បណ្តាញសង្គម

រដ្ឋបាលខេត្តត្បូងឃ្មុំ ផ្សព្វផ្សាយលទ្ធផល សន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២០ និងប្រគល់រង្វាន់ជ័យលាភីប្រឡងប្រណាំងអនុវត្តគោលនយោបាយ" ភូមិឃុំមានសុវត្ថិភាព " ដល់រដ្ឋបាលស្រុកក្រូចឆ្មារ

ព្រឹកថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០២១ នេះ ឯកឧត្តម ហាក់ សុខមករា អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផល សន្និបាតបូកសរុប

លទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ ២០២១ និងការប្រគល់រង្វាន់ជ័យលាភីប្រឡងប្រណាំងអនុវត្តគោលនយោបាយ" ភូមិឃុំមានសុវត្ថិភាព " ឆ្នាំ២០២០ ជូនដល់រដ្ឋបាលឃុំ សង្កាត់ នៃរដ្ឋបាលស្រុក/ក្រុង នៃស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅ នៅសាលប្រជុំសាលាស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តមឧត្តមសេនីយ៍ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត គណៈអភិបាលស្រុកក្រូចឆ្មារ ក្រុមប្រឹក្សាស្រុក លោកមេឃុំ ស្មៀន មន្ត្រីសាលាស្រុកក្រូចឆ្មារ នឹងអ្នកអ្នកពាក់ព័ន្ធផងដែរ ។

នាឱកាសនោះ លោក សយ ទូច អភិបាល នៃគណៈអភិបាលស្រុកក្រូចឆ្មារ បានជម្រាបជូននូវរបាយការណ៍ សកម្មភាព ការអភិវឌ្ឍ ការងារ នៅតាមមូលដ្ឋានរបស់ស្រុក រួចមក ! លោក រី ដាវិន នាយករងរដ្ឋបាលសាលាខេត្ត ក៏បានធ្វើការប្រកាសជម្រាបជូន អង្គពិធីនូវ លទ្ធផលការប្រឡងប្រណាំងអនុវត្តគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព និងបានប្រគល់រង្វាន់ជ័យលាភី ជូនដល់រដ្ឋបាលឃុំសង្កាត់ រដ្ឋបាលក្រុងស្រុក នៅស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំ និងបានប្រគល់ជូន ដោយឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ ។

ថ្លែងនាឱកាសនោះ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយមាន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាពិសេស ឯកឧត្តម ជា សុផារ៉ា ជាប្រធានក្រុមការងារខេត្តត្បូងឃ្មុំ មានការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង អនុវត្តបានល្អប្រសើរ នូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ។

ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា រដ្ឋាភិបាល កម្ពុជា បាន សម្រេច កែ លម្អ លក្ខណសម្បត្តិ នៃគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ឲ្យសមស្របទៅតាម ស្ថានភាពបច្ចុប្បន្ន ខណៈវិធានការការពារជំងឺឆ្លងក៏ត្រូវបានដាក់ បញ្ចូល ទៅ ក្នុង គោលនយោបាយថ្មីនេះដែរ។ ការ កែសម្រួល គោលនយោបាយនេះ គឺធ្វើ ឡើង បន្ទាប់ពីបាន ដាក់ ឲ្យ អនុវត្តន៍អស់ រយៈពេល១០ ឆ្នាំកន្លងមក។

ឯកឧត្តម ហាក់ សុខមករា ក៏បានសំណូមពរ សូមឲ្យមន្ត្រីរដ្ឋបាលស៊ីវិល កម្លាំងមានសមត្ថកិច្ច ព្រមទាំងរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ត្រូវបន្តរួមគ្នាសម្រេចឲ្យបាននូវទិសដៅជាយុទ្ធសាស្ត្រសំខាន់ៗទាំង ៨ ចំណុច និងពង្រឹងការប្ដេជ្ញារួមគ្នាអនុវត្តឲ្យបានសម្រេចនូវទិសដៅការងារឆ្នាំ២០២១ នេះ ដើម្បីបំរើផលប្រយោជន៍ជាតិ និងប្រជាជននៃខេត្តត្បូងឃ្មុំទាំងមូល ។

ជាមួយគ្នានេះ ឯកឧត្តម ហាក់ សុខមករា បានមានប្រសាសន៍ផ្តាំផ្ញើ ដោយបន្តការផ្សព្វផ្សាយ និងអនុវត្តន៍ ចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាល ជម្ងឺកូវីដ-១៩ ក្នុងសហគមន៍ ជាពិសេសប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន គឺ ៣ ការពារ រួមមាន ពាក់ម៉ាស់ លាងដៃ នឹងគំលាតសង្គម-បុគ្គល និង ៣កុំ គឺកុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងម៉ាស៊ីនត្រជាក់ច្រើនពេក កុំទៅកន្លែងមានមនុស្សច្រើន និងកុំប៉ះពាល់គ្នា កុំចាប់ដៃ កុំកៀកស្មា កុំអោបគ្នាជាដើម ។