បណ្តាញសង្គម

ឯកឧត្តម ប្រាជ្ញ ចន្ទ ចូលរួមអបអរសាទរបុណ្យរុក្ខទិវា ០៩ កក្ដដា នៅតំបន់ដីសម្បទានសង្គមកិច្ច ស្ថិតនៅក្នុងភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ ៖ ថ្ងៃទី០៧ ខែកក្ដដា ឆ្នាំ២០១៥ នៅក្នុងតំបន់ដីសម្បទាន សង្គមកិច្ចស្រែ លើសែនជ័យ ស្ថិតនៅភូមិស្រែ លើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីអបអរសាទរ បុណ្យរុក្ខទិវា ០៩ កក្ដដា ក្រោមអធិបតីភាព ឯកឧត្តម បា្រជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ។

មានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត លោកឧកញ៉ា លោក នាយរងអធិការដ្ឋាន រដ្ឋបាលព្រៃឈើមេគង្គ អភិបាលស្រុក ក្រុង ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។ លោក ងី វីរៈ នាយខណ្ឌរដ្ឋបាល ព្រៃឈើខេត្តត្បូងឃ្មុំ បានឡើងអានរបាយការណ៍ បញ្ចាក់ថា៖ កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០០៦ បានប្រកាសឃុំជាំក្រវៀន ជាតំបន់ធ្វើការវិនិច្ឆ័យសម្រាប់ធ្វើ អត្តសញ្ញាណកម្ម និងធ្វើផែនទីដី របស់រដ្ឋក្រុមការងារ ចុះអង្កេតនិង វាស់វែងក្បាល ដីតំបន់នេះ បានចុះបញ្ជី មានផ្ទៃដីសរុប ៨៦៣ហិកតាផងដែរ ។

លោក បន្តទៀតថា៖ ក្រុមកាងារអនុវត្ត គម្រោងបែងចែកដី សម្បទានសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច(LASED) ជាគម្រោងរបស់ រាជរដ្ឋាភិបាលកម្ពុជា ដោយមានការគាំទ្រពី ធនាគារពិភពលោក និងអង្គការ (GIZ អាឡឺម៉ង់) នៅឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមានទីតាំងស្ថិតនៅចម្ងាយប្រមាណ ១២៥គ.ម ខាងកើតខេត្តកំពង់ចាម ជាប់ព្រំប្រទល់ខេត្ត ប៊ិញភឿក ប្រទេសវៀតណាម ។

ដីតំបន់នេះគឺ ជាអតីតដី ព្រៃល្បោះរេចរឹល ហើយក៏បានរៀបចំ ជ្រើសរើសយកតំបន់នេះ ដើម្បីកំណត់អត្តសញ្ញាណកម្ម រៀបចំជាសម្បទាន ដីសង្គមកិច្ច សំរាប់ផ្ដលជូន ប្រជាពលរដ្ឋចំនួន ២៥០គ្រួសារ លើផ្ទៃដី សរុប ៨៦៣ហិកតា ដោយក្នុងមួយគ្រួសារៗ ទទួលបានដីលំនៅដ្ឋាន ទំហំ ១.០០០ម២ (ទទឹង ២០ម គុណ៥០ម) និងដីកសិកម្មទំហំពី ១ហិកតា ទៅ១ហិកតា៥០ និងពី ២ហិចតា ទៅ២ហិកតា៥ ទៅតាមសមាជិកគ្រួសារ តិចឬច្រើន ព្រមទាំងបានកសាង ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់តំបន់រដ្ឋបាល សាលារៀន ប៉ុស្តិ៍សុខភាព សួនច្បារ ជាដើម សម្រាប់ជូនដល់ប្រជាពលរដ្ឋក្នុងតំបន់ ប្រើប្រាស់ជាសាធារណៈ ទៀតផង។

ឯកឧត្តម បា្រជ្ញ ចន្ទ មានប្រសាសន៍ថា ៖ ការៀបចំពិធីបុណ្យ រុក្ខទិវា ថ្នាក់ខេត្តនាថ្ងៃនេះ បានជ្រើសរើសយកទីតាំង នៅក្នុងតំបន់ដីសម្បទាន សង្គមកិច្ចស្រែ លើសែនជ័យ ស្ថិតនៅភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នេះ ជាកន្លែងប្រារព្ធពិធី មានផ្ទៃដីដាំជាចំការ សរុប ចំនួន ០២ ហិកតា ដោយដាំប្រភេទឈើរយៈពេលវែង មានកូនឈើចំរុះ ប្រភេទដូចជា ក្រញូង បេង ធ្នង់ នាងនួន គគីរ ក្រកោះ ឈើទាល និងដាំប្រភេទកូនឈើ រយៈពេលខ្លីថែមមួយទៀត សរុបចំនួន ២.០០០ដើម ព្រមទាំងបានរៀបចំ ចែកកូនឈើចំរុះ ប្រភេទចំនួន ៥.០០០ដើម ជូនប្រជាពលរដ្ឋ ដែលបានមកចូលរួម នៅទីនេះ យកទៅដាំបន្ត។

ឯកឧត្តម បន្តទៀតថា៖ ការគ្រប់គ្រងព្រៃឈើ ទាំងព្រៃធម្មជាតិដែលមានស្រាប់ ទាំងព្រៃដាំ និងការអភិវឌ្ឍន៍ក្នុង វិស័យព្រៃឈើ ត្រូវមានការចូលរួម ជាចាំបាច់ពីគ្រប់ ភាគីទាំងអស់ ជាពិសេសសហគមន៍ ព្រៃឈើនៅមូលដ្ឋាន ដែលជាកម្លាំងចលករ យ៉ាងសំខាន់សម្រាប់ កិច្ចសហការ ក្នុងការអភិវឌ្ឍន៍វិស័យ ព្រៃឈើដែលជា ស្ពានចម្លងឲ្យតំបន់ នៅក្នុងតំបន់ដីសម្បទាន សង្គមកិច្ចស្រែលើសែន ជ័យនេះ ក្លាយទៅជាទី រមនីយដ្ឋាន តំបន់ទេសចរណ៍ ដ៏ស្រស់ត្រកាលពិតៗ។

ឯកឧត្តម បា្រជ្ញ ចន្ទ បានថ្លែងការ កោតសរសើរ យ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ របស់ខណ្ឌរដ្ឋបាល ព្រៃឈើត្បូងឃ្មុំ នៃអធិការដ្ឋានរដ្ឋបាល ព្រៃឈើមេគង្គ ព្រមទាំងសហការី ដែលមានការចូលរួម សហការពីអាជ្ញាធរ នៅមូលដ្ឋាន ជាពិសេសអាជ្ញាធរ និងប្រជាពលរដ្ឋក្នុង ស្រុកមេមត់ រួមគ្នារៀបចំ ពិធីបុណ្យរុក្ខទិវា មានសារៈប្រយោជន៍ ដ៍ជ្រាលជ្រៅនៅក្នុង ភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីបង្កើតធនធាន ព្រៃឈើដែលមាន នៅទីនេះ ឲ្យកាន់តែមាន សោភ័ណ្ឌភាពឡើង ថែមទៀតសំដៅជម្រុញ ប្រែក្លាយតំបន់ នៅក្នុងតំបន់ដី សម្បទានសង្គមកិច្ចស្រែលើសែនជ័យ ទៅជាកន្លែងទេសចរណ៍ ដ៏ត្រកាលមួយ ប្រកបទៅដោយទេសភាព ធម្មជាតិសម្បូរបែប ដូចជាមានម្លប់ដើមឈើ ត្រឈឹងត្រឈៃ មានប្រព័ន្ធទឹកហូរ ខួបប្រាំង ខួមវស្សាគួរជាទីមនោរម្យ សម្រាប់បងប្អូន ប្រជាពលរដ្ឋរស់ នៅទីនេះ ក៏ដូចជាសម្រាប់ភ្ញៀវទេសចរណ៍ ដែលរស់នៅក្នុងស្រុក និងរស់នៅក្រៅស្រុក មកទស្សនាលេងកំសាន្ត។

ចប់ប្រសាសន៍សំណេះសំណាល់ ឯកឧត្តម គណៈអធិបតី បានប្រគល់អំណោយជូនដល់ លោក គ្រូ អ្នកគ្រូ ក្នុងម្នាក់ៗ ទទួលបានថវិការ ២ម៉ឺនរៀល សិស្សានុសិស្ស ក្នុងម្នាក់ៗទទួលបាន សៀវភៅ ២ក្បាល ប៊ិច ២ដើម និងថវិការចំនួន ៥ពាន់រៀល និងអញ្ជើញដាំកូនឈើ ជានិមិត្តរូបផងដែរ៕