បណ្តាញសង្គម

សំណង់ទ្វារទឹកថ្មីៗ៣ទីតាំង ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការសម្រាប់ជាប្រយោជន៍ជូនពលរដ្ឋនៅឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ

ំណង់ទ្វារស្ទាក់ទឹកចំនួន ៣ទីតាំង ស្ថិតនៅភូមិព្រែកផ្ដៅ ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី

ហ៊ុនសែន តាមរយៈឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសមណង់ និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។

ការសម្ពោធសមិទ្ធិផលថ្មីនេះធ្វើឡើងនាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២១ ក្រោមវត្តមាន ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ និងជាតំណាងឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងមានការចូលរួមពីបណ្តាមន្ទីរជំនាញ អភិបាល-អភិបាលរងស្រុក ក្រុមការងារយុវជនស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋផងដែរ ។

នៅចំពោះមុខអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ឯកឧត្តម ហាក់ សុខមករា អភិបាលរងបានមានប្រសាសន៏ថា សំណង់ស្ទាក់ទឹកទាំង បីកន្លែងនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការបម្រើដល់ការងារស្រោចស្រព ពង្រីកផ្ទៃដីដាំដុះ បង្កើនបរិមាណផលស្រូវ និងដំណាំផ្សេងៗប្រមាណ ៣៧០ ហិកតា របស់ប្រជាពលរដ្ឋទទួលផលប្រមាណ ៣១៥គ្រួសារ ដេលរស់នៅ ភូមិព្រែកផ្ដៅ ភូមិកំពង់ចន្លុះលិច និងភូមិពាមក្នុង ស្ថិតឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម អភិបាលរង ក៏បានដឹកនាំយុវជន និងប្រជាពលរដ្ឋរួមគ្នាដាំគ្រាប់ត្នោត និងដើមត្នោត សម្រាប់ជាគុណប្រយោជន៍ សម្រស់បរិស្ថាន ទប់ការហូរច្រោះបាក់ដី ជម្រាលជើងថ្នល់ និងរក្សាបាននូវអត្តសញ្ញាណជាតិខ្មែរយើងសម្រាប់កូនចៅជំនាន់ក្រោយ។

អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំពាមជីលាំង ស្រុកត្បូងឃ្មុំខាងលើ បានសម្ដែងនូវក្ដីអបអរសាទរ និងគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានជួយឧបត្ថម្ភកសាងសមិទ្ធផលថ្មីនេះ ព្រមទាំងបានថ្លែងអំណរគុណចំពោះឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ដែលបានជួយជ្រោមជ្រែងដល់ដំណើរការកសាងនេះផងដែរ។

នាឱកាសនោះដែរ ឯកឧត្តម ហាក់ សុខមករា បានសំណូមពរដល់ប្រជាពលរដ្ឋ ដើម្បីចូលរួមថែរក្សាប្រើប្រាស់ទំនប់ទ្វារស្ទាក់ទឹកនេះឲ្យចំគោលដៅ និងយូរអង្វែង សូមបន្តគាំទ្ររាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីបន្តអភិវឌ្ឍមូលដ្ឋានភូមិឃុំ ស្រុក ខេត្ត ប្រទេសជាតិឱ្យមានសុខសន្តិភាពបន្តទៀត និងបន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ និងបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ឆ្នាំ២០២៣ នៅពេលខាងមុខ៕