បណ្តាញសង្គម

ការផ្សព្វផ្សាយច្បាប់ស្តីពី ការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម

ត្បុងឃ្មុំ៖ ដើម្បីឆ្លើយតប ទៅនឹងយុទ្ធសាស្រ្ត ចតុកោណ របស់រាជរដ្ឋាភិបាល ដែលមានមុំមួយ នៃយុទ្ធសាស្ត្រនេះ បានផ្ដោតលើការអភិវឌ្ឍន៍វិស័យ កសិកម្ម ដើម្បីជំរុញ កំនើនសេដ្ឋកិច្ច ឲ្យមានការរីកចំរើន នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥ នៅសាលាខេត្តត្បូងឃ្មុំ

បានប្រារព្ធបើកការ ផ្សព្វផ្សាយច្បាប់ស្តីពី ការគ្រប់គ្រងថ្នាំ កសិកម្ម និងជីកសិកម្ម ដោយវត្តមាន លោក អ៊ុក ស៊ីផាន់ ប្រធាន នាយកដ្ឋាននីតិកម្ម កសិកម្មនៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំង មានការអញ្ជើញ ចូលរួម ពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្ត លោក លោកស្រី អភិបាល ក្រុង ស្រុក និងមន្រ្តីរាជការ និងអាជីវករ ជាច្រើនរូបទៀត ។

លោក យូ តាំងហ៊ី អនុប្រធានមន្ទីរកសិកម្ម បានលើកឡើងថា៖ តាមច្បាប់ស្តីពី ការគ្រប់គ្រង ថ្នាំកសិកម្ម និងជីកសិកម្ម បានតម្រូវឲ្យ អនុវត្តកម្មវិធី អប់រំ ផ្សព្វផ្សាយការ យល់ដឹងជាសាធារណៈ និងកម្មវិធីបណ្តុះបណ្តាល ស្តីពីថ្នាំកសិកម្ម និងជីកសិកម្ម ក្នុងគោលបំណងលើកកម្ពស់ ការយល់ដឹងជា សាធារណៈលើការអនុវត្ត និងការប្រើប្រាស់ ថ្នាំកសិកម្ម និងជីកសិកម្ម នៅក្នុងគ្រប់ សកម្មភាពពាក់ព័ន្ធ នឹងផលិតផលនេះ និងកាត់បន្ថយហានិភ័យ ដោយបង្ក ដោយការប្រើប្រាស់ ថ្នាំកសិកម្ម និងជីកសិកម្ម ដើម្បីជា ផលប្រយោជន៍ កសិករ និងប្រជាពលរដ្ឋ ទូទាំងប្រទេស ។

លោក អ៊ុក ស៊ីផាន់ ប្រធាននាយកដ្ឋាននីតិកម្ម កសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាន មានប្រសាសន៍ថា ៖ ផលិតផលថ្នាំ កសិកម្ម និង ជីកសិកម្មនេះ គឺវាមានសារៈសំខាន់សំរាប់ ផលិតកម្ម កសិកម្ម ប៉ុន្តែវាមានហានិភ័យខ្ពស់ ដល់ប្រជាកសិករ អាជីវករ និងប្រជាពលរដ្ឋ ទូទាំងប្រទេស ដែលទាមទារ ក្នុងការទុកដាក់ ការដឹកជញ្ជូន និងការប្រើប្រាស់ ឲ្យបានត្រឹមត្រូវ តាមបច្ចេកទេស និងតាម ការតម្រូវរបស់មន្ទីរ ព្រោះវាមានផលប៉ះពាល់ យ៉ាងខ្លាំងដល់ សុខភាពប្រជាពលរដ្ឋ ទូទៅទូទាំងប្រទេស ។

លោក អ៊ុក ស៊ីផាន់ បានផ្ដាំផ្ញើដល់កសិករ អាជីវករ និងប្រជាពលរដ្ឋ ទាំងអស់ ត្រូវយកចិត្ត ទុកដាក់ដើម្បីយក ទៅអនុវត្ត និងផ្សព្វផ្សាយបន្ត ជូនដល់អ្នកពាក់ព័ន្ធនានា នៅតាមស្រុក ឃុំ សង្កាត់ ពិសេសប្រជាកសិករ ទាំងអស់បានដែល ប្រើប្រាស់ ថ្នាំកសិកម្ម និងជីកសិកម្មនេះ សូមគោរពទៅតាម បទដ្ឋានបច្ចេកទេស នៃការណែនាំឲ្យបានល្អ ដើម្បីធានាបាននូវ សន្តិសុខស្បៀង សុវត្ថិភាពស្បៀង សុខភាពសាធារណៈ និងនិរន្តភាពនៃបរិស្ថាន៕