បណ្តាញសង្គម

រថយន្តសង្គ្រោះបន្ទាន់មួយគ្រឿង ដែលជាអំណោយរបស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ត្រូវបានប្រគល់ជូនដល់មន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញប្រគល់រថយន្តសង្គ្រោះបន្ទាន់មួយគ្រឿង ជូនដល់មន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការលើវិស័យសុខាភិបាលខេត្ត ក្នុងគ្រានៃការីករាលដាលវីរុសកូវីត ១៩ ។

ក្នុងពិធីប្រគល់រថយន្តសង្គ្រោះបន្ទាន់នោះដែរ ធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ នៅភូមិគ្រឹះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ស្ថិតនៅភូមិអន្លងជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ក្នុងឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន នឹងយុវនិតិសម្បទា ឯកឧត្តម កែវ ពិសិដ្ឋ លេខាធិការគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា និងលោក ប្រធានមន្ទីរសុខាភិបាលខេត្ត លោក ស្នងការនគរបាលខេត្ត លោក អភិបាលស្រុកពញាក្រែក ព្រមទាំងមន្ត្រីនៃមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំជាច្រើនរូបទៀត ។

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានមានប្រសាសន៍ថា ៖ រថយន្តសង្គ្រោះបន្ទាន់នេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ដែលមានជំងឺ និងរងគ្រោះថ្នាក់ផ្សេងៗ ជាពិសេសការដឹងជញ្ជូនអ្នកផ្ទុកវីរុសកូវីត ១៩ ទៅកាន់មន្ទីរពេទ្យបានទាន់ពេលវេលា។

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន បានផ្តាំផ្ញើដល់ប្រធានមន្ទីរសុខាភិបាលខេត្ត ប្រធានមន្ទីរពេទ្យបង្អែក ប្រធានមណ្ឌលសុខភាព និងមន្ត្រីសុខាភិបាលទាំងអស់ ដែលអញ្ជើញចូលរួមក្នុងពិធីប្រគល់ទទួលរថយន្តសង្គ្រោះនេះ ត្រូវបង្កើនការយកចិត្តទុកដាក់លើកកម្ពស់ ការពិនិត្យ និងព្យាលបាលជំងឺ ជូនដល់ប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងត្រូវជួយថែរក្សារថយន្តសង្គ្រោះនេះឱ្យបានល្អ ដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង សម្រាប់បម្រើសេវាដឹកជញ្ជូនអ្នកជំងឺពីមូលដ្ឋានមកកាន់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ឱ្យបានទាន់ពេលវេលា។

លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានគោរពជូនពរសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្ដេចធម្មវិសុទ្ធវង្សា មានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ដើម្បីបន្តដឹកនាំ មាតុភូមិកម្ពុជាដ៏បវរនៃយើង ឲ្យកាន់តែមានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។

លោក បន្តថា៖ នេះជាទឹកចិត្តដល់ប្រពៃរបស់សម្ដេចទាំងទ្វេ ដែលតែងតែគិតគូយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ជាក់ស្ដែងអំណោយជាគ្រឿងឧបភោគ បរិភោគ ថវិការ និងសម្ភារៈជាច្រើនលើសលុប ត្រូវបានចែកជូនដល់ប្រជាពលរដ្ឋជួបទុកលំបាក់ អាជ្ញាធរមូលដ្ឋាន មន្ទីរ/អង្គភាពជំនាញក្នុងនាពេលកន្លងមក។

សូមបញ្ជាក់ថា ៖ បើគិតត្រឹមថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តត្បូងឃ្មុំ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៥៥នាក់ ស្រី១៤នាក់ កុមារ៤នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យពញាក្រែក , មេមត់ និងមន្ទីរពេទ្យព្រះនរោត្តមសីហនុត្បូងឃ្មុំ និងកំពុងធ្វើចត្តាឡីស័កសរុបចំនួន១០៩១នាក់ ស្រី៣៩៦នាក់ ៕