បណ្តាញសង្គម

អគ្គិភ័យ ឆាបឆេះ​កសិដ្ឋាន​ចិញ្ចឹម​មាន់ តម្លៃ​ជិត​មួយ​ម៉ឺន​ដុល្លារ នៅ​ក្រុង​សួង​

អគ្គិភ័យមួយ ដែលផ្តើមពីការដុតសំរាម បានឆេះរាលឆ្លង ដល់កសិដ្ឋានចិញ្ចឹមសត្វមាន់ និងទ្រព្យសម្បិត្តមួយចំនួន សរុបជាទឹកប្រាក់ជិត មួយម៉ឺន ដុល្លារអាមេរិក ស្ថិតនៅភូមិសួង

កើត សង្កាត់សួង ក្រុងសួង នៅថ្ងៃទី ២១ មេសា កន្លងទៅនេះ។ ប៉ុន្តែក្នុងហេតុការណ៍អគ្គិភ័យនោះ ពុំមានការប៉ះពាល់ដល់អាយុជីវិត មនុស្សឡើយ។

លោកវរសេនីយ៍ឯក ឈន សុធន អធិការក្រុងសួង បានប្រាប់រស្មីកម្ពុជា នៅថ្ងៃទី ២២ មេសាថា កសិដ្ឋាន ដែលត្រូវភ្លើងឆេះអស់ កាលពីម៉ោងជិត ១២ ថ្ងៃត្រង់ថ្ងៃទី ២១ មេសា មានទ្រុងចំនួនពីរ គឺទ្រុងនីមួយៗ មានទំហំទទឹង ៨ ម៉ែត្រ និងបណ្តោយ ៥០ម៉ែត្រ។

ម្ចាស់ ជាបុរសឈ្មោះ នង សុខុម អាយុ ៥៤ ឆ្នាំ គឺទ្រុងទាំងពីរ ដែលអគ្គិភ័យ ឆាបឆេះអស់នោះ ទើបតែសាងសង់ហើយ មិនទាន់បានដាក់មាន់ ចិញ្ចឹមនោះទេ។

លោកអធិការក្រុងសួង បានឱ្យដឹងទៀតថា ក្រៅពីឆេះអស់ទ្រុងមាន់ ពីរល្វែងនោះ បានឆេះអស់ចំណីសត្វ ចំនួន បួន តោន ប្រាក់រៀល ចំនួន ១០ លាន ប្រាក់ដុល្លារ ចំនួន ៥០០ ទូរស័ព្ទដៃ ចំនួន ពីរ គ្រឿង ប្លង់ដី ឯកសារផ្សេងៗ ស៊ីទែនទឹក មួយគ្រឿង និងម៉ាស៊ីនបូមទឹក ចំនួន ពីរ គ្រឿងទៀត សរុបការខូចខាតជិត ១០.០០០ ដុល្លារអាមេរិក៕