បណ្តាញសង្គម

ឯកឧត្តម ឆាយ វណ្ណា និង ឯកឧត្ដម ឡាន់ ឆន នាំយកថវិការក្រុមសមាជិកព្រឹទ្ធសភាភូមិភាគ២ ចំនួន ៥លានរៀល ផ្តល់ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះមហន្តរាយខ្យល់កន្ត្រាក់

ៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ឆាយ វណ្ណា លេខាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២និង ឯកឧត្ដម ឡាន់ ឆន សមាជិកក្រុមសមាជិកព្រឹទ្ធសភាភូមិភាគ២

បាននាំយកថវិការរបស់ក្រុមសមាជិកព្រឹទ្ធសភាភូមិភាគ២ ចំនួន០៥លានរៀល ទៅប្រគល់ជូនឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ជាការចូលរួមជួយដល់ប្រជាពលរដ្ឋដែលទទួលរងនូវគ្រោះមហន្តរាយនានា ពិសេសខ្យល់កន្ត្រាក់បោកបក់ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ កាលពីពេលកន្លងទៅថ្មីៗនេះ។

នៅក្នុងឱកាសនោះឯកឧត្ដម ឆាយ វណ្ណា លេខាក្រុមសមាជិកព្រឹទ្ធសភាភមិភាគ២ បានពាំនាំនូវការផ្តាំផ្ញើរនូវការសូរសុខទុក្ខពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិង ឯកឧត្ដម អ៊ុក ប៊ុនឈឿន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ជូនចំពោះ អជ្ញាធរខេត្តត្បូងឃ្មុំនិងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលទទួលរងនូវផលប៉ះពាល់ខូចខាតផ្ទះសម្បែងដោយសារគ្រោះមហន្តរាយខ្យល់ព្យុះកាលពីថ្ងៃទី០៦ខែឧសភាឆ្នាំ២០២១កន្លងទៅដែលបណ្តាលអោយខូចខាតដួលរលំនិងបើុងដំបូលផ្ទះ។ ជាមួយគ្នានោះផងដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណះអភិបាលខេត្តត្បូងឃ្មុំ ឲ្យដឹងថា ចំពោះប្រជាពលរដ្ឋដែលទទួលរងនូវផលប៉ះពាល់ដោយសារគ្រោះមហន្តរាយខ្យល់កន្ត្រាក់មានចំនួន១៨១ខ្នងផ្ទះ នៅក្នុងខេត្ត។

បន្ថែមពីនេះ ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា រដ្ឋបាល ខេត្ដ ត្បូងឃ្មុំ បានរៀបចំ ទីតាំង សម្រាប់ ត្រៀម បញ្ចុះ សព សាសនិក អ៊ិស្លាម ដែល ស្លាប់ ដោយសារ ជំងឺ កូវីដ ១៩ លើ ផ្ទៃដី ៣ ហិកតា ស្ថិត នៅ ក្នុង តំបន់ ប្រើប្រាស់ ច្រើន យ៉ាង ក្នុង ឃុំ ត្រពាំងផ្លុង ស្រុក ពញាក្រែក។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នាត្រូវអនុវត្តឲ្យបានដាច់ខាតតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ និង៣ការពារ របស់រាជរដ្ឋាភិបាល ដើម្បីកាត់ផ្តាច់ខ្សែសង្វាក់នៃការឆ្លងរីករាលដាលក្នុងប្រទេសទាំងមូល និងជាពិសេស នៅខេត្តត្បូងឃ្មុំយើង ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្តបានថ្លែងអំណរគុណដល់ក្រុមសមាជិកព្រឹទ្ធសភាភូមិភាគ២ដែលតែងតែចូលរួមសកម្មភាពជួយឧបត្ថម្ភថវិការជាមួយអជ្ញាធរខេត្ត និងកាកបាទក្រហមខេត្តត្បូងឃ្មុំ ជាពិសេសពេលនេះបានចូលរួមចំណែកថវិការចំនួន៥លានរៀល ជាមួយអជ្ញាធរខេត្តដើម្បីយកទៅចាត់ចែងជួយដល់គ្រួសាររងគ្រោះតាមតំរូវការនិងស្ថានភាពជាក់ស្តែង។

សូមជម្រាបផងដែរថា នាព្រឹកថ្ងៃដដែលនេះ ឯកឧត្តម ឆាយ វណ្ណា បានចុះសួរសុខទុក្ខជួបសំណេះសំណាលនិងនាំយកអំណោយកញ្ចប់អាហាសំរាប់ស្រាយបួសក្នុងខែរ៉ម៉ាឌនដល់សាសនិកឥស្លាមចំនួន៨០គ្រួសារ ក្នុងវិហារឈ្មោះ ម៉ាស្ជិទ សៃខះ ពិន ហាសាន់ ដែលស្ថិតនៅភូមិត្រពាំដុំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ដោយក្នុងមួយគ្រួសារទទួលបាន ឣង្ករ១៥គីឡូគ្រាម, ស្ករស ២គីឡូគ្រាម,ប្រេងឆា ២ លីត្រ,ទឹកដោះគោខាប់២កំប៉ុង,ទឹកក្រួចបីលីត្រមួយរ១ដប,ផ្លែល្មើ១ប្រអប់ សរុបថវិកាចំនួន៥.៨០០.០០០ រៀល(ប្រាំលានប៉ែតសិបម៉ឺនរៀល) ។