បណ្តាញសង្គម

ឆ្នាំនេះម្រេច មានតម្លៃខ្ពស់ ជាងឆ្នាំទៅ តែម្រេចប្រឈម នឹងការងាប់ច្រើន

 ត្បូងឃ្មុំ៖ ប្រជាជនភូមិដារ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ប្រមាណ ៧០ភាគរយ នាំគ្នានិយម ដាំដំណាំម្រេច បើប្រៀបធៀប ទិន្នផលម្រេច ឆ្នាំនេះ និងឆ្នាំទៅ ម្រេចឲ្យផលប្រហាក់ ប្រហែលគ្នា តែតម្លៃឆ្នាំនេះ ខ្ពស់ជាងឆ្នាំទៅ តែម្រេចបែរ ជាប្រឈម នឹងការងាប់ ច្រើនជាងរៀង រាល់ឆ្នាំទៅវិញ ។

លោក ណាង រាក់ តំណាងអ្នកភូមិដារ បានបញ្ជាក់ឲ្យដឹងថា ដំណាំម្រេច បច្ចុប្បន្នប្រជាកសិករ របស់យើងកំពុង ពេញនិយមដាំ គេជ្រើសរើសពូជ មានពូជ ឥណ្ឌា ជោលិន ម៉ាឡេ និងពូជខ្មែរ ហើយក្នុង ១ហិចតា គេប្រើជន្លង់ចំនួន ១៨០០ដើម ការចំណាយ ក្នុងការដាំប្រជាកសិករ របស់យើង ត្រូវប្រើដើម ទុនចាប់ពី ៤ ទៅ ៥ ម៉ឺនដុល្លារ ឯណោះ ។

ក្នុងរយៈពេល ១ឆ្នាំ ម្រេចឡើងផុតជន្លង់ ដោយកសិករ របស់យើងត្រូវមើលថែទាំ ស្រោចទឹក ឲ្យបានគ្រប់គាន់ និងដាក់ជី មានជីកេង និងជីអាចម៍គោ ។ ល ។ ត្រូវថែទាំកុំឲ្យ មានសត្វល្អិត មើលស្មៅ និងរុក្ខជាតិផ្សេងៗ កុំឲ្យវាដុះលាយឡំ ។ ដល់ពេលវា មានអាយុបាន ២ឆ្នាំ ទៅ៣ឆ្នាំ វាចាប់ផ្តើម ឲ្យផល ៦០ភាគរយ ដល់ឆ្នាំទៅ៤ វាឲ្យផលពេញតែម្តង ចំពោះការប្រមូលផលក្នុង ១ហិចតា បានផលចំនួន ៦តោន យើងត្រូវប្រើកម្មករចំនួន ២នាក់ បេះក្នុងរយៈ ពេលមួយខែកន្លះ គឺក្នុងខែ៣ និងខែ៤នេះ ចំពោះម្រេចពូជខ្មែរ ហៅថា ម្រេចបាយ នោះ ។

ក្រៅពីពូជម្រេចខ្មែរ គឺបងប្អូនប្រជាកសិករ ចាប់ប្រមូលផលរួច រាល់ជាស្រេចហើយ ហើយម្រេច វាមានអាយុរហូតដល់ ២០ឆ្នាំ ឯណោះ អាស្រ័យ ទៅលើការថែទាំ របស់កសិករយើង ។ លោក បានបញ្ជាក់ទៀតថា ឆ្នាំនេះម្រេច មានតម្លៃខ្ពស់ជាងឆ្នាំទៅ ក្នុង១គីឡូក្រាម តម្លៃជិត ៩ដុល្លារ តែឆ្នាំនេះ ប្រជាកសិករ បែរជាប្រឈម នឹងម្រេចងាប់ ច្រើនទៅវិញ ។

បើតាមការសន្និដ្ឋាន របស់ពួកគាត់ម្រេចងាប់ គឺបណ្តាលមកពី ឆ្នាំមានភ្លៀងធ្លាក់ ច្រើនជាងឆ្នាំទៅ អាចជាំទឹក ចំការនិមួយៗ គ្មានប្រព័ន្ធប្រឡាយ បង្ហូររំដោះទឹកចេញ ច្បាស់លាល់ និងការផ្តលជី ដល់ម្រេចមិនគ្រប់គ្រាន់ វាអាចងាប់ដែរ ។ ប្រជាកសិករ ក៏បានសំណូមពរ ដល់ក្រសួងកសិកម្ម គួរបញ្ជូនកម្លាំងជំនាញ ចុះស្រាវជ្រាវ និងផ្តល់បច្ចេកទេស ដល់ប្រជាកសិករ របស់យើង ពាក់ព័ន្ធ នឹងការប្រើប្រាស់ជី ការរៀបចំប្រឡាយ រំដោះទឹកទៅតាម លក្ខណៈបច្ចេកទេស ដើម្បីធានា កុំឲ្យម្រេចងាប់ទៀត ។

សាន វិឡែម ១៨.៣.២០១៥