បណ្តាញសង្គម

ពិធីផ្សព្វផ្សាយលទ្ធផល សន្និបាតបូកសរុបការងារ របស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តត្បូងឃ្មុំ

 ត្បូងឃ្មុំ ៖ ពិធីផ្សព្វផ្សាយលទ្ធផល សន្និបាតបូក សរុបការងារ ឆ្នាំ២០១៤ និងទិសដៅការងារ ឆ្នាំ២០១៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ប្រារព្វធ្វើនៅ សាលាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០១៥

ក្រោមអធិបតីភាព ឯកឧត្តម ថេង ច័ន្ទសង្វារ អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងជាតំណាង ដ៏ខ្ពងខ្ពស់ របស់ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ និងមានការ អញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត ឯកឧត្តម សមាជិក ក្រុមប្រឹក្សាខេត្ត លោក អភិបាលស្រុក /ក្រុង លោក លោកស្រី ជាប្រធាន អនុប្រធាន មន្ទីរជំវិញខេត្ត មន្ត្រីមន្ទីរអភិវឌ្ឍន៍ជនបទ ជាច្រើនរូបផងដែរ ។

លោក អាន ស៊ីណា ប្រធានមន្ទីរ អភិវឌ្ឍន៍ជនបទ ខេត្តត្បូងឃ្មុំ បានធ្វើរបាយការណ៍ បញ្ជាក់ថា ៖ ដោយអនុវត្តន៍តាម ទិសដៅ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការសម្រេច ឲ្យបាននូវគោលដៅ អភិវឌ្ឍន៍សហសវត្សកម្ពុជា និងស្របតាម គោលនយោបាយ យុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៣ អាណត្តិទី៥ របស់រាជរដ្ឋាភិបាលកម្ពុជា មន្ទីរ មានគោលការណ៍ តាមវិស័យនីមួយៗ ក្នុងគោលបំណង កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កម្រិត ជីវភាពប្រជាពលរដ្ឋ ឲ្យមានភាពកាន់ តែល្អប្រសើរឡើង ពីមួយឆ្នាំ ទៅមួយឆ្នាំ ក្នុងនោះមន្ទីរ បានអនុវត្តកម្មវិធី អភិវឌ្ឍន៍ជនបទ មានដូចជា ៖ កម្មវិធីកែលម្អហេដ្ឋា រចនាសម្ព័ន្ធជនបទ (ដោយក្រាលកៅស៊ូ និងគ្រួសក្រហម) កម្មវិធីលើកកម្ពស់ វិស័យទឹកស្អាត និងអនាម័យជនបទ គាំទ្រដោយ អង្កការ UNICEF អង្គការ plan អន្តរជាតិកម្ពុជា អង្គទឹកភ្លៀង អង្គការ CHADA អង្គការវឌ្ឍនៈភាព អង្គការទឹកស្អាតកម្ពុជា ១០០១ និងអង្គការ water shed គម្រោង ឥណទានជនបទ ដោយមានផ្ដល់ប្រាក់កម្ចី ដែលមានអត្រាការប្រាក់ទាប ។

ឯកឧត្តម ថេង ច័ន្ទសង្វារ បានសម្តែងនូវ ការកោតសរសើរ ចំពោះអង្គសន្និបាត ដោយបានលើក ពីសមិទ្ធិផល ដែលមន្ទីរ អភិវឌ្ឍន៍ជនបទ សម្រេចបានកន្លងមកប្រកប ដោយជោគជ័យ និងសូមអោយធ្វើការ ពិភាក្សាផ្លាស់ប្តូរ យោបល់កែលម្អ លើចំណុចអវិជ្ជមាន កន្លងមក រួមមានការផ្ដល់នូវ ហេដ្ឋារចនាសម្ព័ន្ធជនបទ ការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់ ស្ថានភាព អនាម័យជនបទ ការធ្វើឲ្យប្រសើរ នូវល័ក្ខខណ្ឌជីវភាព រស់នៅរបស់ប្រជាជន រួមចំណែកការ អភិវឌ្ឍសេដ្ឋកិច្ច និងឹសង្គម ។

ឯកឧត្តម ថេង ច័ន្ទសង្វារ អំពាវនាវដល់អង្គការ ដៃគូរអភិវឌ្ឍន៍នានា ដែលបានរួមចំណែក ក្នុងការស្តា កសាង និងអភិវឌ្ឍន៍ វិស័យផ្គតផ្គង់ ទឹកស្អាត និងអនាម័យជនបទ ត្រូវបន្តឧបត្ថម្ភគាំទ្រ ក្នុងការអនុវត្ត គោលនយោបាយ ចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងអភិវឌ្ឍន៍ជនបទ ផងដែរ ។

ឯកឧត្តម ថេង ច័ន្ទសង្វារ បានអញ្ជើញឡើង ប្រគល់សៀវភៅបញ្ជី សារពើភ័ណ្ឌផ្លូវជនបទ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៤ ជូនដល់តំណាង គណៈអភិបាលខេត្ត / ស្រុក / ក្រុង ក្រុមប្រឹក្សាខេត្ត / ស្រុក / ក្រុង និងបំពាក់គ្រឿង ឥស្សរិយយស ជូនដល់មន្ត្រីរាជការ ដែលមានស្នាដៃ ក្នុងការបំពេញភារកិច្ច កន្លងមកផងដែរ ៕