បណ្តាញសង្គម

សាវម៉ាវរបស់លោក ម៉ន រ៉ូ បានទិន្នផលល្អ និងងាយស្រួលលក់ក្នុងខេត្តត្បូងឃ្មុំ

លោក ម៉ន រ៉ូ ជាអ្នកស្រុកមេមត់ ដែលដាំសាវម៉ាវជាង១០ឆ្នាំហើយ។

ចម្ការសាវម៉ាវរបស់លោកស្ថិតនៅភូមិទួលស្បូវ ឃុំរូង បានទិន្នផលច្រើនបំផុតប្រមាណ៥តោនក្នុងផ្ទៃដីជាង៥០អា។

កសិកររូបនេះ ជ្រើសរើសដំណាំនេះ ព្រោះសាវម៉ាវគឺជាផ្លែ ឈើមួយដែលងាយស្រួលដាំ ឆាប់បានប្រមូលផល។

របរជាចុងភៅតាមរោងអាពាហ៍ពិពាហ៍ លោក រ៉ូ ទំនេរពីការងារច្រើន។

ប៉ុន្តែ ចុងភៅរូបនេះ ឆ្លៀតដាំសាវម៉ាវបន្ថែម ដែលអាចប្រមូលផលបាន២ដងក្នុងមួយឆ្នាំ។

ទិន្នផលសាវម៉ាវរបស់លោកមិនសូវទៀតទាត់ឡើយ ដោយឆ្នាំខ្លះ លោកប្រមូលផលបានត្រឹម ១តោន២តោនប៉ុណ្ណោះ។

ក្នុងបទសម្ភាស ក្នុងចម្ការសាវម៉ាវ កសិករវ័យ ៤១ឆ្នាំរូបនេះ បញ្ជាក់ថា៖ «នៅរដូវប្រាំង ខ្ញុំដើរស៊ីឈ្នួលចម្អិនម្ហូប។

ពេលទំនេរ ឆ្លៀតពេលមកចម្ការ ជួយការងារកូនប្រពន្ធ»។

សាវម៉ាវអ្នកខេត្តត្បូងឃ្មុំនេះ អាចលក់តាមផ្សារបោះដុំបានយ៉ាងរលូន តែថា បើសាវម៉ាវសំបូរ លោកលក់បានតម្លៃទាបដែរ។

នៅថ្ងៃអនាគត លោក ម៉ន រ៉ូ បន្តពង្រីកទំហំចម្ការសាវម៉ាវបន្ថែម ព្រោះកូនសាវម៉ាវដែលត្រូវដាំ មានតម្លៃថោក និងងាយប្រមូលផល៕