស្របតាមយុទ្ធសាស្រ្ត ចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត សង្ឃឹមយ៉ាងមុតមាំថា វគ្គបណ្តុះបណ្តាលមន្រ្តីសម្ភាសន៍សម្រាប់អង្កេតកសិកម្មកម្ពុជាឆ្នាំ២០២០ និងឆ្នាំបន្តបន្ទាប់ ឱ្យសម្រេចបានជោគជ័យតាមផែនការដែលបានគ្រោងទុក និងបំពេញបាននូវតម្រូវការរបស់អ្នកប្រើប្រាស់ទាំងថ្នាក់ជាតិ ថ្នាក់តំបន់និងអន្តរជាតិ ដែលអាចផ្តល់ជាមូលដ្ឋានធាតុចូលពិតប្រាកដ ក្នុងការកសាងផែនការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច បរិស្ថាន សង្គមកិច្ចខេត្តត្បូងឃ្មុំ ឱ្យកាន់ តែប្រសើរថែមទៀត៕