បណ្តាញសង្គម

ការបង្កាត់ពូជគោបែបសិប្បនិម្មិត ជួយឱ្យវិស័យផលិតកម្មសត្វនៅកម្ពុជារីកចម្រើន

ារចិញ្ចឹមគោ បែបលក្ខណៈបច្ចេកទេស និងការបង្កាត់ពូជគោ-ក្របី ដោយសិប្បនិម្មិត មានអត្ថប្រយោជន៍ច្រើន ជាជាងការចិញ្ចឹមតាមបែបប្រពៃណី។ វិធីបង្កាត់ពូជសិប្បនិម្មិតនេះ ជួយធ្វើឲ្យកូនគោ ដែលកើតមក

មានគ្រោងឆ្អឹងធំ ឆាប់ធំធាត់ មិនងាយឈឺ គ្មានជំងឺតពូជ និងឱ្យកសិករចំណេញពេលវេលា។ ឆ្នាំ២០០៦ គឺជាឆ្នាំ ដែលកម្ពុជា ចាប់ផ្ដើមអនុវត្តគម្រោងបង្កាត់ពូជគោ-ក្របី សិប្បនិម្មិត។

គម្រោងនេះ ស្ថិតក្រោមជំនួយគាំទ្ររបស់សហភាពអឺរ៉ុប និងបានអនុវត្តមុនគេ នៅខេត្តពោធិ៍សាត់ បបន្ទាប់មក អនុវត្តនៅខេត្តតាកែវ និងខេត្តដទៃទៀត។

បច្ចុប្បន្ន គម្រោងនេះ បានដើរតួរនាទីយ៉ាងសំខាន់ ក្នុងវិស័យផលិតកម្មសត្វ នៅកម្ពុជា។

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានលើកឡើងថា បច្ចុប្បន្ន មន្រ្តីជំនាញ បានបង្កាត់គោសរុប ៧ ៤២៣ក្បាល និងកើតកូនគោបាន ចំនួនសរុប ៤ ៨៣៣ ក្បាល ដោយប្រើប្រាស់មេជីវិតនាំចូល និងផលិតក្នុងស្រុក។

ទាក់ទងកម្មវិធីបង្កាត់ពូជគោ-ក្របី សិប្បនិម្មិត លោក វេង សាខុន បានលើកឡើងដូច្នេះ៖«ការបង្កាត់ពូជសិប្បនិម្មិតគោ-ក្របី គឺជាបច្ចេកទេសមួយ ដែលត្រូវបានគេអនុវត្តជាសកល ក្នុងឧស្សាហកម្មចិញ្ចឹមគោយកសាច់ និងទឹកដោះ។

ព្រោះបច្ចេកទេសនេះ បង្កើនចំនួនសត្វបានច្រើន លឿន សុវត្ថិភាព កាត់បន្ថយ និងគ្រប់គ្រងការឆ្លងជំងឺសត្វ ពីបាទៅមេ ថែមទាំងការបង្កាត់មានប្រសិទ្ធភាពខ្ពស់»។

លោក ហ៊ួត លៀង ជាកសិករចិញ្ចឹមគោម្នាក់ រស់នៅក្នុងខេត្តត្បូងឃ្មុំ។

កសិកររូបនេះ បានទទួលការបណ្ដុះបណ្ដាលពីមន្រ្តីជំនាញនៃមន្ទីរកសិកម្ម អំពីបច្ចេកទេសចិញ្ចឹម និងបង្កាត់ពូជគោ បែបលក្ខណៈបច្ចេកទេស។

កសិករវ័យ ៥០ឆ្នាំរូបនេះ បានប្រាប់សារព័ត៌មាន ThmeyThmey25 ថា កន្លងមក លោកចិញ្ចឹមគោតាមបែបប្រពៃណី ដូចជាការ លែងឲ្យគោស៊ីស្មៅ ដោយខ្លួនឯង នៅតាមវាលស្រែ និងចម្ការ និងការបណ្ដោយឱ្យគោបន្តពូជខ្លួនឯងជាដើម។

ការធ្វើបែបនេះ មិនបានធ្វើឱ្យការចិញ្ចឹមគោ របស់លោកប្រសើរនោះទេ ទើបលោកប្ដូរមកចិញ្ចឹមគោ បែបលក្ខណៈបច្ចេកទេសវិញ។

អ្នកខេត្តត្បូងឃ្មុំរូបនេះ ប្រាប់ថា ការចិញ្ចឹមគោបច្ចេកទេស ធ្វើឱ្យការចិញ្ចឹមគោ របស់លោកកាន់តែប្រសើរឡើង។

លោកបានរៀបរាប់ដូច្នេះ៖«ខ្ញុំធ្លាប់គិត ចង់បោះបង់នៅឆ្នាំ២០១៦ ព្រោះមិនចំណេញ។

នៅឆ្នាំ២០១៦ ខ្ញុំបានទទួលការណែនាំជាបន្តបន្ទាប់ ពីមន្ទីរកសិកម្មខេត្ត ពីរបៀបចិញ្ចឹមគោតាមបច្ចេកទេស។

ការចិញ្ចឹមគោ របស់ខ្ញុំកាន់តែប្រសើរ ខ្ញុំអាចលក់គោ ២ ទៅ ៣ដង ក្នុងមួយឆ្នាំ»។

លោក ហ៊ួត លៀង បានប្រែក្លាយជាអ្នកចិញ្ចឹមគោ លក្ខណៈគ្រួសារ ទៅជាការចិញ្ចឹមបែបអាជីវកម្ម។

ក្រៅពីចិញ្ចឹមខ្លួនឯង លោក លៀង បានទិញគោពីកសិករផ្សេង សម្រាប់បំប៉នបន្ថែម និងលក់បន្ត។

គោ ដែលលោក លៀង ទិញមកបំប៉ន ក្នុងតម្លៃ ១៣ ៨០០រៀល ក្នុងមួយគីឡូក្រាម និងលក់ទៅវិញ ក្នុងតម្លៃ ១៤ ៥០០រៀល ក្នុងមួយគីឡូក្រាម។

មុខរបរចិញ្ចឹមគោ តាមបែបបច្ចេកទេស បានធ្វើឱ្យគ្រួសារលោក ហ៊ួត លៀង មានជីវភាពប្រសើរឡើង។

លោកគ្រោង ចិញ្ចឹមគោបន្ថែមឱ្យបាន ៨០០ក្បាល ត្រឹមឆ្នាំ២០២៥ ខណៈបច្ចុប្បន្ន លោកមានគោជាង ៤០០ក្បាល ក្នុងកសិដ្ឋានចិញ្ចឹមគោ ដែលមានផ្ទៃដីសរុប ១៨ហិកតា៕