បណ្តាញសង្គម

ទេយ្យទានមានអង្ករ១តោន និងត្រីងៀត របស់ឯកឧត្តម ចាយ បូរិន តំណាងរាស្រ្តខេត្តត្បូងឃ្មុំ ត្រូវបាននាំយកទៅប្រគេនជូនព្រះសង្ឃ និងសាមណសិស្ស ជួបអត្តខាត់ ជាង៧០អង្គ នៅវត្តតេជសុវណ្ណភូមិ

នាព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២១ នេះ ឯកឧត្តម គល់ យ៉ាត សមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ តំណាង ឯកឧត្តម ចាយ បូរិន តំណាងរាស្រ្តខេត្តត្បូងឃ្មុំ និងលោកជំទាវ

បាននាំយកទេយ្យទានជាលើកទី២ មានអង្ករ១តោន និងត្រីងៀតមួយចំនួន (ដោយលើកទី១ អង្ករ១តោន) ទៅប្រគេនជូនដល់ព្រះសង្ឃ និងសាមណសិស្ស ជួបអត្តខាត់ ជាង៧០អង្គ នៅវត្តតេជសុវណ្ណភូមិ ក្នុងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក សេង សុខឃឿន អភិបាលនៃគណៈអភិបាលស្រុកត្បូងឃ្មុំ រួមទាំងក្រុមការងារ និងលោកមេឃុំស្រឡប់។

ថ្លែងនាឱកាសនេះ ឯកឧត្តម គល់ យ៉ាត សមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានពាំនាំប្រសាសន៏ សួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម ចាយ បូរិន តំណាងរាស្រ្តខេត្តត្បូងឃ្មុំ បើទោះបីជា ឯកឧត្តម មិនបានអញ្ជើញមកប្រគេនដោយផ្ទាល់ក្តី ក៏ឯកឧត្តម មិនភ្លេចឡើយ និងបានមើលឃើញ ពីការលំបាក របស់ព្រះសង្ឃ និងសាមណសិស្ស ជាច្រើនអង្គ/អ្នក ដែលកំពុងជួបការលំបាក មិនអាចចេញបិណ្ឌបាត្របាននៅតាមទីកន្លែងផ្សេងៗបាន ទើបមានការប្រគេនជូននេះ ដើម្បីបានចូលរួមកាត់បន្ថយការលំបាកខ្លះៗដល់ព្រះសង្ឃ បានមួយរយៈ ក្នុងដំណាក់កាលការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នេះ ។

បន្ថែមពីនេះ ក៍ដោយសារតាមរយៈសារសំឡេងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលត្រូវបានផ្សព្វផ្សាយនៅយប់ថ្ងៃទី ២០ មេសាកន្លងទៅ បានអំពាវនាវ ឱ្យអភិបាលរាជធានី/ខេត្តនានា គិតគូរលើសាមណសិស្ស ដែលសិក្សា និងអាស្រ័យនៅក្នុងវត្ត ដែលកំពុងជួបការលំបាកដោយសារខ្វះស្បៀង ក្នុងដំណាក់កាលកូវីដ-១៩ នេះ ។

ឯកឧត្តម គល់ យ៉ាត បានលើកឡើងថា ដោយកន្លងមកមានវត្តមួយចំនួន នៅតាមបណ្តាខេត្តនានាក៏បានជួបអត្តខាត់ចង្ហាន់ដោយសារព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលបានផ្ទុះចេញពីរាជធានីភ្នំពេញ ហើយបន្តរាលដាលដល់ខេត្តជាច្រើន ក្នុងនោះក៏មានខេត្តត្បូងឃ្មុំ យើងនេះផងដែរ ដូច្នេះដើម្បីជាការចូលរួមជាមួយ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ទប់ស្កាត់បានការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ គឺសូមអោយព្រះសង្ឃ និងសាមណសិស្ស ទាំងអស់ សូមចូលរួមអនុវត្តបានតាមវិធានការនានា ជាពិសេស វិធាន ៣កុំ ៣ការពារ ។

តមក ព្រះគ្រូសង្ឃរតនមុនី គីម ឌីណា ព្រះគ្រូចៅអធិការវត្តតេជសុវណ្ណភូមិ ក៏បានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម ចាយ បូរិន តំណាងរាស្រ្តខេត្តត្បូងឃ្មុំ និងជំទាវ ដែលតែងតែគិតគូរយកចិត្តទុកដាក់ ពីសុខទុក្ខ ប្រជាពលរដ្ឋ និងព្រះសង្ឃ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ និង សូមប្រសិទ្ធិពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ និងសមប្រកបនូវពុទ្ធពរទាំងឡាយ ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

នាឱកាសនោះដែរ ឯកឧត្តម ក៏បានបន្តពិនិត្យទីតាំងកសាងកុដ្ឋថ្មថ្មីកម្ពស់ ពីរ ជាន់ ស្មើ ២៤ បន្ទប់ សម្រាប់ប្រគេនដល់សមណសិស្ស ដើម្បីគង់នៅសិក្សារៀនសូត្រ ក្នុងវត្តតេជសុវណ្ណភូមិ នេះផងដែរ៕