បណ្តាញសង្គម

សាខាកាំកុងត្រូល បានសហការជាមួយគណៈកម្មការផ្សារស្ទឹង ចុះធ្វើការអង្កេតទំនិញនៅផ្សារស្ទឹង ដែលស្ថិតនៅក្នុង ភូមិស្ទឹង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ ៖ អគ្គនាយកដ្ឋានកម្ពុជា ត្រួតពិនិត្យទំនិញ នីហ័រណ-អាហ័រណ និងបង្ក្រាបការ ក្លែងបន្លំ (កាំកុងត្រូល) សាខាកាំកុងត្រូល ប្រចាំខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ មន្ត្រីសាខា កាំកុងត្រូល ដែលដឹកនាំដោយ លោក មាស មោរ៉ា ប្រធានសាខា កាំកុងត្រូលខេត្តត្បូងឃ្មុំ បានសហការជាមួយ គណៈកម្មការ ផ្សារស្ទឹង ចុះធ្វើការ អង្កេតទំនិញនៅ ផ្សារស្ទឹង ដែលស្ថិតនៅក្នុង ភូមិស្ទឹង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

លោក មាស មោរ៉ា បានបញ្ជាក់ថា ៖ គោលបំណង នៃការចុះអង្កេតនេះ ដោយផ្អែកទៅតាម ការណែនាំពី អគ្គនាយកដ្ឋាន កាំកុងត្រូល ដើម្បីចុះធ្វើការ ប្រមូលព័ត៌មាន អំពីផលិតផលផ្លែឈើ និងគ្រឿងសមុទ្រ នៅក្នុងស្រុក និងនាំចូលពី បរទេស ហើយធ្វើការ ត្រូតពិនិត្យ និងយកគំរូ ដោយកំណត់គោលដៅ ហានិភ័យ ទៅលើផលិតផល ផ្លែឈើមួយចំនួន ដូចជាៈ ផ្លែប៉ោម ទំពាំងបាយជូ ល្មុត ក្រូចឃ្វិច និងសាវម៉ាវ ព្រមទាំង ផលិតផលគ្រឿងសមុទ្រ មានៈ បង្គា និងមឹក។

លោកបន្តទៀតថា ៖ ការយកគំរូ ផលិតផលទាំងនោះ គឺត្រូវបានអនុវត្ត តាមគោលការណ៍ បច្ចេកទេស និងនីតិវិធី នៃការយកគំរូ ដើម្បីរក្សា និងបញ្ជូនគំរូ អោយស្ថិតក្នុង ស្ថានភាពដើម សំរាប់ធ្វើការវិភាគ នៅមន្ទីរពិសោធន៍ របស់អគ្គនាយកដ្ឋាន កាំកុងត្រូល សំដៅពិនិត្យ រកមើល ប៉ារ៉ាម៉ែត្រ នានា និងសារធាតុគីមី ស៊ុលហ្វួរឌីអុកស៊ីត ដែលគេយកទៅ ប្រើប្រាស់ដាក់លើ ផ្លែឈើ ដើម្បីរក្សា ទុកបានយូរ កុំអោយរលួយ និងនៅស្រស់ល្អ ជាសារធាតុគីមី ដែលហាមប្រើ ព្រោះវាធ្វើអោយ ប៉ះពាល់ដល់សុខភាព របស់អ្នកបរិភោគ ដូចជាៈ បណ្តាលអោយ កើតជំងឺ ផ្លូវដង្ហើម និងរលាកបំពង់ក ជាពិសេស ចំពោះក្មេង ។

ចំពោះការយកគំរូ គ្រឿងសមុទ្រ : បង្គា និងមឹក គឺសំដៅពិនិត្យ រកមើលសារធាតុ គីមី ស៊ុលហ្វីត និង ហ្វ័រម៉ាលីន ដែលគេយកទៅ ប្រើប្រាស់ដាក់លើ ផលិតផលគ្រឿងសមុទ្រ ដើម្បីរក្សា ទុកបានយូរ កុំអោយស្អុយ អោយនៅស្រស់ ជាសារធាតុគីមី ដែលហាមប្រើ ព្រោះវាធ្វើអោយ ប៉ះពាល់ដល់សុខភាព របស់អ្នកបរិភោគ ដូចជាៈ បណ្តាលអោយកើតជំងឺ ផ្លូវដង្ហើម ជំងឺហឺត និងមហារីក ។

លោក មាស មោរ៉ា ប្រធានសាខា កាំកុងត្រូលខេត្តត្បូងឃ្មុំ ក៏បានធ្វើការណែនាំ ដល់អាជីវករ អោយដាក់តាំង លក់ទំនិញ ដែលមានគុណភាពល្អ ទំនិញមាន ប្រភពច្បាស់លាស់ ហើយមិនត្រូវ ប៉ុនប៉ង រឺដាក់តាំងលក់ ទំនិញក្លែង-បន្លំ ទោះតាមរូបភាព ណាក៍ដោយ ៕

ដោយ៖ វ៉ាន់ វីរៈ