បណ្តាញសង្គម

មន្ទីរអប់រំខេត្តត្បូងឃ្មុំ ប្រគេនតុសិក្សា ជូនវត្តតេជសុវណ្ណភូមិ ក្នុងទីរួមខេត្តត្បូងឃ្មុំ សម្រាប់សមណសិស្ស៧០អង្គកំពុងបួសរៀន

ដើម្បីចូលរួមចំណែកលើកស្ទួយវិស័យអប់រំ ទាំងការសិក្សា ផ្នែកអាណាចក្រ និង ពុទ្ធចក្រ សម្រាប់កូនខ្មែរ និងសមណសិស្ស ដែលបានបួសរៀន នារសៀលថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ២០២១

លោក អ៉ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ បានអញ្ជើញនាំយក តុសិស្ស ជាលើកទី ២ ចំនួន ៣២ តុ (សរុប ៤៨តុ) ប្រគេនជូន សមណសិស្ស ជាង ៧០ អង្គ/អ្នក ដែលបានបួសរៀន នៅវត្តតេជសុវណ្ណភូមិ ក្នុងទីរួមខេត្តត្បូងឃ្មុំ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ពិធីប្រគេនជូននេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកគ្រូសាស្ត្រាចារ្យ អ្នកគ្រូបង្រៀន ព្រមទាំងសមណសិស្ស ផងដែរ ។

ថ្លែងនាឱកាសប្រគេនជូន លោក អ៉ិន ពៅសម្បត្តិ ប្រធានមន្ទីរ បានលើកឡើងពីការយកចិត្តទុក្ខដាក់ខ្ពស់ពី រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលខេត្តត្បូងឃ្មុំ តាមរយៈមន្ទីរ អប់រំ យុវជន និង កីឡាខេត្តត្បូងឃ្មុំ ដោយបានប្រគេនជូន នៅតុសិក្សា លើកទី១ ចំនួន ១៦ តុ ហើយបានបន្តប្រគេនជូនបន្ថែមលើកទី ២ ចំនួន ៣២តុ ទៀត សរុប ៤៨តុ សម្រាប់សមណសិស្ស គង់រៀនសូត្រ ក្រេបជញ្ជក់យកចំណេះដឹង ទាំងការសិក្សាផ្នែកអាណាចក្រ និងពុទ្ធចក្រ សម្រាប់ជាប្រទីបបំភ្លឺផ្លូវទៅថ្ងៃអនាគត ។

លោកប្រធានមន្ទីរអប់រំ បានបន្តថា ជំងឺកូវីដ-១៩ បានធ្វើឲ្យមានការខូចខាតធំបំផុត សម្រាប់ពិភពលោក ក៏ដូចជាកម្ពុជា ទាក់ទិនជាមួយសាលារៀន ព្រោះកូនសិស្ស និងសមណសិស្ស មួយចំនួន មិនបានរៀន ហើយប្រទេសខ្លះបានរៀន ប្រទេសខ្លះក៏មិនបានរៀន ។

ដោយឡែកជាមួយកម្មវិធីសិក្សារៀនតាមអនឡាញ ហើយការរៀនតាមអនឡាញនេះទៀតសោត ក៏សង្កេតឃើញថា ប្រហែលទទួលបានប្រសិទ្ធភាពតិច ទើបក្រសួងអប់រំ តម្រូវជាចាំបាច់ ឲ្យគ្រឹះស្ថានសិក្សាទាំងអស់ ត្រូវបន្តអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា សម្រាប់ដំណើរការសាលារៀនឡើងវិញ ក្នុងបរិបទកូវីដ-១៩ និងរក្សាគម្លាតសុវត្ថិភាពសង្គម និងបុគ្គល ក្នុងករណីចាំបាច់ ត្រូវពាក់ម៉ាសការពារនៅក្នុងកន្លែងសិក្សា។

លោក អ៉ិន ពៅសម្បត្តិ បានសំណូមពរ ដល់លោកគ្រូ អ្នកគ្រូបង្រៀន និងសមណសិស្ស គ្រប់អង្គ ត្រូវចូលរួម និងយកចិត្ដទុកដាក់អនុវត្តអោយបានខ្ជាប់ខ្ជួន នូវវិធាននានា របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក៏ដូចជារដ្ឋបាលខេត្តត្បូងឃ្មុំ ដោយអនុវត្តន៍បានវិធាន ៣ការពារ ៣កុំ លើការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ អោយមានប្រសិទ្ធភាព និងធានាបានដល់សុខុមាភាពសុខភាពសាធារណៈ ។

នាឱកាសនោះ ព្រះគ្រូសង្ឃរតនមុនី គីម ឌីណា ព្រះគ្រូចៅអធិការវត្តតេជសុវណ្ណភូមិ ជំនួសមុខអោយ សមណសិស្ស ដែលអង្គភាគច្រើន គឺជាកូនក្រំពា គ្រួសារជួបការលំបាក ហើយអង្គខ្លះទៀត មានញោមប្រុស ញោមស្រីទៅបម្រើការងារ ឯខេត្តផ្សេង និងក្រៅប្រទេស បានថ្លែងអំណរគុណ ដល់រដ្ឋបាលខេត្តត្បូងឃ្មុំ ជាពិសេសមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានផ្តល់ប្រគេនជូននេះ ក្នុងការចូលរួមចំណែកលើកស្ទួយវិស័យអប់រំផ្នែកពុទ្ធចក្រ អោយមានការរីកចម្រើន និងអាណាចក្រកាន់តែមានការអភិវឌ្ឍរីកចម្រើន ។