បណ្តាញសង្គម

ពោតក្រហមកំពុងមានទីផ្សារ និងតម្លៃល្អ ធ្វើឱ្យកសិករដាំពោតនៅខេត្តត្បូងឃ្មុំ កំពុងទទួលបានប្រាក់ចំណេញ

ពោត គឺជាដំណាំដែលប្រជាពលរដ្ឋ ស្រុកក្រូចឆ្នារ និងស្រុកត្បូងឃ្មុំ ពិសេសអ្នករស់នៅតាមដងទន្លេមេគង្គនិយមដាំ ខណៈក្នុងមួយឆ្នាំៗ ពួកគាត់អាចដាំបាន ២ដង ដោយ១ដង ចំណាយពេលជាង ៣ខែ។

ចំណែកឯតម្លៃវិញ អាចទទួលយកបានសម្រាប់ឆ្នាំ២០២១នេះ ដោយក្នុង ១គីឡូក្រាមស្ងួត មានតម្លៃ ១២០០រៀល។

លោក ស អាត ប្រជាពលរដ្ឋរស់នៅភូមិបឹងកំបោរ ឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ បានរៀបរាប់ឱ្យដឹងថា គ្រួសាររបស់លោក បានប្រកបរបរដាំពោតក្រហមជាច្រើនឆ្នាំមកហើយ។

ជាទូទៅ ពោតក្រហមត្រូវចំណាយពេល ៣ខែ និង១៥ថ្ងៃ ទើបអាចប្រមូលផលបានម្តង ហើយក្នុង១ឆ្នាំ គេអាចដាំបាន ២ដង។

បើមានការថែទាំបានល្អ ដូចជា ដាក់ជី ស្រោចទឹក ជាដើមគឺ ក្នុង១ហិកតា ទទួលបានផលប្រម៉ណ ១០តោន ខណៈទិន្នផលនេះ និងតម្លៃសព្វថ្ងៃ ១គីឡូស្ងួត ១២០០រៀល គឺអាចទទួលបានប្រាក់ចំណេញ។

ស្រដៀងគ្នានេះដែរ កសិករក្នុងឃុំជីរោទី១ ស្រុកត្បូងឃ្មុំ ក៏បានរៀបរាប់ឱ្យដឹងដែរថា ពោតឆ្នាំនេះ មានតម្លៃល្អជាងឆ្នាំមុន ដែលធ្វើឱ្យពួកគាត់អាចទទួលបានប្រាក់ចំណេញសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារបានមួយកម្រិត។

សម្រាប់ដំណាំពោតក្រហមនេះ ពួកគាត់អាចដាំបាន ២ដង ក្នុង១ឆ្នាំ តែបើអ្នកហ៊ានប្រថុយ ដាំបាន ៣ដង តែលើកទី៣ ផ្សងសំណាងណាស់ ព្រោះប្រឈមនឹងការលិចលង់ខូចដោយទឹកទន្លេមេគង្គ តែបើមិនលិចទេ អាចទទួលបានទិន្នផលខ្ពស់ និងចំណេញច្រើន ដោយមិនចំណាយលើការថែទាំច្រើននោះទេ ពិសេសដាក់ទឹក។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ក្នុងខេត្តត្បូងឃ្មុំទាំងមូល ការដាំដុះពោតទាំងរដូវប្រាំង និងរដូវវស្សា មានប្រមាណជាង ១ម៉ឺនហិកតា ក្នុងនោះ កសិករបានជ្រើសពូជជាច្រើនប្រភេទ តាមការនិយមរបស់ពួកគាត់ដែលធ្លាប់ដាំ និងទទួលបានទិន្នផលខ្ពស់៕