បណ្តាញសង្គម

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យរៀបចំទីតាំងទីទួលសុវត្ថិភាព មានផ្ទៃ១៥ហិកតា ត្រៀមសម្រាប់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ មកស្នាក់នៅបណ្តោះអាសន្ន

(ត្បូងឃ្មុំ)៖ ព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃ គណៈអភិបាល ខេត្តត្បូងឃ្មុំ បានដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរ មូលដ្ឋាន ស្រុកត្បូងឃ្មុំ ចុះពិនិត្យទីតាំង ទីទួលសុវត្ថិភាព ស្ថិតក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ 

ក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានណែនាំឲ្យមន្ទីរជំនាញ និងអាជ្ញាធរស្រុក សហការគ្នា រៀបចំទីតាំងនេះ ឲ្យមានអនាម័យល្អ ដោយសាងសង់ បង្គន់អនាម័យ តបណ្តាញទឹកស្អាត ត្រៀមតង់សម្រាប់បោះ ក៏ដូចជាក្រុមគ្រូពេទ្យ និងថ្នាំសង្កូវ ត្រៀមបំរុងទុកជាមុន។ មួយវិញទៀត នៅពេលពលរដ្ ឋរងគ្រោះដោយ ទឹកជំនន់ ដែលផ្លាស់មក ស្នាក់នៅទីនេះ ត្រូវបន្តអនុវត្តន៍ ៣កុំ ៣ការពារ ឲ្យបានមុឺងម៉ាត់ ដើម្បីបញ្ចៀសពី ជំងឺកូវីដ១៩ផងដែរ ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បញ្ជាក់ផងដែរថា បើទោះបីគ្រោះ ទឹកជំនន់ឆ្នាំនេះ កើតឡើងក្តី មិនកើតឡើងក្តី នេះជាវិធានការ ដែលយើងត្រូវត្រៀម ទុកជាមុន ដោយក្នុង ខេត្តត្បូងឃ្មុំ មានឃុំ ប្រមាណ ១៦ឃុំ ក្នុងស្រុកចំនួន០៣ ដែលនឹងរងផលប៉ះពាល់ រួមមាន ស្រុកក្រូចឆ្មារ មាន១០ឃុំ ស្រុកត្បូងឃ្មុំមាន៤ឃុំ និងស្រុកអូររាំងឳ មាន២ឃុំ ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បញ្ជាក់បន្ថែមថា ការរៀបចំ ទីទួលសុវត្ថិភាពនេះ គឺមានគ្រប់ទីតាំងភូមិ ឃុំ ស្រុក ដែលរងគ្រោះ ដែលឡែកទីតាំងនេះ គឺរួមជាធំសម្រាប់ថ្នាក់ខេត្ត ដែលនេះក្រោមការអនុវត្តន៍តាមអនុសាសន៍ ដ៏ខ្ពស់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ពោលគឺទីណា មានទុកលំបាកទីនោះ មានអាជ្ញាធរមូលដ្ឋាន ក៏ដូចជាមានសម្តេចតេជោ នៅទីនោះដូចគ្នាផងដែរ ។

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅ តាមដងទន្លេ ត្រូវបង្កើនការប្រុង ប្រយ័ត្នឲ្យបានខ្ពស់ ព្រោះចូលដល់ រដូវទឹកដំឡើង ត្រូវតាមដាន ព័ត៍មានកម្ពស់ទឹក អាកាសធាតុ មើលថែកូនចៅឲ្យបានល្អ ក្រែងលង់ទឹក ពិសេសសត្វអសិរពិស ទាំងឡាយ ហើយបើមានករណី បន្ទាន់នានា ត្រូវទាក់ទង ទៅកាន់អាជ្ញាធរមូលដ្ឋានភ្លាមៗ ។

សូមជម្រាបថា៖ ក្រោមការគិតគូរ យកចិត្តទុកដាក់ខ្ពស់ ណែនាំតម្រង់ទិសពី សំណាក់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តត្បូងឃ្មុំ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានរៀបចំឲ្យមាន ទីទួលសុវត្ថិភាពនេះឡើង ស្ថិតក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ដែលមានទំហំផ្ទៃដី ១៥ហិកតា ដោយបានចាក់ ដីបំពេញស្មើស្អាត ដាំកូនឈើប្រណិត ទុកជាទីតាំងសម្រាប់ ប្រជាពលរដ្ឋដែលរងគ្រោះ ដោយទឹកជំនន់ផ្លាស់ទីលំ នៅមកស្នាក់នៅទីនេះ បណ្តោះអាសន្ន ៕